ក្រសួងវប្បធម៌ប្រកាសជ្រើសរើសជ័យលាភីស្នាដៃតែងនិពន្ធ ពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ២០២៣
ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជូនដំណឹងដល់ កវីនិពន្ធ អ្នកនិពន្ធ និងសាធារណជនទាំងអស់ពីការប្រឡង ជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និង កំណាព្យ រឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៣។
សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈកាល ពីថ្ងៃទី ១៣ ខែធ្នូឱ្យដឹងថា ការប្រកាសប្រឡងជ្រើសរើស ស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និង កំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៣នេះក្នុងគោលបំណង ថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រ ជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត ។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសីល្បៈឯកឧត្តុម ឡុង ប៉ុណ្ណាស៊ីរីវត្ថិ ថ្លែងថា ការរៀបចំរៀបចំប្រឡងជ្រើសរើស ស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និង កំណាព្យរឿង ក្រសួងបានចាប់ផ្តើមតាំងពីឆ្នាំ ២០០០ ដែលមកដល់ឆ្នាំ ២០២៣ នេះ គឺ បាន ២៣ លើកមកហើយ។លោកបន្តថា ចំពោះពានរង្វាន់វិញ ត្រូវបានរៀបចំ ឈ្មោះ ប្រមាណ ១៧ ពានរង្វាន់ ហើយពានរង្វាន់ចុងក្រោយនេះ ត្រូវបានប្រសិទ្ធិនាម ថាពានរង្វាន់ព្រះនាងឥន្ទ្រទេវី ចាប់តាំងពីឆ្នាំ ២០១៩ ។
លោកបន្ថែមថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះមាន ស្នាដៃនិពន្ធ ចំនួនចន្លោះពី ១០០ ទៅ ៣០០ដាក់ពាក្យ មកប្រកួតប្រជែង ហើយពានរង្វាន់ត្រូវបានផ្តល់ជូនដល់ អ្នកទទួលបានជយលាភី ។
ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថិ៖« ស្នាដៃជ័យលាភីទាំងអស់ ត្រូវបានផ្សព្វផ្សាយ និងបោះពុម្ភ ជូនអ្នកទទួលបានជ័យលាភី និងអ្នកអានទៀតសោតក៏នឹងទទួលបានស្នាដៃនិពន្ធថ្មី ៗ សម្រាប់លើកស្ទួយវិស័យអំណាននៅកម្ពុជា»។
សេចក្ដីប្រកាសព័ត៌មានក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បញ្ជាក់ ថាក្រុមការងារ នឹងចាប់ផ្តើមទទួលស្នាដៃពីថ្ងៃផ្សព្វផ្សាយ សេចក្តីជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ បើតាមក្រសួង ឱកាសល្អប្រឹងចាប់ឱ្យជាប់ ភព្វព្រេងល្អគាប់មានមិនច្រើនពេកទេក្នុងជីវិត។
ក្រសួងវប្បធម៌ បញ្ជាក់ថា អ្នកដែលចូលរួម ប្រឡង អាចជ្រើស រើសដោយសេវី និង ផ្ទៃរឿងទាំងមូលត្រូវមានលក្ខណៈ សមស្រប និងមានអត្ថន័យ មានបីចំណុច៖ សច្ចធម៌ សីលធម៌ និងគុណធម៌។ ចំណែកអត្ថរូប ក៏មាន៣ចំណុចដែរ គឺ វីធីតែង រចនាបថ និងសិល្ប៍សោភ័ណ។ ពាក់ព័ន្ធនឹង អត្ថរសក៏មានបី ចំណុចដែលបង្ហាញឱ្យឃើញពីការអប់រំ ការអភិវឌ្ឍ និងការរក្សា តម្លៃអត្តសញ្ញាណជាតិ។
ជយលាភីនិងរង្វាន់កិត្តិយសស្នាដៃតែងនិពន្ធដែលជាប់ជ័យលាភីនិងរង្វាន់កិត្តិយស គឺ ជ័យលាភីលេខ១-៣ (ប្រលោមលោក ៣ រូបនិងកំណាព្យរឿង៣រូប) នឹងទទួលបានពានរង្វាន់ ១និង អមដោយទឹកប្រាក់។ចំណែក រង្វាន់កិត្តិយសលេខ៤-៥ (ប្រលោម លោក២រូបនិងកំណាព្យរឿង២រូប)នឹង ទទួលបានបណ្ណសរសើរ១និងអមដោយទឹកប្រាក់ ។
ទោះជាយ៉ាងណាក្ដីចំនួនប្រាក់រង្វាន់មិនទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយទេថាអ្នកជាប់លេខមួយទទួលបានប្រាក់ប៉ុន្មាន លេខ២ទទួលបានប្រាក់ប៉ុន្មាននោះ៕ ដោយ៖ យុទ្ធ វីរៈ