ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ៖ រយៈពេល២ថ្ងៃ ក្នុងពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ មានអ្នកចូលទស្សនា ៤៦ម៉ឺននាក់
ព្រះសីហនុ៖ រយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២២ នៃព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាប្រមាណ៤៦ម៉ឺននាក់។ នេះបើតាមលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដែលបានថ្លែងប្រាប់ នៅថ្ងៃទី១១ ខែធ្នូ ឆ្នំា២០២២។
ពិធីបុណ្យបើកជាផ្លូវការត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា នារាត្រីថ្ងៃទី១០ ខែធ្នូ រួមជាមួយការថ្លែងសុន្ទរកថា ពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយផ្ដោតលើចំណុចជាច្រើន ក៏ដូចជាការសម្ដែងសិល្បៈរបស់សិល្បករជាតិ និងសិល្បករអន្តរជាតិ (ឥណ្ឌា ម៉ាឡេស៉ី ថៃ វៀតណាមជាដើម) ការសម្ដែងរបាំ និងសិល្បចម្រៀងប្រពៃណីជាដើម។
លោក តាំង សុចិត្រគ្រឹស្នា ប្រធាន មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងថា «រយៈពេល២ថ្ងៃដំបូងនៃពិធីបុណ្យសមុទ្រ គឺមានភ្ញៀវទេសចរននិងប្រជាពលរដ្ឋចូលរួមកម្សាន្តប្រមាណ៤៦ម៉ឺននាក់ ក្នុងនោះថ្ងៃទី១ (ថ្ងៃទី៩) មានភ្ញៀវប្រមាណ១៦ម៉ឺននាក់ និងថ្ងៃទី២ (ថ្ងៃទី១០) ដែលជាថ្ងៃបើកពិធីបុណ្យសមុទ្រជាផ្លូវការនោះមានភ្ញៀវនិងប្រជាពលរដ្ឋចូលរួមកម្សាន្តប្រមាណ៣០ម៉ឺននាក់»។
លោក តាំង សុចិត្រគ្រឹស្នា បានបន្តថា បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងព្រឹត្តិការបុណ្យសមុទ្រនេះ គឺមិនមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ ខណៈការធ្វើដំណើរនៅតាមដងផងគឺមានការមមាញឹកបន្តិច។
លោកប្រធានមន្ទីរបានបន្ថែមថា នៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនេះដែរ ក៏មានឆាកប្រគំតន្ត្រី៥ឆាកធំៗនៅតាមបណ្ដោយឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ និងសកម្មភាពកម្សាន្តជាច្រើនទៀត ដែលបានជួយទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន ។ ក្រៅពីនេះក៏មានការតាំងពិព័រណ៍សមិទ្ធផលនានា គម្រោងអភិវឌ្ឍតំបន់ឆ្នេរ និងផលិតផលខ្មែរ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងផលិតផលបរទេស និងមហោស្រពម្ហូបអាហារនិងភេសជ្ជៈ នៅទីលាតេជោ សរុបទាំងអស់មានចំនួន៣០០ស្ដង់។
គួរជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៩នេះរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ អមជាមួយនឹងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»៕ដោយ: សេឌី