រដ្ឋាភិបាលជំរុញទំនើបកម្មរថយន្តដឹកទំនិញធុនធ្ងន់ ដើម្បី សុវត្ថិភាពតាមដងផ្លូវនិងកិច្ចការពារបរិស្ថាន
ភ្នំពេញ៖រាជរដ្ឋាភិបាលកំពុងជំរុញទំនើបកម្មរថយន្តដឹកទំនិញ ធុនធ្ងន់ ដើម្បីសុវត្ថិភាពតាមដងផ្លូវនិងកិច្ចការពារបរិស្ថាន កម្ពុជា។ នេះបើតាមខ្លឹមសារស្ដីពីផែនការយុទ្ធសាស្ត្រទំនើប កម្មរថយន្តដឹកទំនិញធុនធ្ងន់ ឆ្នាំ២០២២-២០៣០ដែលរៀបចំ ឡើង ដោយក្រសួងសាធារណការនិងដឹកជញ្ជូន។
ជំនិះកាន់តែច្រើនឡើង ទន្ទឹមគ្នានេះកំណើនតម្រូវការ ប្រើប្រាស់ រថយន្តដឹកទំនិញធុនធ្ងន់ ក៏បានកើនឡើងឥតឈប់ ឈរផងដែរ។ ចំនួនយានយន្តធុនធ្ងន់មានការកើនឡើង រួមទាំងការបើកបរ មិនសូវគោរពច្បាប់ចរាចរណ៍ និងការ រំលោភចិញ្ចើមផ្លូវទៀតនោះ បានធ្វើឱ្យផ្លូវមួយចំនួននៅកម្ពុជា រងការខូចខាតដែលជាបញ្ហាប្រឈមរបស់អាជ្ញាធរជារៀងរាល់ថ្ងៃ។
ករណីនេះត្រូវបានរាជរដ្ឋាភិបាលដែលមាន ក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេនាធិការ បានកំពុង ជំរុញដំណើរការអនុវត្តន៍ផែនការយុទ្ធសាស្ត្រទំនើបកម្មរថយន្តដឹកទំនិញធុនធ្ងន់ សម្រាប់ឆ្នាំ២០២២-២០៣០ ក្នុងបំណង ដើម្បីធានាចីរភាពវិស័យដឹកជញ្ជូនកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួង សារធារណការ និងដឹកជញ្ជូន លើកឡើងថា ផែនការ យុទ្ធសាស្ត្រ ទំនើបកម្មរថយន្តដឹកទំនិញធុនធ្ងន់ ឆ្នាំ២០២២-២០៣០ ត្រូវបានរៀបចំឡើង ដោយក្រសួង សាធារណការ ក្នុងគោលបំណងលើកកម្ពស់លក្ខខណ្ឌ រថយន្តដឹកទំនិញធុនធ្ងន់ និងអាជីវកម្មដឹកជញ្ជូននៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងមិនប៉ះពាល់បរិស្ថាន តាមរយៈ គោលដៅយុទ្ធសាស្ត្រចំនួនរួមមាន៖១. លើកទឹកចិត្តឱ្យ ប្រើប្រាស់ រថយន្តថ្មីៗសម្រាប់ដឹកទំនិញ ២.ការជំរុញឱ្យ ប្រើប្រាស់ រថយន្តដឹកទំនិញដែលមានបច្ចេកវិទ្យាទំនើប និង៣.ការកែលម្អប្រតិបត្តិការនិងអាជីវកម្មដឹកជញ្ជូនទំនិញ។
ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ដូច្នេះថា៖« រថយន្តដឹក ទំនិញលើសទម្ងន់ និងយានយន្តចាស់ៗ មិនត្រឹមតែធ្វើឱ្យខូច ខាតផ្លូវថ្នល់ និងបរិស្ថាន ក្នុងរយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពចរាចរណ៍ផងដែរ។ ការអនុវត្តបានជោគជ័យនូវផែនការយុទ្ធសាស្ត្រទំនើបកម្មរថយន្តដឹកទំនិញធុនធ្ងន់ឆ្នាំ២០២២-២០៣០ គឺជាកត្តាសំខាន់ ណាស់ ដើម្បីចូលរួមលើកកម្ពស់ការអនុវត្តស្តង់ដារជាតិ ស្តីពីការបំភាយឧស្ម័នសម្រាប់រថយន្តនាំចូល រួមទាំងរថយន្ត ដឹកទំនិញធុនធ្ងន់ផងដែរ»។
ជុំវិញផែនការយុទ្ធសាស្រ្តនេះដែរ លោក សេង ឈួន ប្រធាន គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឱ្យដឹងថា ដើម្បីរកដំណោះស្រាយ និងបញ្ចៀសឱ្យ បាននូវការដឹកលើសទម្ងន់ដែលនាំឱ្យខូចខាតផ្លូវថ្នល់ជាតិ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាសោភ័ណភាព ទីក្រុង ការអនុវត្តផែនការយុទ្ធសាស្ត្រទំនើបកម្មរថយន្ត ដឹកទំនិញធុនធ្ងន់ គឺជារឿងសមស្របសម្រាប់កម្ពុជា ដើម្បី ឱ្យចូលរួមគោរពតាមបទដ្ឋានបច្ចកទេសស្ដីពីការដឹកជញ្ជូន។
ពាក់ព័ន្ធនឹងឡានដឹកលើសទម្ងន់នេះដែរ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជា ធ្លាប់បានលើកឡើងថា នៅពេលដែលឡានដឹកលើសទម្ងន់ វាអាចខុសបច្ចេកទេស វាអាចបង្កគ្រោះថ្នាក់ចរាចរណ៍ បង្កឱ្យ ផ្លូវខូច បង្កឱ្យខាតបង់ជាតិ ហើយក្នុងមួយឆ្នាំៗ គ្រាន់ តែគ្រោះ ថ្នាក់ចរាចរណ៍ កម្ពុជាខាតរាប់រយលានដុល្លារថែមទៀត។
គួរបញ្ជាក់ដែរថាបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រយៈពេលប្រាំបួនខែ ក្នុងឆ្នាំ២០២២ មានរថយន្តបានត្រួតពិនិត្យសរុបចំនួន ២ ៥៧៩ ២៦០គ្រឿង ក្នុងនោះរថយន្តផ្ទុកលើសទម្ងន់ កម្រិត កំណត់ ក្នុងកម្រិតអនុគ្រោះមានចំនួន ៨៤៤ ៥៧៨គ្រឿង ស្នើនឹង ៣២.៧៤ភាគរយ នៃរថយន្តសរុប និងរថយន្តផ្ទុក លើស ទម្ងន់ត្រូវបានពិន័យមានចំនួន ២ ៤៧០គ្រឿង។
យ៉ាងណាមិញ ដើម្បីអនុវត្តបានជោគជ័យនូវផែនការ យុទ្ធសាស្ត្រ ទំនើបកម្មរថយន្តដឹកទំនិញធុនធ្ងន់ ឆ្នាំ២០២២-២០៣០នេះ ក៏ទាមទារនូវការប្តេជ្ញាចិត្ត ខ្ពស់ពីវិស័យសាធារណៈ និងវិស័យឯកជនរួមក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ រួមទាំងប្រតិបត្តិសអាជីវកម្ម ដឹកជញ្ជូន។ នេះបើតាមការ អះអាងបន្ថែមពី ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសារធារណការ និងដឹកជញ្ជូន៕ ដោយ៖ បូរ ពេជ្រហ្សាលីន