ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តនៃមូលនិធិភ្នែកអូស្ត្រាសី បញ្ចប់ការពិនិត្យ និងព្យាបាល ជំងឺភ្នែកជូន ពលរដ្ឋក្នុងខេត្តកំពង់ចាម និងបន្តនៅឆ្នាំក្រោយទៀត
ភ្នំពេញ ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមូលនិធិភ្នែក របស់អូស្រ្តាលី និងក្រុមគ្រូពេទ្យបងប្អូនខ្មែរយើងដែលរស់ នៅប្រទេសអូស្រា្តលី បានអញ្ជើញចូលជួបសម្តែងការគួសមជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្រោយពីបញ្ចប់បេសកកម្មពិនិត្យ និងព្យាបាលជម្ងឺភ្នែកឡើងបាយដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋកម្ពុជា រយៈពេល ១សប្តាហ៍។
លោកស្រីវេជ្ជបណ្ឌិត លីហ្សា បានមានប្រសាសន៍ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមូលនិធិភ្នែកអូស្ត្រាលី ដែលមកពិនិត្យ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋកម្ពុជា ពិសេសពលរដ្ឋក្នុងខេត្តកំពង់ចាម មានចំនួន ៦៨នាក់ ដោយបានពិនិត្យ និងព្យាបាលជម្ងឺភ្នែកឡើងបាយជូនប្រជាពលរដ្ឋចំនួន ២៧០០នាក់ និងអ្នកជម្ងីត្រចៀកមានចំនួន ៤០២នាក់។
លោកស្រីសន្យាថា នៅឆ្នាំក្រោយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមូលនិធិភ្នែករបស់អូស្ត្រាលី នឹងមកពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋកម្ពុជាបន្តទៀត។
តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមូលនិធិភ្នែករបស់អូស្ត្រាលីដែលបានមកពិនិត្យ និងព្យាបាលជម្ងឺភ្នែកឡើងបាយជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ ដែលជាការរួមចំណែករំលែកនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជាបានមួយផ្នែកធំ ហើយក៏បានជាកុសលល្អផងដែរក្នុងផ្លូវព្រះពុទ្ធសាសនា ដែលយើងបានជួយប្រជាជនឱ្យចៀសផុតពីពិការភាពជំងឺភ្នែកទ្បើងបាយ ឱ្យមានភ្នែកភ្លឺ អាចមើលឃើញពីការអភិវឌ្ឍប្រទេសជាតិ និងសង្គមជាតិនៅពេលបច្ចុប្បន្ន និងអនាគត ៕សេឌី

