ក្រោមហេតុផលទប់ទល់ចិន ជប៉ុននឹងកែប្រែគោលនយោបាយ ការពារជាតិទ្រង់ទ្រាយធំ

ជប៉ុន៖​ ប្រទេសជប៉ុនរំពឹងថានឹងប្រកាសពីការកែប្រែ គោល នយោ បាយការពារជាតិទ្រង់ទ្រាយធំនៅក្នុងសប្ដាហ៍នេះ ដោយបង្កើនថវិកាចំណាយ ផ្លាស់ប្តូរទីតាំងបញ្ជាការយោធា និងទិញមីស៊ីលថ្មីៗដើម្បីទប់ទល់នឹងការគំរាមកំហែងពីចិន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានអាអេហ្វប៉េ(AFP) នៅថ្ងៃពុធ ទី១៤ ខែធ្នូនេះ។

គោលនយោបាយដែលនឹងបញ្ជូលទៅក្នុងឯកសារការពារជាតិ និងសន្តិសុខចំនួនបី យ៉ាងយូរបំផុតត្រឹមថ្ងៃសុក្រ នឹងរៀបចំ ឡើង វិញនូវទិដ្ឋភាពការពារជាតិរបស់ប្រទេសជប៉ុន ដែលមិន មានយោធាជាផ្លូវការដោយសារគោលនយោបាយក្រោយសង្រ្គាមលោក។

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានថ្លែងកាលពី ចុងសប្ដាហ៍ថា៖ «ការពង្រឹងសមត្ថភាពការពារជាតិជា មូលដ្ឋានរបស់យើង គឺជាបញ្ហាប្រឈមបន្ទាន់បំផុតនៅក្នុង បរិយាកាសសន្តិសុខដ៏ធ្ងន់ធ្ងរនេះ»។ លោកបន្តថា៖ «យើងនឹងបង្កើនសមត្ថភាពការពារជាតិរបស់យើងជាបន្ទាន់ ក្នុងរយៈពេល៥ឆ្នាំខាងមុខ»។

គួរបញ្ជាក់ថា ការផ្លាស់ប្ដូរទ្រង់ទ្រាយធំរបស់ជប៉ុននាពេលនេះ គឺជាលទ្ធផលនៃការភ័យខ្លាចនឹងកំណើននៃកម្លាំងយោធា និងការដាក់ពង្រាយយោធាក្នុងតំបន់របស់ចិន ក៏ដូចជាការ គំរាមកំហែងផ្សេងទៀត រាប់តាំងពីការបាញ់មីស៊ីល របស់កូរ៉េ ខាងជើង រហូតដល់ការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី ដែលមានជម្លោះជាមួយជប៉ុនជុំវិញទំនាស់ដែនដី។

គោលការណ៍គន្លឹះក្នុងចំណោមគោលនយោបាយថ្មី គឺការ សន្យា ជំរុញការចំណាយឱ្យដល់ ២ ភាគរយនៃផលិតផលក្នុង ស្រុកសរុប (GDP) នៅឆ្នាំ ២០១៧ ដើម្បីនាំជប៉ុនឱ្យស្របតាម សមាជិកណាតូ ដែលជាសម្ព័ន្ធមិត្ត។ វានឹងក្លាយជាការបង្កើនគួរឱ្យកត់សម្គាល់លើការចំណាយផ្នែកយោធារបស់ជប៉ុន ដែលបច្ចុប្បន្នចំណាយត្រឹម ១ ភាគរយនៃ GDP ហើយវាក៏បានបង្កឱ្យមានការរិះគន់អំពីរបៀប ដែល ជប៉ុននឹង ផ្តល់ហិរញ្ញប្បទានតាមផែនការនេះ។

ថវិកាដែលបង្កើន នឹងផ្ដល់មូលនិធិដល់គម្រោងនានា រួមទាំងកា រ ទិញយកនូវសព្វាវុធដែលជប៉ុនហៅថាជា «អាវុធវាយបក» ដើម្បីអាចឱ្យជប៉ុនវាយលុកទីតាំងបាញ់ប្រហាររបស់សត្រូវ ក៏ដូចជាដើម្បីវាយប្រហារទុកមុន។

កន្លងមក ជប៉ុនធ្លាប់បានជៀសវាងលើការទិញសព្វាវុធបែបនេះ ដោយសារតែខ្លាំងបំពានលើដែនកំណត់របស់រដ្ឋធម្មនុញ្ញស្ដីពីវិស័យការពារជាតិ។ ប៉ុន្តែឯកសារគោលនយោបាយថ្មី នៅតែ ទទូចថា ជប៉ុននៅតែប្តេជ្ញាចិត្តចំពោះ «គោលនយោបាយ សន្តិសុខតម្រង់ទិសការពារខ្លួនឯង» ហើយនឹងមិនក្លាយជា «មហាអំណាចយោធា» នោះទេ។

ចំណែកសព្វាវុធដែលជប៉ុននឹងទិញនោះ រួមមានទាំងមីស៊ីល គ្រូស របស់អាមេរិកចំនួន ៥០០ ដើម ដែលជប៉ុនត្រូវបាន រាយការណ៍ថាកំពុងពិចារណាលើការទិញ ខណៈប្រទេសនេះ ក៏ផលិតមីស៊ីលរយៈចម្ងាយឆ្ងាយក្នុងស្រុក។ នេះបើតាម ការចុះ ផ្សាយរបស់ AFP ដដែល។

កាលពីសប្ដាហ៍មុន ជប៉ុនបានប្រកាសពីគម្រោងផលិត យន្តហោះ ចម្បាំងជំនាន់ថ្មីជាមួយអ៊ីតាលី និងអង់គ្លេស ហើយ ត្រូវបានគេរាយការណ៍ទៀតថា គ្រោងនឹងសាង សង់ឃ្លាំង គ្រឿងផ្ទុះ ហើយបាញ់បង្ហោះផ្កាយរណប ដើម្បីសម្រប សម្របសម្រួលលើការវាយបកទៅសត្រូវណាមួយ ដែលអាចកើតមានឡើង។

ការកែប្រែគោលនយោបាយចុងក្រោយនេះ ក៏នឹងប៉ះពាល់ដល់ ប្រព័ន្ធយោធាជប៉ុនផងដែរ ដោយកាសែត Nikkei បាន រាយការណ៍ ថា អង្គភាពទាំងបីនៃកងកម្លាំងស្វ័យការពារជប៉ុន (SDF) នឹងស្ថិតនៅក្រោមការបញ្ជាតែមួយក្នុងរយៈពេល៥ឆ្នាំ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក វត្តមាន SDF នៅលើបណ្ដាកោះភាគខាងត្បូងបំផុតរបស់ជប៉ុននឹងកើនឡើង ដោយរាប់បញ្ជូលទាំងអង្គភាពបីដែលទទួលខុសត្រូវលើសមត្ថភាពស្ទាក់ចាប់មីស៊ីល។

ជាមួយគ្នានេះផងដែរ ឯកសារដែលមានទាំងយុទ្ធសាស្ត្រសន្តិ សុខ ជាតិសំខាន់ៗ រំពឹងថានឹងចង្អុលដាក់ចិនសម្រាប់ការផ្លាស់ ប្តូរគោលនយោបាយជប៉ុន ដែលចាត់ទុកចិនថាជាការ គំរាម កំហែង ក៏ដូចជាបញ្ហាប្រឈមជាយុទ្ធសាស្រ្តដ៏ធំបំផុត។

គួរបញ្ជាក់ថា ការព្រួយបារម្ភអំពីចិនបានកើនឡើងនៅពេល ក្រុងប៉េកាំងចាប់ផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់កាលពីខែសីហា ដែលចិនបានបាញ់មីស៊ីលធ្លាក់ ចូលក្នុងដែនទឹកសេដ្ឋកិច្ចរបស់ជប៉ុននាពេលនោះ។
មិន ត្រឹម តែប៉ុណ្ណោះទេ ជប៉ុនក៏រំពឹងផងដែរនឹងចាត់ទុករុស្ស៊ី ដែលខ្លួនធ្លាប់ស្វែងរកកិច្ចសហប្រតិបត្តិការ និងការពង្រឹង ទំនាក់ទំនងជាមួយ ថាជាបញ្ហាប្រឈមមួយផ្សេងទៀត បន្ទាប់ពីជប៉ុនចូលដៃជាមួយសម្ព័ន្ធមិត្តលោកខាងលិចក្នុងការថ្កោលទោស ក៏ដូចជាដាក់ទណ្ឌកម្មរុស្ស៊ីចំពោះការ ឈ្លានពានអ៊ុយក្រែន។

មិនថាយ៉ាងណាក៏ដោយ ការកែប្រែគោលនយោបាយ ការពារ ជាតិជប៉ុនទ្រង់ទ្រាយធំបែបនេះ ទំនងនឹងបង្កការខឹង សម្បារ យ៉ាងខ្លាំងពីចិន។ ប៉ុន្តែអ្នកវិភាគលើកឡើងថា វាក៏អាចបណ្ដាល ឱ្យមានរលករិះគន់ក្នុងស្រុកផងដែរ បើទោះបីជាការស្ទង់ មតិផ្សេងៗបានបង្ហាញថា មានការកើនឡើងចំពោះការគាំទ្រ ឱ្យបង្កើនយុទ្ធសាស្រ្តការពារជាតិក៏ដោយ៕
ដោយ៖ ហួន ឌីណា
ប្រភព៖ Japan to radically overhaul defence policy on China threats

ads banner