លោកប្រធានាធិបតីបារាំង កោតសរសើរកម្ពុជាក្នុង ការ ប្រឹងប្រែងប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ លោកប្រធានាធិបតីបារាំងអេមម៉ានូអែល ម៉ាក្រុង( Emmanuel Macron) បានកោតសរសើរកម្ពុជា ចំពោះការ ប្តេជ្ញាចិត្ត ក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ លោកប្រធានាធិបតីបារាំង បានលើកឡើងបែបននេះ ក្នុង សន្និសីទព័ត៌មានរួមគ្នា ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅវិមានអេលីហ្សេ នាទីក្រុងបារីស ប្រទេស បារាំង។

លោក Emmanuel Macron បានបញ្ជាក់ថា “ខ្ញុំនឹងមាន ចន្លោះប្រហោង ប្រសិនបើខ្ញុំមិនបានស្វាគមន៍ចំពោះ មហិច្ឆតា របស់កម្ពុជាស្តីពីការប្រែប្រួលអាកាសធាតុ ដែលមានបំណង ក្លាយ ជាប្រទេស ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តអព្យាក្រឹត កាបូននៅឆ្នាំ២០៥០”។

លោកប្រធានាធិបតីបារាំង បានចាត់ទុកថា នេះជាគំរូដ៏គួរ ឱ្យកត់សម្គាល់របស់ប្រទេសមួយ ក្នុងការចាត់ចែងការអភិវឌ្ឍ ដ៏លឿន ដោយគិតគូរពីគោលនយោបាយថាមពល ដ៏ល្អ អស្ចារ្យ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្ត និងតម្រូវការសម្រាប់ទសវត្សរ៍បន្ទាប់ ដើម្បីធ្វើឱ្យសម្រេចបាន នូវចក្ខុវិស័យនៃសង្គមមួយដែលមានការបញ្ចេញកាបូនតិច មានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និង ការអភិវឌ្ឍ ប្រកបដោយចីរភាព។ ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យ ប្រើប្រាស់ យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយ អព្យាក្រឹតកាបូន នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។ កម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចទី២ ក្នុងពិភពលោក និង ជាប្រទេសទី២ ក្នុងតំបន់អាស៊ាន ដែលបានដាក់ចេញ យុទ្ធសាស្រ្ត នេះជាមួយនឹងគោលដៅឆ្នំា២០៥០ សម្រាប់ការបញ្ចេញឧស្ម័នស្មើសូន្យ។ ជាមួយគ្នានេះ ការរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) នេះ គឺជាសក្ខីភាពបញ្ជាក់នូវការប្តេជ្ញា ចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចព្រមព្រៀងទី ក្រុងប៉ារីស ស្តីពី ការប្រែប្រួលអាកាសធាតុ និងបង្ហាញនូវ សេណារីយ៉ូគោលនយោបាយ ដើម្បីធ្វើឱ្យសម្រេច បាននូវចក្ខុវិស័យ នៃសង្គមមួយប្រកបដោយអព្យាក្រឹតកាបូន និងមានភាពធន់ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner