សហភាពអឺរ៉ុបបញ្ចេញកញ្ចប់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់

ព្រុចសែល៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានព្រមព្រៀងគ្នាលើការដាក់ទណ្ឌកម្មថ្មី ដែលផ្តោតលើមន្ត្រីជាន់ខ្ពស់ និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយរដ្ឋកំពូលរបស់អ៊ីរ៉ង់ ពាក់ព័ន្ធនឹងការបាតុកម្មនាពេលថ្មីៗនេះនៅក្នុងប្រទេសអ៊ីរ៉ង់ ។

ក្រុមរដ្ឋមន្ត្រីការបរទេសក៏បានដាក់ទណ្ឌកម្មលើបុគ្គល ដែលពួកគេជឿជាក់ថា មានទំនាក់ទំនងនឹងការផ្គត់ផ្គង់យន្តហោះដ្រូនប្រយុទ្ធដល់រុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងជម្លោះរបស់ខ្លួនជាមួយអ៊ុយក្រែន។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំនៃក្រុមប្រឹក្សាកិច្ចការបរទេសសហភាពអឺរ៉ុប។

ទន្ទឹមគ្នា ក្រុមប្រឹក្សាបានបន្ថែមបុគ្គលចំនួន ២០រូប និងអង្គភាពមួយទៀតទៅក្នុងបញ្ជីអ្នកដែលទទួលរងនូវវិធានការរឹតត្បិត ក្នុងបរិបទនៃរបបទណ្ឌកម្មសិទ្ធិមនុស្សអ៊ីរ៉ង់ដែលមានស្រាប់ ។ ជាមួយគ្នានេះ ក្រុមប្រឹក្សាក៏បានបន្ថែមបុគ្គលចំនួន៤រូប និងអង្គភាពចំនួន ៤ទៀតទៅក្នុងបញ្ជីនៃអ្នកដែលទទួលរងនូវវិធានការរឹតត្បិតសម្រាប់បំផ្លាញ ឬគំរាមកំហែងដល់បូរណភាពទឹកដី, អធិបតេយ្យភាព និងឯករាជ្យភាពរបស់អ៊ុយក្រែន ។

គួរបញ្ជាក់ថា វិធានការរឹតត្បិតរួមមានការបង្កកទ្រព្យសកម្ម, ការហាមឃាត់ការធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប និងការហាមឃាត់រាល់មូលនិធិ ឬធនធានសេដ្ឋកិច្ចរបស់ជនទាំងឡាយដែលស្ថិតក្នុងបញ្ជីទណ្ឌកម្ម។ ការបញ្ចេញកញ្ចប់ទណ្ឌកម្មថ្មីនេះធ្វើឡើងក្នុងថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ពីការដាក់ទណ្ឌកម្មកាលពីថ្ងៃទី១៧ ខែតុលា, ថ្ងៃទី២០ ខែតុលា និងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner