អ៊ីរ៉ង់ដាក់ទណ្ឌកម្មមន្រ្តីអឺរ៉ុប និងអង់គ្លេស ដោយចោទប្រកាន់ពីបទគាំទ្រអំពើភេរវកម្មប្រឆាំងនឹងអ៊ីរ៉ង់

តេហេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ ក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានដាក់ទណ្ឌកម្មថ្មីលើបុគ្គល និងស្ថាប័នមួយចំនួនមកពីសហភាពអឺរ៉ុប និងអង់គ្លេស សម្រាប់ការគាំទ្រដោយចេតនាចំពោះក្រុមភេរវករ និងអំពើភេរវកម្មប្រឆាំងនឹងអ៊ីរ៉ង់ ។

នៅក្នុងសេចក្តីថ្លែងការណ៍ចំនួនពីរ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន ក្រសួងការបរទេសអ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួនបានដាក់ទណ្ឌកម្មមន្ត្រី និងស្ថាប័នរបស់សហភាពអឺរ៉ុប ព្រមទាំងមន្រ្តីអង់គ្លេសសម្រាប់សកម្មភាពដោយចេតនារបស់ពួកគេ ក្នុងការគាំទ្រដល់អំពើភេរវកម្ម ក៏ដូចជាញុះញង់ឱ្យមានអំពើភេរវកម្ម អំពើហិង្សា និងការស្អប់ខ្ពើមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ។

បើតាមសេចក្តីថ្លែងការណ៍ ទណ្ឌកម្មខាងលើនេះនឹងហាមឃាត់បុគ្គលគោលដៅមិនឱ្យទទួលបានទិដ្ឋាការ និងចូលប្រទេសអ៊ីរ៉ង់ ហើយក៏នឹងបង្កកទ្រព្យសម្បត្តិ និងគណនីធនាគាររបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ ។

ស្របពេលជាមួយគ្នានោះដែរ អ៊ីរ៉ង់ក៏បានចោទប្រកាន់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនផ្សេងទៀតថា បានញុះញង់ឱ្យមានកុប្បកម្ម និងគាំទ្រពួកភេរវករនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីនាង ម៉ាស់សា អាមីនី អាយុ២២ឆ្នាំបានស្លាប់នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស កាលពីថ្ងៃទី១៦ ខែកញ្ញា ដែលបានក្លាយទៅជាបញ្ហាប្រឈមដ៏ខ្លាំងក្លាបំផុតមួយ ចំពោះការដឹកនាំរបស់មេដឹកនាំអ៊ីរ៉ង់ចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧៩ ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner