នាយករដ្ឋមន្ត្រីស្តីទី៖ កម្ពុជាបានផ្តល់តម្លៃខ្ពស់លើការអភិវឌ្ឍវិស័យសាសនា

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានបញ្ជាក់ថា កម្ពុជាបានផ្តល់តម្លៃខ្ពស់លើការអភិវឌ្ឍវិស័យសាសនា ដែលក្នុងនោះមានការគោរពសេរីភាពខាងជំនឿ និងសាសនា ការលើកស្ទួយ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត ដើម្បីសាមគ្គីភាព និងសុខដុមរមនានៃសង្គមជាតិ ក្នុងនោះរាជរដ្ឋាភិបាល បន្តលើកទឹកចិត្តធ្វើឱ្យវត្តអារាម និងវិហារសាសនាផ្សេងៗទៀត ជាមជ្ឈមណ្ឌលអប់រំ ប្រជាពលរដ្ឋទូទៅ ឲ្យមានស្មារតី និងទឹកចិត្តប្រកបដោយធម៌ មិនប្រកាន់អំពើហិង្សា មិនរើសអើងពណ៌សម្បុរ មានស្មារតីសាមគ្គី រាប់អានគ្នាយ៉ាងទូលំទូលាយក្នុងសង្គម មានសកម្មភាពយ៉ាងសកម្មចូលរួមអភិរក្ស និងអភិវឌ្ឍន៍សង្គមជាតិ លើគ្រប់វិស័យ។

ការបញ្ជាក់នេះ ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣០ ប្រចាំឆ្នាំ២០២២ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ។

សម្ដេចក្រឡាហោម ស ខេង ក្នុងព្រះបរមនាម នៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានមានប្រសាសន៍ថា អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ជាវេទិកាជួបជុំដ៏មានសារសំខាន់មួយ ដើម្បីផ្ដល់នូវកាលានុវត្តភាពក្នុងការពិគ្រោះ ពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាបច្ចុប្បន្ន ដែលជាកត្តាចាំបាច់សម្រាប់អនុវត្តនាឆ្នាំបន្តបន្ទាប់ ជាពិសេសបានផ្តល់ជាឱកាសសម្រាប់ជជែកពិភាក្សាស្វែងរកនូវចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីចៀសវាងនូវចំណុចអសកម្មមួយចំនួន និងបង្កើននូវ វឌ្ឍនភាពក្នុងមជ្ឈមណ្ឌលព្រះពុទ្ធសាសនា។

សម្ដេចនាយករដ្ឋមន្ត្រីស្ដីទី បានកោតសរសើរ ក្រសួងធម្មការ និងសាសនា និងគណៈសង្ឃទាំងពីរគណៈ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ស្របទៅនឹងការវិវឌ្ឍន៍ របស់សង្គមជាតិនាពេលបច្ចុប្បន្ន និងបានបន្ថែមថា«ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ មានក្តីរីករាយ ដោយបានឃើញនូវកម្លាំងមហាសាមគ្គីធម៌របស់ព្រះសង្ឃទាំងពីរគណៈ និងពុទ្ធសាសនិក ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះមហាសង្ឃរាជ និងសម្តេច ព្រះសង្ឃនាយកទាំងពីរគណៈ នៃព្រះរាជាណាចក្រកម្ពុជា»។

សម្ដេចប្រធានគណៈអធិបតី បានគូសបញ្ជាក់ទៀតថាឈរលើមូលដ្ឋាន នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងមានចក្ខុវិស័យវែងឆ្ងាយ គ្រប់ជ្រុងជ្រោយ បានធ្វើឱ្យប្រទេសជាច្រើននៅជំវិញពិភពលោក បន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា ជាក់ស្ដែងនៅក្នុងឆ្នាំ២០២២នេះ គណៈប្រតិភូជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តាប្រទេសជាច្រើន បានមកបំពេញទស្សនកិច្ចផ្លូវការជាបន្តបន្ទាប់៕
ដោយ៖ពលជ័យ

ads banner