ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីផ្សាររាត្រី ទៅអរិយក្សត្រ ជាប្រភេទស្ពានខ្សែកាបយោងខ្ពស់ ប្រើពេលសាងសង់ ៣ឆ្នាំ៩ខែ
អត្ថបទដោយ៖
ជា សេឌី
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ បានបង្ហាញលក្ខណៈពិសេសមួយចំនួន គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលភ្ជាប់ពីផ្សាររាត្រី-ជ្រោយចង្វារ និងពីជ្រោយចង្វារ-អរិយក្សត្រ។
ក្រសួងបញ្ជាល់ថា សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលវិសាលភាពរបស់គម្រោង គឺសាងសង់ស្ពានចំនួន ២ នៅទីតាំង «ផ្សាររាត្រី – ជ្រោយចង្វារ និង ជ្រោយចង្វារ – អរិយក្សត្រ» ជាស្ពានប្រភេទខ្សែកាបយោងខ្ពស់ (Cable-Stayed Bridge) សាងសង់ជា៤គន្លង (4 Lanes) ប្រភេទ A/C, ទទឹងស្ពានមានប្រវែងសរុប ២៧,៥ ម៉ែត្រ និងទទឹងផ្លូវប្រវែង ២២,៥ ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ ម៉ែត្រ, ល្បឿនអតិបរមា ៨០ គ.ម/ម៉ោង។
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េនេះ ត្រូវសាងសង់ស្ពានចំនួន២រួមមាន៖
- ស្ពានទី ១៖ ឆ្លងកាត់ទន្លេសាប ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) មានប្រវែង ១,១៩ គ.ម ។
- ស្ពានទី ២៖ ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) ឆ្ពោះទៅប្រសព្វនឹងផ្លូវលេខ ៣៨០ ឃុំអរិយក្សត្រ (ស្រុកល្វាឯម/ខេត្តកណ្តាល) មានប្រវែង ១,១៨ គ.ម និងផ្លូវតភ្ជាប់ទៅផ្លូវប្រសព្វនឹងផ្លូវលេខ ៣៨០ មានប្រវែង ១,១៧ គ.ម ។ គម្រោងនេះ មានរយៈពេលអនុវត្តចំនួន ៥ ឆ្នាំ ២ ខែ (៦២ ខែ) និងរយៈពេលសាងសង់ចំនួន ៣ ឆ្នាំ ៩ ខែ (៤៧ខែ)។
សូមជម្រាបថា គម្រោងឥណទានទឹកប្រាក់ជាង ២៤៥ លានដុល្លារសម្រាប់សាងសង់ស្ពាន មិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េនេះ ត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ រវាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie Chey ប្រធានតំណាងមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច នៃធនាគារនីហរ័ណ អាហរ័ណកូរ៉េ (EDCF/ Korea Eximbank) ប្រចាំនៅកម្ពុជា ក្រោមអធិបតីភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕ សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។