ប្រាក់ចំណូលរបស់ឧស្សាហកម្មដឹកជញ្ជូនកូរ៉េខាងត្បូង កើនឡើង ២៧.៦% ក្នុងឆ្នាំ២០២១

សេអ៊ូល៖ ប្រាក់ចំណូលសម្រាប់ឧស្សាហកម្មដឹកជញ្ជូនរបស់កូរ៉េខាងត្បូងបានកត់ត្រានូវកំណើនពីរខ្ទង់កាលពីឆ្នាំមុន ដោយសារស្ថានភាពសេដ្ឋកិច្ចហាក់ប្រសើរឡើង ហើយតម្រូវការដឹកជញ្ជូនកាន់តែខ្ពស់។ នេះបើតាទិន្នន័យរបស់ការិយាល័យស្ថិតិរបស់កូរ៉េខាងត្បូង ក្នុងថ្ងៃសុក្រទី០៩ ខែធ្នូ ឆ្នាំ២០២២។

ប្រាក់ចំណូលរបស់ឧស្សាហកម្មដឹកជញ្ជូនមានចំនួន ១៩៣.៣ទ្រីលានវ៉ុន ឬប្រមាណ ១៤៨.៥ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ កើនឡើង ២៧.៦ភាគរយ បើធៀបនឹងឆ្នាំមុន ដែលវាជាការកើនឡើងលឿនបំផុតក្នុងរយៈពេល ៤០ឆ្នាំចាប់តាំងពីឆ្នាំ១៩៨១។

ការហក់ឡើងដល់ចំនួនពីរខ្ទង់នេះ ត្រូវបានសន្មត់ថា ទទួលបានពីការកើនឡើងនៃការនាំចេញ និងការនាំចូល ក៏ដូចជាតម្រូវការចែកចាយកាន់តែខ្លាំង ចំពេលមានការងើបឡើងវិញនៃសេដ្ឋកិច្ច។ ចំនួនអាជីវកម្មដឹកជញ្ជូនបានកើនឡើង ៤.២ភាគរយក្នុងមួយឆ្នាំនៅឆ្នាំ២០២១ ខណៈពេលដែលចំនួនអ្នកធ្វើការក្នុងវិស័យឧស្សាហកម្ម បានកើនឡើង ៤.៥ភាគរយ។

ប្រាក់ចំណូលសម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវសមុទ្របានកើនឡើង ៦៣.៥ភាគរយដល់ទឹកប្រាក់ ៤៦.៥ទ្រីលានវ៉ុន ឬប្រមាណ ៣៥.៧ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។ ចំណែកប្រាក់ចំណូលសម្រាប់សេវាកម្មឃ្លាំង និងការដឹកជញ្ជូនកើនឡើង ៣៤.១ភាគរយ ការដឹកជញ្ជូនតាមផ្លូវគោកកើនឡើង ១០.៧ភាគរយ និងការដឹកជញ្ជូនតាមផ្លូវអាកាសកើនឡើង ១៦.៨ភាគរយ ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner