លោក ប៊ូ វិរៈ៖ ការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក និងការប្រកួតថ្នាក់ជាតិ ២លើកខាងមុខ គ្រប់គ្រាន់ក្នុងការត្រៀមសម្រាប់ស៊ីហ្គេម ២០២៣

ថៃ៖ ការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក ជុំចុងក្រោយ (Jet Ski World Series) ឆ្នាំ២០២២ នៅទីក្រុងប៉ាតាយា ប្រទេសថៃ និងការប្រកួតកម្រិតជាតិ ២ដងនាដើមឆ្នាំ២០២៣ គឺគ្រប់គ្រាន់សម្រាប់ត្រៀមខ្លួនប្រជែងមេដាយ និងម្ចាស់ការរៀបចំព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយសក្តានុពល និងភាពជឿជាក់។ នេះជាការលើកឡើងរបស់លោក ប៊ូ វិរៈ អគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ពីទីក្រុងប៉ាតាយា ប្រទេសថៃ នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

លោក ប៊ូ វិរៈ បន្ថែមទៀតថា ការប្រកួតកម្រិតអន្តរជាតិនេះ គឺមានសារសំខាន់ខ្លាំងសម្រាប់សហព័ន្ធ ក្នុងការពង្រឹងសមត្ថភាពកីឡាករ មន្រ្តីបច្ចេកទេស ជាពិសេសពង្រឹងលើការរៀបចំ ដើម្បីស្ទាបស្ទង់ និងដកបទពិសោធន៍ពីចំនុចខ្វះខាត យកមកសិក្សាស្វែងយល់រកចំនុចខ្លាំងលើគ្រប់ផ្នែកអោយបានរួចរាល់ និងល្អប្រសើរ។ លោក អគ្គលេខាធិការ បន្តថា ការប្រកួតជើងឯកពិភពលោក ជុំចុងក្រោយនេះ សហព័ន្ធមានទំនុកខ្លាំងទៅលើកីឡាករកម្ពុជា ទាំង៧រូប ជាពិសេសកីឡាករ សាលី អូម៉ើត ជាម្ចាស់មេដាយមាស កីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី និងជាកីឡាករលេចធ្លោ មានការកោតសរសើរពីកីឡាករអន្តរជាតិ រួមជាមួយកីឡាករខ្លាំងៗជាច្រើនរូបទៀត ដូចជា មីន ម៉ូស្តាន់ កៃ វ៉ាន់សីដេនជាដើម។

ក្រៅពីកីឡាករខ្លាំងៗ សហព័ន្ធក៏បានបញ្ជូនកីឡាករវ័យក្មេងមួយរូប ចូលរួមប្រកួតដកស្រង់បទពិសោធន៍ បន្សាំខ្លួនពីការប្រកួតកម្រិតអន្តរជាតិជាមួយរៀមច្បង និងកីឡាករអន្តរជាតិ ជាពិសេសមន្រ្តីបច្ចេកទេស ៨រូប ដែលបានការឯកភាពពីក្រសួងអប់រំយុវជន និងកីឡា និង Camsoc មកសិក្សារៀនសូត្រ ពិនិត្យមើលពីបច្ចេកទេសរៀបចំ និងសម្ភារផ្សេងៗដែលសហព័ន្ធខ្វះខាត យកទៅបំពេញបន្ថែម ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខនេះ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ប៊ូ វិរៈ។

លោកអគ្គលេខាធិការូបនេះ បញ្ជាក់ថា ក្រៅពីការប្រកួតកម្រិតអន្តរជាតិចុងឆ្នាំ២០២២នេះ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា មានផែនការរៀបចំការប្រកួតកម្រិតជាតិ ២ព្រឹត្តការណ៍នៅដើមខែ២ និងចុងខែ៣ ឆ្នាំ២០២៣ ដើម្បីជ្រើសរើសបន្ថែមនូវកីឡាករឆ្នើមៗ និងមន្រ្តីបច្ចេកទេសល្អ ជាពិសេសពិនិត្យមើលគ្រប់ផ្នែកចុងក្រោយពីសមត្ថភាពអោយបានគ្រប់ជ្រុងជ្រោយ និងជឿជាក់ ត្រៀមការរៀបចំ និងដណ្តើមមេដាយមាសពីព្រឹត្តការណ៍កីឡាស៊ីហ្គែម លើកទី៣២ នាឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះប្រវត្តិសាស្រ្តជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក (Jet Ski World Series) ជុំចុងក្រោយ ឆ្នាំ២០២២ នៅទីក្រុងប៉ាតាយា ប្រទេសថៃ កម្ពុជាបានបញ្ជូនកីឡាករ៧រូប និងមន្រ្តីបច្ចេកទេស៨រូបចូលរួម និងប្រតិភូដឹកនាំដោយឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner