លោក ហ្សេលេនស្គី និងប្រធានាធិបតីតួកគីពិភាក្សាអំពីការពង្រីកវិសាលភាពនៃកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ និងជម្លោះអ៊ុយក្រែន-រុស្ស៊ី
អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ និងសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃអាទិត្យសប្តាហ៍មុននេះ បានពិភាក្សាតាមទូរស័ព្ទអំពីការពង្រីកវិសាលភាព នៃកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ និងជម្លោះអ៊ុយក្រែន-រុស្ស៊ី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីតួកគី។
លោក អឺដូហ្កាន់ បានប្រាប់លោក ហ្សេលេនស្គី ថា តួកគីនឹងបន្តធ្វើការឆ្ពោះទៅរកការបំពេញតម្រូវការផ្នែកមនុស្សធម៌របស់ប្រជាជនអ៊ុយក្រែន នៅក្នុងរដូវរងាដ៏លំបាក។ លោកថា ច្រករបៀងគ្រាប់ធញ្ញជាតិអាចត្រូវបានពង្រីក ដើម្បីរួមបញ្ចូលផលិតផលស្បៀងអាហារផ្សេងៗគ្នា និងទំនិញផ្សេងទៀត។
បន្ថែមលើនេះ លោក អឺដូហ្កាន់ ក៏បានសម្តែងក្តីសង្ឃឹមផងដែរ សម្រាប់ការឈានទៅរកដំណោះស្រាយ ជុំវិញបញ្ហារោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា នៅភាគខាងត្បូងអ៊ុយក្រែន។
សូមរម្លឹកថា កាលពីថ្ងៃទី២២ ខែកក្កដាកន្លងទៅ រុស្ស៊ី និងអ៊ុយក្រែនបានចុះហត្ថលេខាដាច់ដោយឡែកពីគ្នា នៅក្នុងឯកសារមួយនៅទីក្រុងអ៊ីស្តង់ប៊ុល ជាមួយភាគីតួកគី និងអង្គការសហប្រជាជាតិ ដើម្បីធានាការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ និងជីទៅកាន់ទីផ្សារពិភពលោក ចំពេលមានជម្លោះរុស្ស៊ី-អ៊ុយក្រែន៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា