អភិបាលខេត្តកំពង់ស្ពឺ៖ អ្នកស្មគ្រចិត្តគឺជាឆ្អឹងនិងជាប្រតិបត្តិករជួរមុខដ៏សកម្មពុំអាចខ្វះបានឡើយរបស់កាកបាទក្រហមកម្ពុជា

កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានថ្លែងថា អ្នកស្ម័គ្រចិត្តគឺជាឆ្អឹងនិងជាប្រតិបត្តិករជួរមុខដ៏សកម្មពុំអាចខ្វះបានឡើយរបស់កាកបាទក្រហមកម្ពុជានិងអង្គការស្ម័គ្រចិត្តនានា។ អ្នកស្ម័គ្រចិត្តគឺជានិមិត្តរូបនៃការលះបង់កម្លាំងកាយចិត្ត ពេលវេលាធ្វើការរួមគ្នាក្នុងសាមគ្គីភាពជាធ្លុងមួយ ដើម្បីជំនះបានរាល់ការលំបាកនិងបញ្ហាប្រឈមនានា។ ឯកឧត្តម ថ្លែងដូច្នេះក្នុងពិធីអបអរសាទរទិវាអន្តរជាតិនៃអ្នកស្មគ្រចិត្តក្រោមប្រធាន៖សាមគ្គី តាមរយៈការស្មគ្រចិត្ត ធ្វើឡើងនៅក្នុងស្រុកឱរ៉ាល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ។

ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ថា សាមគ្គីភាពដ៏រឹងមាំរបស់កម្លាំងស្មគ្រចិត្តពីគ្រប់មជ្ឈដ្ឋាន នៅក្នុងប្រទេសបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាយើងកាន់តែរឹងមាំក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិទូលំទូលាយគ្រប់ជ្រុងជ្រោយជាមួយរាជរដ្ឋាភិបាល ធ្វើឱ្យប្រទេសជាតិយើងអាចគ្រប់គ្រងបានជំងឺកូវីដ-១៩ ជំងឺឆ្លងរាតត្បាតសកលនានា ហើយបាននិងកំពុងតែស្តារនិងជម្រុញកំណើនសេដ្ឋកិច្ចឡើងវិញក្នុងបរិបទនៃការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ និងជោគជ័យជាបន្តបន្ទាប់ទៀតដូចជា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ពន្ធ័។

ឯកឧត្តម វ៉ី សំណាង ថ្លែងនូវការកោតសរសើរថា ក្នុងតួនាទីជាអ្នកស្មគ្រចិត្តកាកបាទក្រហម ដែលមិនបានទទួលបានប្រាក់កម្រៃ ឬផលប្រយោជន៍ តែអ្នកស្ម័គ្រចិត្តពិតជាបានលះបង់យ៉ាងធំធេងក្នុងការចូលរួមបម្រើយ៉ាងសកម្មលើការងារមនុស្សធម៌ជួយដល់ជនរងគ្រោះនៅក្នុងសហគមន៍។ ការលះបង់ទាំងនេះពិងជាបានបង្ហាញឱ្យសហគមន៍ជាតិ និងអន្តរជាតិបានយល់ពីគុណតម្លៃ និងសារសំខាន់នៃសកម្មភាពចូលរួមការងារសង្គមរបស់អ្នកស្មគ្រចិត្ត។

ទន្ទឹមនិងនោះអភិបាលខេត្តបានជម្រុញឱ្យគណកម្មាធិការសាខា អនុសាខាបន្តលើកទឹកចិត្ត និងផ្តល់ការឧបត្ថម្ភគាំទ្រជាស្មារតី ថវិកា ដល់អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមក្នុងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវផែនការសកម្មភាពស្របតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ២០២១-២០៣០របស់កាកបាទក្រហមកម្ពុជា(កក្រក)៕ម៉ុន សំអាត

ads banner