រដ្ឋមន្រ្តីក្រសួងការងារ៖ កម្ពុជាបច្ចុប្បន្ន មានធនធានមនុស្ស មានសមត្ថភាពកាន់តែច្រើន

ភ្នំពេញ៖ គោលនយោបាយអាទិភាពលើវិស័យធនធានមនុស្ស បានបង្កើនការវិនិយោគលើវិស័យធនធានមនុស្ស អប់រំ និងការបណ្តុះបណ្តាលជំនាញ ធ្វើឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព។នេះជាការបញ្ជាក់ពីសំណាក់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ការថ្លែងរបស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បែបនេះក្នុងឱកាសសំណេះសំណាលជាមួយ និស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន ១៦រូប នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានចូលរួមអបអរសាទរចំពោះនិស្សិតជ័យលាភីអាហារូបករណ៍ដែលត្រូវទៅសិក្សានៅប្រទេសនូវែលសេឡង់ ព្រមទាំងបានកោតសរសើរនូវសមត្ថភាពរបស់មន្ត្រីវ័យក្មេង ដែលបានប្រលងជាប់អាហារូបករណ៍ទាំងនេះ ចាត់ទុកជាសក្តានុពលដ៏ធំក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតទៅលើការអភិវឌ្ឍធនធានមនុស្ស។

តំណាងក្រុមនិស្សិត ឱ្យដឹងថា បន្ទាប់ពីមានការថមថយនូវការរីករាលដាលនៃជម្ងឺវីរុសកូវីដ-១៩ រាជរដ្ឋាភិបាលប្រទេសនូវែលសេឡង់ បានសម្រេចអនុញ្ញាតឱ្យនិស្សិតជ័យលាភីទាំង ១៦រូប ចេញដំណើរទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល ១-២ឆ្នាំ នៅដើមឆ្នាំ២០២៣ ដោយផ្តោតលើជំនាញអាទិភាព ចំនួន ៩ រួមមាន៖ អាជីវកម្មប្រកបដោយចីរភាព, វិជ្ជាជីវៈគណនេយ្យ, វិទ្យាសាស្រ្តកសិកម្ម, គោលនយោបាយសាធារណៈ, ទំនាក់ទំនងអន្តរជាតិ, សុខភាពសាធារណៈ, សិក្សាច្បាប់, គ្រប់គ្រងសំណង់ និងបង្រៀនភាសាអង់គ្លេស ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner