ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រេសិតពិសេសរបស់ប្រធានអាស៊ានលុបចោលដំណើរទស្សនកិច្ចលើកទី៣ ទៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បានសម្រេចលុបចោលដំណើរទស្សនកិច្ចលើកទី៣ ទៅប្រទេសមីយ៉ាន់ម៉ា ដោយសារតែជាប់រវល់នឹងកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន និងសហភាពអឺរ៉ុប។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ជុំសុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៩ ខែធ្នូនេះថា ការលុបចោលដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រទេសមីយ៉ាន់ម៉ា គឺដោយសារតែជាប់រវល់នឹងកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន និងសហភាពអឺរ៉ុប ហើយដោយសារតែមានឧបសគ្គពេលវេលា ជាពិសេសកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន និងសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល នាពេលខាងមុខ។

ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់ប្រាប់ AMS នាព្រលប់ថ្ងៃទី៩ ខែធ្នូដដែលនេះថា “ពុំមានដំណើរទស្សនកិច្ចលើកទី៣ទេ ពុំមានពេលវេលា ហើយក៏ពុំរំពឹងថានឹងមានលទ្ធផលផ្លែផ្កា”។

សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ បានធ្វើដំណើរទស្សនកិច្ចរទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២។ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំនួនពីរលើក ដោយលើកទី១ ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ និងលើកទី២ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅមីយ៉ាន់ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានអញ្ជើញចូលជួបសាវនាការចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីការអនុវត្ត និងវឌ្ឍនភាពនៃការព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុចរបស់អាស៊ាន ក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមករា ឆ្នាំនេះ។ ដំណើរទស្សនកិច្ចលើកដំបូងនៃប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា មានគោលបំណងដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឈានទៅដល់ការបញ្ចប់អំពើហិង្សា ក៏ដូចជាការអត់ធ្មត់ឱ្យបានខ្ពស់បំផុតពីគ្រប់ភាគីទាំងអស់ ការចែកចាយជំនួយមនុស្សធម៌ ដោយមានការគាំទ្រនិងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ និងលើកទឹកចិត្តឱ្យមានកិច្ចពិគ្រោះយោបល់/កិច្ចសន្ទនានយោបាយ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់៕ ដោយ៖ពលជ័យ

ads banner