អភិបាលខេត្តកំពត ៖ តួនាទី ជាអម្រែក ខាងមុខរែករាស្រ្ត និងខាងក្រោយ រែកច្បាប់ ដើម្បីភាពសុខសាន្ត និង កក់ក្តៅ ជូនដល់គាត់

ខេត្តកំពត ៖ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ថ្លែងថា ៖ តួនាទី ជាអម្រែក ខាងមុខរែករាស្រ្ត និងខាងក្រោយ រែកច្បាប់ ប៉ុន្តែត្រូវយកច្បាប់ ជាយន្តការចំបង អ្នកអនុវត្តន៍ច្បាប់ ត្រូវមានចរិតទន់ភ្លន់ បត់បែន ទៅតាមស្ថានភាពជាក់ស្តែង របស់បងប្អូនប្រជាពលរដ្ឋ មិនមែនចេះតែអនុវត្តន៍នោះទេ ហើយតួនាទីនោះមិនមែនសម្រាប់យកទៅធ្វើអាជីវកម្ម ជាមួយបងប្អូន ប្រជាពលរដ្ឋនោះឡើយ ព្រោះប្រជាពលរដ្ឋ ក៍មិនមែនជាស្រែរបស់អស់លោក សម្រាប់ ទៅច្រូតយកផល ស្រេចតែអំពើចិត្តនោះដែរ ។ ដូច្នេះ ត្រូវយកតួនាទីនេះ ដើម្បីភាពសុខសាន្ត និង កក់ក្តៅ ជូនដល់គាត់ វិញទើបប្រសើរជាង ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្តបានមានប្រសាសន៍ បន្តទៀតថា ៖ សុខសន្តិភាព លើផ្ទៃប្រទេស ដែលសម្តេចតេជោ ហ៊ុន សែន លោកបានយកជីវិតទៅប្តូ ដោយលំបាកទើបទទួលបានមក ប៉ុន្តែអ្វី ដែលជាភាពសុខសាន្ត និងជីវភាពរស់នៅជាអចិន្ត្រៃយ៍ របស់បងប្អូនប្រជាពលរដ្ឋយើងនៅមូលដ្ឋាន នោះគឺសំដៅទៅលើ លោក មេភូមិ មេឃុំ មេប៉ុស្តិ៍ អធិការ អភិបាលស្រុក អភិបាលខេត្ត ប្រធានក្រុមព្រឹក្សាខេត្ត និងមន្ទីរជំនាញផងដែរដែលជាអ្នកផ្តល់ឱ្យគាត់ ។

ឯកឧត្តមក៍បានសុំឱ្យ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់មើលនិង ផ្តល់សេវារាល់តម្រូវការរបស់បងប្អូន ដែលគាត់ត្រូវការឱ្យបានល្អប្រសើរ ហើយក៍បានសុំឱ្យ បងប្អូន ប្រជាពលរដ្ឋ ជួយមើលទៅ អាជ្ញាធរ មូលដ្ឋានវិញ តាមរយ: វេទិការសាធារណ: ដោយការផ្តល់មតិ ផ្តល់ជាយោបល់ធ្វើការកែលំអរ ដើម្បីស្ថាបនា គ្នាទៅវិញទៅមក រកភាពរីកចម្រើនក្នុងខេត្តយើង បន្តទៀត។

ឯកឧត្តមបណ្ឌិតបានលើកឡើង បែបនេះ ក្នុងឱកាស អញ្ជើញ ចូលរួមជាអធិបតី ពិធីតែងតាំង លោក នូរ ចន័្ទដា វរ:មន្ត្រីថ្នាក់លេខ ១ ជាអភិបាលស្រុកបន្ទាយមាស ជំនួស លោក សុីវ ផេង ដែលរាជរដ្ឋាភិបាលត្រូវបាន សម្រេច តែងតាំងជាអភិបាលរងខេត្តកំពត ជាមួយ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមព្រឹក្សារខេត្ត នៅសាលាស្រុកបន្ទាយមាស នាថ្ងៃទី ១៣ ខែឆ្នូ ឆ្នាំ២០២២ ៕ Sila Sarin

ads banner