កម្ពុជាស្នើឱ្យអង្គការសហប្រជាជាតិប្រចាំកម្ពុជា គាំទ្រដល់ កម្ពុជាក្នុងបេសកកម្មបោសសម្អាតមីន
ភ្នំពេញ៖ឧបនាយករដ្ឋមន្តី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនរ័ត្ន បានស្នើឱ្យមន្រ្តីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិប្រចាំកម្ពុជាគាំទ្រដល់កម្ពុជាក្នុងបេសកកម្មបោសសម្អាតមីន ដើម្បីឈាន ដល់ ការសម្រេចឱ្យបាននូវគោលដៅ កម្ពុជាគ្មានមីន នៅត្រឹមឆ្នាំ ២០២៥។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានស្នើដូចនេះ ក្នុងជំនួបពិភាក្សា ការងារ នារសៀលថ្ងៃទី១៣ ខែធ្នូ ជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលពលរដ្ឋ (The Resident Coordinator) នៃទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំ កម្ពុជាដើម្បីពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការ រវាង ប្រព័ន្ធអង្គការសហប្រជាជាតិ (UN System) និងកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្តី្រ បានលើកឡើងពីកិច្ច សហប្រតិបត្តិការ ដ៏ល្អ និងរឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ ពិសេសការចូលរួម យ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សេចក្តីប្រកាសបានបញ្ជាក់ទៀតថា ៖ «ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឱ្យ អង្គការសហប្រជាជាតិ សហការជាមួយដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីផ្ដល់ការគាំទ្រដល់កម្ពុជាក្នុងបេសកកម្មបោសសម្អាតមីន ដើម្បីឈានដល់ការសម្រេចឱ្យបាននូវគោលបំណងនៃផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និងការ សម្រេច បានគោលដៅ កម្ពុជាគ្មានមីន នៅត្រឹមឆ្នាំ ២០២៥»។
មួយវិញទៀតឯកឧត្តម អូន ព័ន្ធមុនរ័ត្ន ក៏បានគូសរំលេច ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យប្រើប្រាស់ នូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លង ប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ ជាមួយនឹង ទស្សនៈ វិស័យនៃការចាកចេញពីវិបត្តិនៃជំងឺកូវី១៩ ក្នុង ភាពរឹងមាំ និងការវិលត្រលប់ទៅរក មាគ៌ានៃកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបន្តថា ៖ «យុទ្ធសាស្ត្រនេះ នឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំង ចលករដ៏មាន ប្រសិទ្ធភាព សម្រាប់ការពង្រឹងសក្តានុពលនៃចន្ទល់កំណើន សេដ្ឋកិច្ចរបស់កម្ពុជា ឱ្យរស់រវើកឡើងវិញ ក៏ដូចជា ចាប់យក ឱ្យបាន នូវកាលានុវត្តភាពថ្មីៗ ដែលកំពុងលេចឡើងស្រប នឹងនិន្នាការតំបន់ និងសកល ដើម្បីលើកកម្ពស់កំណើន សេដ្ឋកិច្ចប្រកបដោយចីរភាព និងដើម្បីកសាងភាពធន់ដ៏រឹងមាំ នៃសង្គម-សេដ្ឋកិច្ចកម្ពុជា»។
ក្នុងជំនួបនាឱកាសនោះ លោក Joseph Scheuer ក៍បាន សម្តែង នូវសេចក្តីរីករាយជាអនេក ដោយបានមកបំពេញ ភារកិច្ចនៅ កម្ពុជាជាថ្មីម្ដងទៀត និងបានសម្តែងនូវការកោត សរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើនឥតគណនា ពិសេសការដាក់ចេញនូវវិធានការប្រយុទ្ធនឹងជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ។
មន្រ្តីនៃទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជារូបនេះ បានបង្ហាញជំហរមុតមាំក្នុងការបន្តផ្តល់ការគាំទ្រដល់ វិស័យ គាំពារសង្គម និងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ភាគីពាក់ព័ន្ធទៅលើវិស័យនេះផងដែរ។
ទន្ទឹមនេះ លោក Joseph Scheuer ក៍បានបញ្ជាក់អំពីការ ប្ដេជ្ញាចិត្តរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងការគាំទ្រ កម្ពុជាឱ្យសម្រេចបាន នូវរបៀបវារៈស្តីពីគោលដៅអភិវឌ្ឍន៍ ប្រកប ដោយចីរភាព ឆ្នាំ ២០៣០ តាមរយៈក្របខ័ណ្ឌកិច្ច សហប្រតិបត្តិការអង្គការ សហប្រជាជាតិ (UN) ថ្មី ឆ្នាំ២០២៤-២០២៨។
លោក Joseph Scheuer បានមានប្រសាសន៍ថា ៖ «អង្គការសហប្រជាជាតិនឹងសហការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលដើម្បីរៀបចំ ក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការអង្គការ សហប្រជាជាតិ ឆ្នាំ ២០២៤-២០២៨ ក្រោមក្របខ័ណ្ឌ នៃយន្តការដែលមានស្រាប់របស់រាជរដ្ឋាភិបាល ដើម្បីធានា ឱ្យបាននូវការឆ្លើយតបទៅនឹងទិសដៅ និងអាទិភាពនៃ ការអភិវឌ្ឍ របស់កម្ពុជា ស្របតាមយុទ្ធសាស្ត្រ របស់ រាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មី»៕ ដោយ៖ នាង សុគន្ធា