សង្គ្រាមអ៊ុយក្រែន៖ អាមេរិកចោទអ៊ីរ៉ង់ថាជាអ្នក គាំទ្រផ្នែក យោធាកំពូលរបស់រុស្ស៊ី

អាមេរិក៖ សហរដ្ឋអាមេរិកបានអះអាងថា ទំនាក់ទំនងរបស់រុស្ស៊ី និងអ៊ីរ៉ង់ បានឡើងដល់ចំណុចដែលអាចហៅថាជាដៃគូលើ វិស័យការពារជាតិដ៏សំខាន់ ខណៈរុស្ស៊ីកំពុងផ្ដល់ការគាំទ្រ ផ្នែកយោធា ក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក។ នេះបើតាមអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ឃឺរប៊ី ដែលបានឱ្យដឹងកាលពីសប្ដាហ៍មុន។

លោក ឃឺរប៊ី បានបន្ថែមថា សហរដ្ឋអាមេរិកបានឃើញ របាយការណ៍ដែលថា ប្រទេសទាំងពីរកំពុងពិចារណាការ ផលិតយន្តហោះគ្មានមនុស្សបើក (ដ្រូន) រួមគ្នា។
ការចោទអះអាងបែបនេះធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនបានចោទប្រកាន់អ៊ីរ៉ង់ថា បានផ្គត់ផ្គង់រុស្ស៊ីនូវដ្រូនប្រភេទ «kamikaze» ដែលរុស្ស៊ីប្រើក្នុងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំនៅទូទាំងប្រទេសអ៊ុយក្រែន កាលពីពាក់កណ្ដាលខែតុលា។

អ៊ីរ៉ង់ និងរុស្ស៊ីកាលពីដំបូងឡើយ បានច្រានចោលការចោទ ប្រកាន់ ប៉ុន្តែក្រោយមក អ៊ីរ៉ង់បានទទួលស្គាល់ថា ខ្លួនបាន បញ្ជូនដ្រូនទៅឱ្យរុស្ស៊ីជាច្រើនខែមុនពេលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន។ យ៉ាងណាមិញ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមៀរ ហ្សេលេនស្គី បានវាយបកទៅវិញថា អ៊ីរ៉ង់កុហក ហើយថាដ្រូនអ៊ីរ៉ង់ច្រើនណាស់ ដែលរុស្ស៊ីប្រើសម្រាប់ការវាយ ប្រហារដែលផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។

លោក ឃឺរប៊ី បានថ្លែងកាលពីថ្ងៃសុក្រថា រុស្ស៊ីកំពុងស្វែងរកកិច្ច សហប្រតិបត្តិការជាមួយអ៊ីរ៉ង់លើវិស័យដូចជា ការអភិវឌ្ឍអាវុធ ការបណ្តុះបណ្តាលយោធា ហើយសហរដ្ឋអាមេរិកបារម្ភថា រុស្ស៊ីមានបំណង «ផ្តល់ឱ្យអ៊ីរ៉ង់នូវសមាសធាតុយោធា កម្រិត ខ្ពស់» រួមទាំងឧទ្ធម្ភាគចក្រ និងប្រព័ន្ធការពារដែនអាកាស។លោកបន្តថា ភាពជាដៃគូរវាងអ៊ីរ៉ង់ និងរុស្ស៊ី ក្នុងការផលិតដ្រូន នឹងបង្កគ្រោះថ្នាក់ដល់អ៊ុយក្រែន ប្រទេសជិតខាងរបស់អ៊ីរ៉ង់ និងសហគមន៍អន្តរជាតិ។

លោក ឃឺរប៊ី បានថ្លែងយ៉ាងដូច្នេះទៀតថា៖ «អ៊ីរ៉ង់បានក្លាយ ជាអ្នកគាំទ្រយោធាកំពូលរបស់រុស្ស៊ី។

រុស្ស៊ីបាននឹង កំពុង ប្រើប្រាស់ដ្រូនអ៊ីរ៉ង់ ដើម្បីវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ដែលធ្វើឱ្យប្រជាជនអ៊ុយក្រែន រាប់លាននាក់ គ្មានអគ្គិសនី កំដៅ និងសេវាកម្មសំខាន់ៗប្រើ ប្រាស់។ ប្រជាជនអ៊ុយក្រែនឥឡូវនេះ កំពុងតែស្លាប់ដោយ សារសកម្មភាពរបស់អ៊ីរ៉ង់»។

ស្រដៀងនឹងការលើកឡើងរបស់លោក ឃឺរប៊ី ដែរ រដ្ឋមន្ត្រីការ បរទេសអង់គ្លេស លោក James Cleverly បាននិយាយថា អ៊ីរ៉ង់បានក្លាយជាអ្នកគាំទ្រយោធាដ៏សំខាន់មួយរបស់រុស្ស៊ី ហើយថាទំនាក់ទំនងរវាងប្រទេសទាំង២កំពុងគំរាមកំហែងដល់សន្តិសុខពិភពលោក។ លោកអះអាងថា «កិច្ចព្រមព្រៀង ដ៏ ទុច្ចរិត» របស់ពួកគេ តម្រូវឱ្យអ៊ីរ៉ង់បញ្ជូនដ្រូនរាប់រយគ្រឿង ទៅរុស្ស៊ី ហើយជាថ្នូរមកវិញ រុស្ស៊ីត្រូវផ្ដល់ជំនួយផ្នែកយោធា និងបច្ចេកទេសដល់អ៊ីរ៉ង់។

លោក Cleverly បន្ថែមថា ចក្រភពអង់គ្លេសបានយល់ ស្របដូចគ្នានឹងសហរដ្ឋអាមេរិកថា ការគាំទ្ររបស់អ៊ីរ៉ង់លើ វិស័យ យោធារុស្ស៊ីនឹងកើនឡើងនៅក្នុងប៉ុន្មានខែខាងមុខ ខណៈរុស្ស៊ីព្យាយាមប្រមូលអាវុធបន្ថែមទៀត រួមទាំង មីស៊ីលផ្លោងរាប់រយដើម ដើម្បីប្រឆាំងនឹងអ៊ុយក្រែន។

គួរគូសបញ្ជាក់ថា ការផ្គង់ផ្គង់សព្វាវុធឱ្យរុស្ស៊ីរបស់អ៊ីរ៉ង់ បង្កជាការដាក់ទណ្ឌកម្មជាបណ្ដាញពីលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ដែលកំណត់គោលដៅលើក្រុមហ៊ុន ឬបុគ្គលពាក់ព័ន្ធរបស់អ៊ីរ៉ង់។

កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ អូស្ត្រាលីបានប្រកាសថា ខ្លួនបានដាក់ទណ្ឌកម្មលើជនជាតិអ៊ីរ៉ង់បីនាក់ និងអាជីវកម្ម អ៊ីរ៉ង់មួយ សម្រាប់ការផ្គត់ផ្គង់ដ្រូនឱ្យរុស្ស៊ី ដើម្បីប្រើប្រាស់ ប្រឆាំងនឹងអ៊ុយក្រែន៕
ដោយៈហួន ឌីណា
ប្រភព៖ US says Iran now Russia’s ‘top military backer’

ads banner