សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បើក មហាសន្និបាត លើកទី១៦ របស់ក្លឹបឆ្នេរ សមុទ្រ ស្អាតបំផុត លើសាកលលោក នៅព្រឹកនេះ

ព្រះសីហនុ៖ តាមការគ្រោងទុក នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីបើកមហាសន្និបាត លើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក នៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ ធ្វើដំណើរតាមរថយន្ត តាមផ្លូវល្បឿន លឿន ពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។ នៅរសៀលថ្ងៃទី៩ធ្នូ សម្តេចតេជោ បានអញ្ជើញ មុជទឹកសមុទ្រ និងថតរូប ជាមួយ ប្រជាពលរដ្ឋ ព្រមទាំង បបង្រៀនក្មេងៗ ហែល ទឹកសមុទ្រយ៉ាងសប្បាយ រីករាយ ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា មហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក ដែលរៀបចំ ឡើង នៅខេត្តព្រះសីហនុ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តី សង្ឃឹម»។ ការដាក់ចេញនូវប្រធានបទនេះ គឺសមស្របទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ន ដែលពិភពលោកទាំងមូលកំពុងប្រឈម នឹងវិបត្តិសាកល ជាច្រើនបន្ថែមពីលើវិបត្តិជំងឺកូវីដ១៩ ជាពិសេសសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ពិភពលោក ទាំងលើផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងសណ្តាប់ធ្នាប់ពិភពលោក ។

មហាសន្និបាត របស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុត លើសាកលលោក ធ្វើឡើងក្នុងពេល កម្ពុជា រៀបចំបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។ មហាសន្និបាតរបស់ក្លឹបឆ្នេរសមុទ្រ ស្អាតបំផុត លើសាកលលោក ជាវេទិកាដ៏សំខាន់មួយ ផ្តល់ឱកាសឱ្យប្រទេសជាសមាជិកក្លឹប បានជួបជជែក និងផ្លាស់ប្តូរបទពិសោធន៍គ្នាលើការគ្រប់ គ្រង ឆ្នេរសមុទ្រ ក៏ដូចជាលើកឡើងនូវបញ្ហាប្រឈមរបស់ពួកគេ ដើម្បីស្វះស្វែងរកដំណោះស្រាយ ក្នុងការគ្រប់គ្រងឆ្នេរប្រកបដោយនិរន្តរភាព និងរក្សាបាននូវភាពស្រស់ស្អាត និងការទាក់ទាញអ្នកទេសចរ។ ជាពិសេសមហាសន្និបាតនេះ ក៏ជាឱកាសក្នុងការផ្សព្វផ្សាយគោលដៅ និងផលិតផលទេសចរណ៍ ផងដែរ។

ឯកឧត្តម ថោង ខុន បានបន្តថា ក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក ត្រូវបានបង្កើតនៅឆ្នាំ១៩៩៧ នាទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្នក្លឹបនេះ មានទីស្នាក់ការនៅទីក្រុងវ៉ាននីស ប្រទេសបារាំង និងមានឆ្នេរសមាជិកចំនួន ៤៤ឆ្នេរ ស្នើនឹង ២៦ប្រទេស។

ឯកឧត្តម រដ្ឋមន្ត្រី បានបន្ថែមថា កម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក ក្នុងមហាសន្និបាត លើកទី៧ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតួបាគួតា ប្រទេសសេណេហ្គាល់។ បន្ទាប់ពីក្លាយជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក នៅឆ្នាំ២០១១ កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះ កាលពីឆ្នាំ២០១៣ នៅរមណីយដ្ឋានឋានសួគ៌បូកគោ ក្នុងខេត្តកំពត។

ឯកឧត្តម ថោង ខុន បានឱ្យដឹងទៀតថា ប្រតិភូក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក ដែលចូលរួមក្នុង មហាសន្និបាតរៀបចំដោយកម្ពុជា មានចំនួនសរុបប្រមាណ ១៣០រូប តំណាងឱ្យឆ្នេរសមុទ្រចំនួន ៣៤ឆ្នេរ មកពីប្រទេសចំនួន ២១ ជុំវិញពិភពលោក។ ប្រតិភូដែលអញ្ជើញចូលរួមមហាសន្និបាត នាពេល នេះ មកពីវៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៊ីស្រាអែល តួកគី បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៊ីល ម៉ាទីនិក (នៅសមុទ្រការីបង់) ម៉ារ៉ុក ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា។ ក្រៅពីនេះ ក៏មានប្រតិភូតំណាង ឱ្យឆ្នេរសង្កេតការណ៍ ៣ទៀត មកពីម៉ាឡេស៊ី ហ្វាំងឡង់ និងប៉ាពូអាស៊ីនូវែលហ្គីណេ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner