អ.ស.ប ប្រចាំកម្ពុជាសន្យាបន្តគាំទ្រមហិច្ឆតារបស់ រាជរដ្ឋាភិបាល កម្ពុជា ប្រែក្លាយជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នា ឆ្នាំ២០៥០

ភ្នំពេញ៖ អង្គការសហប្រជាជាតិប្រចាំកម្ពុជា(អ.ស.ប) បាន សន្យាថានឹងបន្តការគាំទ្រ ចំពោះគោលដៅមហិច្ឆតារបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ប្រែក្លាយប្រទេសកម្ពុជាឱ្យជា ប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៥០ ហើយកម្ពុជា និងអ.ស.ប ក៏បានប្តេជា្ញរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។

ការសន្យានេះត្រូវបានធ្វើឡើង នាជំនួបសម្តែងការគួរសម និង ពិភាក្សាការងារ រវាងឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Joseph Scheuer អ្នកសម្របសម្រួលថ្មីរបស់អ.ស.ប ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែធ្នូ នៅទីស្តីការក្រសួងការងារ។
ក្នុងជំនួបនោះឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងដោយបង្ហាញពីក្តីសង្ឃឹមថា ក្នុងបេសកម្មការងាររបស់លោក Joseph និង សហការី នឹងបន្តកិច្ចសហការជាមួយបណ្តាក្រសួងពាក់ព័ន្ធ របស់រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមចំណែកក្នុងការជំរុញ កំណើន សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក Joseph Scheuer ធ្លាប់កាន់តំណែងជានាយកកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាឬយូអិនឌីភី(UNDP) នៅក្នុងអំឡុងឆ្នាំ២០០៧ និង២០១០ ហើយទើបត្រឡប់មក កាន់កម្ពុជានៅឆ្នាំ២០២២ សារជាថ្មីម្តងទៀត។

ឯកឧត្តម អ៊ិត សំហេង មានប្រសាសន៍ថា ៖ «យើងខ្ញុំក៏សូម អរគុណដល់អ.ស.ប ដែលបានជួយមកដល់កម្ពុជានៅក្នុង ដំណាក់កាលការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នាពេលកន្លងមក មានទាំងវ៉ាក់សាំង គ្រឿងបរិក្ខាបច្ចេកទេសជាច្រើនទៀតមក ដល់កម្ពុជា និងនៅតែបន្តជួយមកកម្ពុជាក្រោយការស្តារ សេដ្ឋកិច្ច ឡើងវិញ បន្ទាប់ពីកូវីដ១៩»។

នាឱកាសនោះ លោក Joseph Scheuer ក៏បានសាទរ ដល់ រដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំវិធានការទប់ស្កាត់ជំងឺ កូវីដ១៩ បានយ៉ាងល្អប្រសើរ ដែលធ្វើឲ្យគម្រោងធំៗភាគច្រើន វិលត្រឡប់មកប្រក្រតីភាពឡើងវិញ។

លោកបានលើកឡើងថា ៖ «អ.ស.ប នឹងបន្តការគាំទ្រ ចំពោះ គោលដៅមហិច្ចតារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ប្រែ ក្លាយប្រទេសកម្ពុជាឱ្យជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៥០ ដោយអ.ស.ប នឹងបន្តបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ ២០២ ៤-២០២៨ ធ្វើយ៉ាងណាឱ្យ កម្ពុជា-អ.ស.ប ក្លាយជាដៃគូកាន់តែ រឹងមាំ បន្ថែមទៀត»។

ក្នុងជំនួបនេះភាគីទាំងពីរបានសំដែងនូវទស្សន:ប្រកបដោយភាពវិជ្ជមានយ៉ាងខ្លាំងទៅលើមហិច្ឆតាដែលទាំងអ.ស.ប ក្នុងការ ខិតខំសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០ ហើយរាជរដ្ឋាភិបាលកម្ពុជា សម្រេចនូវគោលដៅ ប្រែក្លាយ ប្រទេសកម្ពុជាពីប្រទេសមានចំណូលមធ្យម កម្រិត ទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ ២០៣០ ហើយទៅជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០។

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុង ជំនួប នេះផងដែរ ភាគីទាំងពីរក៏បានឯកភាពគ្នាទៅលើទិសដៅ រួមគ្នាចំនួនសំខាន់ៗបីគឺ គម្រោងការងារ និងមុខរបរសមរម្យ សម្រាប់យុវជន ដែលជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអ.ស.ប, ពាក់ព័ន្ធនឹងការបន្តដោះស្រាយលើសុវត្ថិភាព ចរាចរណ៍ តាមដងផ្លូវ និងការដឹកជញ្ជូនកម្មករ និងកម្មវិធី បង្កើន ល្បឿនសកសលើការងារ និងការគាំពារសង្គមសម្រាប់ការធ្វើ អន្តរកាលប្រកបដោយយុត្តិធម៌។

ទាក់ទងនឹងគម្រោងការងារ និងមុខរបរសមរម្យសម្រាប់យុវជន ដែលជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ សហប្រជាជាតិ (DEY)ឯកឧត្តម អ៊ិត សំហេង និងលោក Joseph Scheuer ដែលជាសហប្រធានគម្រោងនេះ នឹង កោះប្រជុំគណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរ និងការងារ សមរម្យ របស់យុវជននៅកម្ពុជាដំណាក់កាលទី៣ នាដើមឆ្នាំ ២០២៣។

ក្រសួងបានបញ្ជាក់ទៀតថា ក្នុងពេលឆាប់ៗនេះ នឹងមាន ទស្សនកិច្ចផ្លូវការមួយរបស់ ប្រេសិតពិសេសរបស់អង្គការ សហប្រជាជាតិមកកម្ពុជា ដើម្បីពិភាក្សាការងារជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន៕
នាង សុគន្ធា

ads banner