រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងថា គេបានរកឃើញភាពមិនប្រក្រតីមន្ដ្រីក្រុមប្រឹក្សាឃុំសង្កាត់ ពាក់ព័ន្ធប្រាក់ឧបត្ថម្ភពលរដ្ឋក្រីក្រ (Video Inside)
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា គេបានរកឃើញនូវភាពមិនប្រក្រតីរបស់មន្ដ្រីក្រុមប្រឹក្សាឃុំសង្កាត់មួយចំនួន ពាក់ព័ន្ធការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម ស ខេង ក្នុងលិខិតមួយផ្ញើជូនអភិបាលរាជធានី-ខេត្ត ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៩ ខែធ្នូ បានឲ្យដឹងថា ភាពមិនប្រក្រតីដែលត្រូវបានរកឃើញនោះ រួមមាន ការយកកម្រៃសេវាពីប្រជាពលរដ្ឋដែលមកផ្ទៀងផ្ទាត់ឈ្មោះទទួលប្រាក់ឧបត្ថម្ភ, ការឃុបឃិតនិងបន្លំយកប័ណ្ណសមធម៌ និងកាតវីង ដើម្បីដកយកថវិការបស់អ្នកទទួលផល ពីកម្មវិធីជាដើម។
លិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនបានបញ្ជាក់ចំឈ្មោះថាអំពើមិនប្រក្រីនោះ ជារបស់បុគ្គលណាមួយឡើយ ប៉ុន្តែសម្តេចក្រឡាហោម ស ខេង បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត នូវការងារចាំបាច់មួយចំនួន ដើម្បីធានាបាននូវ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសុចរិតភាពក្នុងការអនុវត្តកម្មវិធីជាតិជំនួយសង្គម ជាពិសេសកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ថាថ្មីៗកន្លងមកនេះ, អង្គភាពប្រឆាំងនឹងអំពើពុករលួយ បានចាប់ខ្លួនស្មៀនសង្កាត់ម្នាក់ក្នុងសង្កាត់តាខ្មៅខេត្តកណ្តាល ក្រោយការរកឃើញ អំពើពុករលួយកេងបន្លំប្រាក់ជាង៧០លានរៀល ដែលជាប្រាក់ជំនួយឧបត្ថម្ភពលរដ្ឋក្រីក្រ ក្នុងពេលជួបវិបត្តិឆ្លងកូវីដ១៩។