លោក ហ្សេលេនស្គី និងមេដឹកនាំបារាំងពិភាក្សាអំពីសន្និសិទអន្តរជាតិទីក្រុងប៉ារីស ក្នុងសប្តាហ៍នេះ ដើម្បីជួយដល់អ៊ុយក្រែន
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃអាទិត្យម្សិលមិញបានសន្ទនាគ្នាតាមទូរស័ព្ទ ដើម្បីបញ្ចប់ការត្រៀមរៀបចំសម្រាប់សន្និសីទអន្តរជាតិនៅទីក្រុងប៉ារីស ដែលនឹងចាប់ផ្តើមនៅថ្ងៃអង្គារសប្តាហ៍នេះ ដោយអ្នកចូលរួមនឹងពិភាក្សាអំពីវិធានការនានា ដែលត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីការពារប្រជាជនអ៊ុយក្រែនពីការឈ្លានពានរបស់រុស្ស៊ីក្នុងរដូវរងារ ។
លោក ម៉ាក្រុង បានពន្យល់នៅក្នុងសារមួយដែលបានបង្ហោះនៅលើគណនី Twitter របស់គាត់ថា យើងបានរៀបចំសន្និសីទអន្តរជាតិមួយ ដែលបារាំងកំពុងរៀបចំនៅថ្ងៃអង្គារសប្តាហ៍នេះ។ ដំណាក់កាលដំបូងនៃសន្និសីទអន្តរជាតិនេះ នឹងមានការចូលរួមវេទិកាទ្វេភាគីមួយរវាងបារាំង-អ៊ុយក្រែន ព្រមទាំងក្រុមហ៊ុនបារាំងដែលចូលរួមក្នុងការកសាងប្រទេសអ៊ុយក្រែនឡើងវិញ។
ចំណែកលោក ហ្សេលេនស្គី បាននិយាយថា ការពិភាក្សារវាងគាត់ និងលោក ម៉ាក្រុង បានផ្តោតលើការអនុវត្តផែនការសន្តិភាពនៅអ៊ុយក្រែន កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងស្ថិរភាពថាមពល ដោយលោកនឹងថ្លែងសន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងអំឡុងសន្និសីទអន្តរជាតិនេះ។
បើតាមវិមានអេលីហ្សេរបស់ប្រទេសបារាំង សន្និសីទអន្តរជាតិខាងលើនេះ នឹងមានការចូលរួមដោយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងរដ្ឋមន្ត្រីមកពី៤៧ប្រទេស ព្រមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស ផងដែរ ខណៈដែលអ៊ុយក្រែននឹងបញ្ជូនអ្នកតំណាងមកចូលរួមដោយផ្ទាល់ គឺ លោកនាយករដ្ឋមន្ត្រី ដេនីស ស្មីហាល់ ៕ ប្រភព៖ News 360 ដោយ៖ ទីណា និងបុត្រា



