អ្នកជំនាញចិនថា កូវីដ១៩ រីករាលដាលយ៉ាងឆាប់រហ័ស ជាមួយនឹងវិធានការបន្ធូរបន្ថយ

អត្ថបទដោយ៖
Charlie Chan

ចិន៖ អ្នកជំនាញផ្នែកសុខភាពកំពូលម្នាក់របស់ចិន បានព្រមាន ពីការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីរដ្ឋាភិបាល ប្រកាសពីវិធានការបន្ធូរបន្ថយមួយចំនួន។ នេះបើតាមសេចក្តី រាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅថ្ងៃអាទិត្យ ទី១១ ធ្នូ ឆ្នាំ ២០២២។

ហាងនិងភោជនីយដ្ឋាននានាក្នុងទីក្រុងប៉េកាំងត្រូវបានទុកចោល ដោយសារមានការភ័យខ្លាចអំពីការរីករាលដាលនៃជំងឺកូវីដ ក្រោយរដ្ឋអំណាច សម្រេចកាត់បន្ថយការធ្វើតេស្តទ្រង់ទ្រាយធំ អនុញ្ញាតឱ្យអ្នកជំងឺកូវីដដែលមានគ្មានអាការៈជំងឺអាចធ្វើចត្តាឡីស័កនៅផ្ទះបាន និងបញ្ចប់វិធានការបិទខ្ទប់ទ្រង់ទ្រាយធំ។

លោក ឆុង ណានឆេន (Zhong Nanshan) អ្នកជំនាញខាង រោគរាតត្បាតកំពូលម្នាក់របស់ចិន បាននិយាយប្រាប់ប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា វីរុសអូមីក្រុងដែលកំពុងរីករាលដាល នៅក្នុងប្រទេសចិនគឺអាចឆ្លងបានខ្លាំង ហើយអាចនាំឱ្យ មាន ការកើនឡើងនៃករណីឆ្លងខ្ពស់។
«ការឆ្លងអូមីក្រុងបច្ចុប្បន្ន … គឺឆ្លងខ្លាំងណាស់ … មនុស្សម្នាក់ អាចចម្លងទៅកាន់មនុស្ស ២២នាក់»។ នេះគឺជាការលើកឡើងរបស់អ្នកជំនាញ ឆុង ដែលជាទីប្រឹក្សា ជាន់ ខ្ពស់មួយរូបរបស់រដ្ឋាភិបាលចិន។

«បច្ចុប្បន្ន ជំងឺរាតត្បាតនៅចិនកំពុងរីករាលដាល យ៉ាងឆាប់ រហ័ស ហើយក្នុងកាលៈទេសៈបែបនេះ ទោះបីជាការការពារ និងការគ្រប់គ្រងខ្លាំងប៉ុណ្ណាក៏ដោយ ក៏វានឹងពិបាកក្នុងការកាត់ ផ្តាច់ខ្សែច្រវាក់ឆ្លងទាំងស្រុងដែរ»។

ការបន្ធូរបន្ថយគោលនយោបាយសូន្យកូវីដរបស់ចិន ធ្វើឡើង ក្រោយផ្ទុះមានការតវ៉ានៅទូទាំងប្រទេសប្រឆាំងនឹងវិធានការកូវីដដ៏តឹងតែង ដែលបានបំផ្លាញសេដ្ឋកិច្ច និងបង្ខាំងមនុស្សរាប់ លាន នាក់ឱ្យនៅតែក្នុងផ្ទះរបស់ពួកគេ។ ឥឡូវនេះ ចិនកំពុងប្រឈមមុខនឹងការកើនឡើងនៃករណីឆ្លង។ នៅក្នុងប្រទេសចិន មនុស្សចាស់រាប់លាននាក់នៅមិនទាន់ បាន ចាក់វ៉ាក់សាំងពេញលេញ ហើយមន្ទីរពេទ្យដែលខ្វះថវិកាគ្មាន លទ្ធភាពទទួលអ្នកជំងឺក្នុងចំនួនច្រើនបានទេ។

ប្រធាននាយកដ្ឋានកិច្ចការវេជ្ជសាស្រ្តនៃគណៈកម្មាធិការសុខភាពជាតិ បាននិយាយថាវេជ្ជបណ្ឌិតចំនួន ១០៦ ០០០នាក់ និងគិលានុបដ្ឋាយិកា ១៧៧ ៧០០នាក់ នឹងត្រូវបញ្ជូនទៅ អង្គភាពថែទាំអ្នកជំងឺឈឺធ្ងន់ដើម្បីទប់ស្កាត់កុំឱ្យចំនួនអ្នកកើតកូវីដកើនឡើង។ ប៉ុន្តែ មន្ត្រីរូបនេះមិនបានផ្តល់ព័ត៌មាន លម្អិត ឡើយ ទាក់ទងចំណុចថាតើចំនួនអ្នកជំងឺកូវីដកើនឡើង នឹង ប៉ះពាល់ដល់សមត្ថភាពនៃប្រព័ន្ធសុខាភិបាលក្នុងការព្យាបាលអ្នកជំងឺផ្សេងទៀតយ៉ាងណានោះ៕
ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖
Top China Expert Says COVID ‘Spreading Rapidly’ After Rules Easing

ads banner