អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានរៀបចំពិធីបង្សុកូលនិងរាប់បាត្រឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបខ្មែរក្រហមដែលបានស្លាប់បាត់បង់ជីវិត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានរៀបចំពិធីបង្សុកូលនិងរាប់បាត្រឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបខ្មែរក្រហមដែលបានស្លាប់បាត់បង់ជីវិត នៅបរិវេណ អ.វ.ត.ក ក្រោមអធិបតីភាពឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធារដ្ឋបាលស្តីទីនៃ អ.វ.ត.ក និងលោក ឃ្នុត រ៉ូហ្សិនហក អនុប្រធានការិយាល័យ រដ្ឋបាលនៃ អ.វ.ត.ក ដោយមានការអញ្ជើញចូលរួមពីជនរងគ្រោះនៃរបបខ្មែរក្រហមដែលជាដើមបណ្តឹងរដ្ឋប្បវេណី ព្រមទាំងមន្ត្រីបុគ្គលិកគ្រប់ជាន់ថ្នាក់នៃសាលាក្តីខ្មែរក្រហម។ ជាកម្មវិធីសាសនាដែលជនរងគ្រោះជាដើមបណ្តឹងរដ្ឋប្បវេណីសម្តែងនូវការពេញចិត្តនិងសូមថ្លែងអំណរគុណចំពោះសាលាក្តីខ្មែរក្រហមដែលបានផ្តួចផ្តើមនិងរៀបចំឡើងដើម្បីអនុញ្ញាតឱ្យជនរងគ្រោះនិងមន្ត្រីបុគ្គលិកទាំងអស់ចូលរួមរំឭកវិញ្ញាណក្ខន្ធនិងធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកដែលបានចែកឋានទៅ។

ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក បានថ្លែងអំណរគុណចំពោះជនរងគ្រោះនៃរបបខ្មែរក្រហមទាំងអស់ដែលបានអញ្ជើញចូលរួមពិធីបង្សុកូលនិងរាប់បាត្រនេះដែលជាឱកាសមួយដ៏សំខាន់ក្នុងការធ្វើពិធីបុណ្យរួមគ្នាឧទ្ទិសកុសល ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត។ ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋបាលស្តីទីបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ជនរងគ្រោះក្នុងដំណើរការនីតិវិធីជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងរបបខ្មែរក្រហមក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណីដោយឯកឧត្តមគូសបញ្ជាក់ថា៖ «តួនាទីរបស់ដើមបណ្តឹងរដ្ឋប្បវេណីពិតជាមានសារៈសំខាន់ក្នុងដំណើរការស្វែងរកការពិតនិងយុត្តិធម៌ចំពោះឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម»។

ក្នុងពិធីរាប់បាត្រឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបខ្មែរក្រហមដែលបានស្លាប់បាត់បងជីវិត មានការនិមន្តព្រះសង្ឃចំនួន ៧៩ អង្គដែលតំណាងឱ្យថ្ងៃរំដោះ ៧ មករា ១៩៧៩ និងមានការអញ្ជើញចូលរួមពីសំណាក់ដើមបណនតឹងរដ្ឋប្បវេណីនិងមន្ត្រីបុគ្គលិកនៃសាលាក្តីខ្មែរក្រហម។ ដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់មានសេចក្តីសប្បាយរីករាយនិងបុណ្យកុសលនេះ។ ជាមួយគ្នានេះ ឯកឧត្តម ក្រាញ់ តូនី និងលោក ឃ្នុត រ៉ូហ្សិនហក បានជួបសំណេះសំណាលជាមួយមន្ត្រីបុគ្គលិកនៃសាលាក្តីខ្មែរក្រហមនិងថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះការចូលរួមបម្រើការងារប្រកបដោយគុណភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវជូនសាលាក្តីខ្មែរក្រហមរយៈពេល ១៦ ឆ្នាំមកនេះ ៕ ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner