ប្រេសិតពិសេសប្រធានអាស៊ានលុបចោលទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា (Video Inside)
ប្រេសិតពិសេសរបស់ប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ាលោក ប្រាក់ សុខុន បានលុបចោលគម្រោងធ្វើទស្សនកិច្ចលើកទី៣ នៅប្រទេសមីយ៉ាន់ម៉ា។ មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី បានថ្លែងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះថា ការលុបចោលដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រី ដោយសារតែជាប់រវល់នឹងកិច្ចប្រជុំកំពូលរំលឹក ខួបអាស៊ាននិងសហភាពអឺរ៉ុប។
លោក ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក្នុងឆ្នាំ២០២២នេះ បានធ្វើទស្សនកិច្ចការងារចំនួន២លើករួចមកហើយក្នុងប្រទេសមីយ៉ាន់ម៉ា។ ទស្សនកិច្ចលើកទី១ បានធ្វើឡើងនៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា និងដំណើរទស្សនកិច្ចលើកទី២ បានធ្វើរវាងពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា។ ប៉ុន្តែដំណើរទស្សនកិច្ច លើកទី៣ដែលគ្រោងធ្វើនៅចុងឆ្នាំនេះ នឹងមិនត្រូវបានធ្វើឡើយ។
មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា «ដោយសារតែមានឧបសគ្គពេលវេលា ជាពិសេសកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន និងសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល នាពេលខាងមុខនេះ ទើបប្រេសិតពិសេសប្រធានអាស៊ាន មិនអាចសម្រេចតាមផែនការ ដែលគ្រោងទុកនោះឡើយ»។