ប្រមុខ WHO សង្ឃឹមថា ភាពអាសន្នផ្នែកសុខភាពសកលនៃជំងឺ COVID-19 នឹងបញ្ចប់នៅឆ្នាំក្រោយ
ហ្សឺណែវ៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) ក្នុងថ្ងៃពុធសប្តាហ៍នេះ បាននិយាយថា គាត់សង្ឃឹមថា ជំងឺកូវីដ១៩នឹងលែងជាគ្រាអាសន្នផ្នែកសុខភាពសកលទៀតហើយនៅឆ្នាំក្រោយ ។
ថ្លែងសុន្ទរកថាក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសសឹស បានបញ្ជាក់ថា គណៈកម្មាធិការគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោក ទទួលបន្ទុកកិច្ចការ COVID-19 នឹងពិភាក្សានៅខែក្រោយ អំពីលក្ខណៈវិនិច្ឆ័យសម្រាប់ការប្រកាសបញ្ចប់ភាពអាសន្ននៃជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ។
ទោះជាយ៉ាងណាក៏ដោយ លោក ថេដ្រូស បានបន្ថែមថា មេរោគ SARS-CoV-2 ដែលជាពិរុទ្ធជននៅពីក្រោយការរាតត្បាតនៃជំងឺកូវីដ១៩នឹងមិនបាត់ទៅណាឡើយ។ ប្រមុខអង្គការសុខភាពពិភពលោករូបនេះ បានសង្កត់ធ្ងន់ថា មេរៀនដ៏សំខាន់បំផុតមួយពីជំងឺរាតត្បាត គឺថាប្រទេសទាំងអស់ត្រូវពង្រឹងប្រព័ន្ធសុខភាពសាធារណៈរបស់ពួកគេ ដើម្បីត្រៀមបង្ការ ទប់ស្កាត់ និងឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការផ្ទុះឡើងជំងឺរាតត្បាត និងមេរោគឆ្លង។
មេរៀនសំខាន់មួយទៀត គឺតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការខ្លាំងជាងនេះក្នុងការសហការ ជាជាងការប្រកួតប្រជែង និងភាពច្របូកច្របល់ ជុំវិញការឆ្លើយតបជាសកលចំពោះជំងឺកូវីដ១៩៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា