ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា កោតសរសើរដល់កម្ពុជា ដែលសម្រេចបញ្ជូនមន្ត្រីជំនាញទៅធ្វើការ បណ្តុះបណ្តាលជំនាញដោះមីន ដល់អ៊ុយក្រែន
លោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានថ្លែងកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្រេចបញ្ជូនមន្ត្រីជំនាញបច្ចេកទេសបោសសំអាតមីន ទៅបណ្តុះបណ្តាលអ្នកដោះមីន ដល់អ៊ុយក្រែន។
ការកោតសរសើររបស់ ឯកអគ្គរដ្ឋទូតបារាំង បានធ្វើឡើងក្នុងឱកាសដែលលោករួមជាមួយ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន អញ្ជើញជាអធិបតី បិទវគ្គហ្វឹកហ្វឺនជំនាញគ្រប់គ្រងចម្ការមីនថ្នាក់អាស៊ាន និងតំបន់លើកទី៥ សម្រាប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ក្រោមកិច្ចសហការពីសាធារណរដ្ឋបារាំង និងអូស្ត្រាលី នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ។
លោក Jacques PELLET បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមសរសើរព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជូនអ្នកដោះមីន ទៅប្រទេសអ៊ុយក្រែន ដែលជាប្រទេសរងការវាយប្រហារយ៉ាងសាហាវពីប្រទេសរុស្ស៉ី»។
ទន្ទឹមនឹងនេះ លោក Jacques PELLET បានគូសបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់កងកម្លាំងកម្ពុជា ក្នុងប្របត្តិការរក្សាសន្តិភាព សន្តិសុខ នៅតាមបណ្តាប្រទេសកំពុងជួបវិបត្តិសង្គ្រាម ត្រូវបានទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអង្គការសហប្រជាជាតិ នៅក្នុងបេសកកម្មមនុស្សធម៌របស់ខ្លួន។
លោក Jacques PELLET បានបន្ថែម កម្ពុជាមិនមែនត្រឹមតែបញ្ជូនកងកម្លាំងរបស់ខ្លួនទៅចូលរួមបំពេញសកម្មរក្សាសន្តិភាពនោះទេ ប៉ុន្តែ កងកម្លាំងកម្ពុជា ពោរពេញទៅដោយសមត្ថភាពខ្ពស់ ក្នុងវិស័យដោះមីន ដែលជាគ្រាប់យុទ្ធភ័ណ្ឌដ៏គ្រោះថ្នាក់បំផុតជាដើម។ ដូច្នេះ ទាំងបរិមាណ និងគុណភាពរបស់កងកម្លាំងកម្ពុជា ដែលកំពុងបំពេញប្រតិបត្តិការរបស់ខ្លួន នៅតាមប្រទេសកំពុងរងគ្រោះដោយសារតែភ្លើងសង្គ្រាមនាពេលបច្ចុប្បន្ននេះ គឺបានបង្ហាញពីការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្មផងដែរ។
រាជរដ្ឋាភិបាល បានសម្រេចបញ្ជូនមន្រ្តីជំនាញបច្ចេកទេសអង្គភាពស៊ីម៉ាក់ចំនួន៣រូប ដើម្បីបំពេញបេសកកម្មជាមួយអង្គការសហប្រជាជាតិ ហ្វឹកហ្វឺនជំនាញសកម្មភាពមីន នៅប្រទេសអ៊ុយក្រែន។ នេះបើតាម ការបង្ហើបរបស់ សម្តេចតេជោ ក្នុងពិធីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ៕ សេឌី