កម្ពុជាបើកព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរ រយៈពេល៣ថ្ងៃ (Video Inside)

ព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរ លើទឹកដីក្រុងអង្គរខេត្តសៀមរាប បានចាប់ផ្តើមបើកនៅថ្ងៃទី១៤ធ្នូនេះ ដោយមានពិធីសាសនារាប់បាត្រព្រះសង្ឃ១៣០អង្គ នៅខេត្តសៀមរាប។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរនេះ។ ព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរនេះ បានធ្វើពិធីបើកនៅចំទិវារំលឹកខួបលើកទី៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអបអរខួបលើកទី៣០នេះ និងបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរនេះ គឺក្នុងគោលបំណងរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជន ដែលបានកសាងថែរក្សាប្រាសាទទាំងអស់ នៅក្នុងរមណីយដ្ឋានអង្គរ។

លោកជំទាវបានថ្លែងទៀតថា «ក្នុងនាមជាអ្នកជំនាន់ក្រោយ យើងត្រូវបង្កើនការខិតខំប្រឹងប្រែងទ្វេរឡើងថែមទៀត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា និងការពារឱ្យបានដាច់ខាតនូវសន្តិភាព ស្ថិរភាពសង្គម ដែលជាកត្តាសំខាន់សម្រាប់ជួយឱ្យជាតិកម្ពុជាទទួលបានកិត្តិនាមល្បីល្បាញលើឆាកអន្តរជាតិ។

ពិធីរំលឹកគុណអង្គររវាងពីថ្ងៃទី១៤ដល់ទី១៦ ខែធ្នូ នឹងរួមមានកម្មវិធីសាសនា, ពិធីស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី និងកម្មវិធីកម្សាន្តជាច្រើនទៀត។

ads banner