សភាអាមេរិក អនុម័តច្បាប់ការពារអាពាហ៍ពិពាហ៍ភេទដូចគ្នា
វ៉ាស៊ីនតោន៖ សភាសហរដ្ឋអាមេរិក ក្នុងថ្ងៃសុក្រសប្តាហ៍នេះ បានអនុម័តច្បាប់ដ៏សំខាន់មួយ ដើម្បីការពារអាពាហ៍ពិពាហ៍ភេទដូចគ្នាក្រោមច្បាប់សហព័ន្ធ ហើយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាថា នឹងចុះហត្ថលេខាលើវិធានការនេះយ៉ាងឆាប់រហ័សបំផុត។
ស្របពេលជាមួយគ្នានេះដែរ លោក ចូ បៃដិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្ងៃនេះសភាបានចាត់វិធានការដ៏សំខាន់មួយ ដើម្បីធានាថា ប្រជាជនអាមេរិកមានសិទ្ធិរៀបការជាមួយមនុស្សដែលខ្លួនស្រលាញ់ ហើយការបោះឆ្នោតទ្វេភាគី នឹងផ្តល់សន្តិភាពផ្លូវចិត្តដល់មនុស្សរាប់លាននាក់ នៃសមាគមន៍ LGBTQI+ និងគូស្វាមីភរិយាអន្តរជាតិសាសន៍ ដែលបច្ចុប្បន្នត្រូវបានធានាសិទ្ធិ និងការការពារពួកគេ រួមទាំងកូនៗរបស់ពួកគេ។
បន្ថែមលើនេះ លោក បៃដិន បានចាត់ទុកសមភាពអាពាហ៍ពិពាហ៍ជាអាទិភាពមួយ ក្នុងចំណោមអាទិភាពនីតិបញ្ញត្តិរបស់លោក ដោយបង្ហាញអារម្មណ៍មោទនភាពក្នុងការចុះហត្ថលេខា ខណៈដែលអ្នកប្រជាធិបតេយ្យ និងបុគ្គលដទៃទៀតក៏បានស្វាគមន៍ការបោះឆ្នោតជាប្រវត្តិសាស្ត្រនេះផងដែរ ៕ ប្រភព៖ AFP ដោយ៖ ទីណា និងបុត្រា