ក្រសួងសុខាភិបាលថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ មាន ផលិតផល គ្រឿងសំអាង ជាងប្រាំពីពាន់មុខ បានចុះបញ្ជីជាមួយ នឹងក្រសួង
ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានឱ្យដឹងថា មក ទល់ ពេលនេះការគ្រប់គ្រងផលិតផលគ្រឿងសំអាងទាំងអស់ គឺក្រសួងតម្រូវឱ្យអ្នកដែលប្រកបអាជីវកម្មគ្រឿងសំអាងទាំងអស់ត្រូវចុះប្រវេទន៍ជាមួយនឹងក្រសួងសុខាភិបាល ដើម្បីឱ្យមាន ការ ទទួលស្គាល់ពីក្រសួងឱ្យបានត្រឹមត្រូវ ដោយគិតត្រឹមខែកញ្ញា ឆ្នាំ២០២២ មានផលិតផលគ្រឿងសំអាង ជាងប្រាំពីរពាន់មុខ បានចុះបញ្ជីជាមួយនឹងក្រសួង។
នេះជាការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល កាលពីសប្តាហ៍មុន ដោយលោកជំទាវបានថ្លែងថា ៖ «រហូតមកដល់ពេលនេះ គិត ត្រឹមខែកញ្ញា ឆ្នាំ ២០២២ ការចុះបញ្ជីផលិតផលគ្រឿងសំអាង បានចំនួន ៧ ៤០៧មុខហើយ ដែលគ្រឿងសំអាងទាំងនោះ គឺ សុទ្ធតែជាគ្រឿងសំអាងនាំចូលមកពីបណ្តាប្រទេសផ្សេងៗ ដែល ភាគច្រើនមកពីសាធារណរដ្ឋកូរ៉ សហរដ្ឋអាមេរិក បារាំង ថៃ ចិន អូស្រ្តាលី ស៊ីងហ្គាពួ និងបណ្តាប្រទេសមួយចំនួនផងដែរ»។
លោកជំទាវបានឱ្យដឹងទៀតថា ការធ្វើចរាចរណ៍ផលិតផលគ្រឿង សំអាងដោយមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាលដែលអនុលោមទៅតាមច្បាប់ និងអនុក្រឹត្យគឺជាការប្រព្រឹត្តខុស ច្បាប់ហើយជាពិសេសការចរាចរណ៍ផលិតផលដែលមិនមានការទទួលស្គាល់ត្រឹមត្រូវ និងផលិតផលដែលអន់គុណភាព ឬ ផលិតផល ក្លែងក្លាយនោះ វានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព របស់ ប្រជាពលរដ្ឋ។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះបានលើកឡើងទៀតថា ៖ «មុននឹងសម្រេចចិត្តនៅក្នុងការកែសម្ភស្ស ឬការថែរក្សាសម្រស់ក្តី សូមបងប្អូនត្រូវជ្រើសរើសនូវសេវា ក៏ដូចជាផលិតផលដែលមាន ការចុះប្រវេទន៍ឱ្យបានត្រឹមត្រូវ។ប្រសិនបើមានអ្នកណាធ្វើការ ផ្សព្វផ្សាយខុសពីច្បាប់យើងនឹងមានការអនុវត្តទៅតាមច្បាប់បទដ្ឋានគតិយុត្ត ហើយជាពិសេសការផ្សព្វផ្សាយផលិតផល ក៏ត្រូវ ធ្វើការស្នើសុំផងដែរ»។
លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ការផ្សព្វផ្សាយផលិត ផល ក៏ជាចំណុចសំខាន់ផងដែរ ដោយសារការផ្សព្វផ្សាយមួយ ចំនួន ក៏មានការផ្សាយលើសពីអ្វីដែលផលិតផលអាចយកមកប្រើប្រាស់បានផងដែរ។
ជាមួយគ្នានេះដែរ លោកជំទាវក៏បានបញ្ជាក់ដែរថា ក្រសួងក៏ មានក្រុមការងារអធិការកិច្ចនៅនាយកដ្ឋានឱសថ គ្រឿងសំអាង ចំណីអាហារ និងបរិក្ខាពេទ្យដែលពួកគាត់តែងតែខិតខំបំពេញ ភារកិច្ចរបស់ពួកគាត់យ៉ាងម៉ត់ចត់ដោយបានចុះទៅធ្វើការជ្រើសរើសផលិតផលមួយចំនួនដើម្បីយកមកពិនិត្យមើលថាតើផលិតផលនោះបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានគតិយុត្តក៏ដូចជាបទដ្ឋានបច្ចេកទេសត្រឹមត្រូវដែរឬទេ។
ក្រៅពីក្រុមការងារអធិការដ្ឋានរបស់ក្រសួងសុខាភិបាលនេះដែរ ក៏មានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ និងនគរបាលប្រឆាំងនឹងបទល្មើសសេដ្ឋកិច្ចនៃ ក្រសួងមហាផ្ទៃផងដែរ ដែលកំពុងតែធ្វើការងារយ៉ាងសកម្មភាព ក្នុង ការជួយលើការត្រួតពិនិត្យនួវការចរាចរណ៍ ឬការចែកចាយ ផលិតផលគ្រឿងសំអាងនៅក្នុងប្រទេសកម្ពុជា។
លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍ថា ៖ «ខ្ញុំសូមអំពាវនាវសុំឱ្យ អ្នកប្រកបអាជីវកម្មសំអាងទាំងអស់ត្រូវគោរពតាមច្បាប់បទដ្ឋានគតិយុត្ត និងត្រូវមកចុះបញ្ជីការ ឬចុះប្រវេទន៍ ជាមួយនឹងក្រសួង សុខាភិបាល ដែលការចុះនេះក៏មានការធ្វើតាមប្រព័ន្ធ អនឡាញ ផងដែរ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាព និងការ ប្រើប្រាស់របស់ប្រជាពលរដ្ឋឱ្យមានគុណភាពល្អ និងធ្វើឱ្យ សេដ្ឋកិច្ច ជាតិរបស់យើងមានការរីកចម្រើនផងដែរ»។
យោងតាមគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា សម្រាប់ឆ្នាំឆ្នាំ២០២១ កន្លង ទៅនេះ គណៈកម្មាធិការបានធ្វើការប្រតិបត្តិការបង្ក្រាបផលិតផល ឧបករណ៍ និងសម្ភារៈបរិក្ខាពេទ្យសម្រាប់ប្រឆាំងនឹងជំងឺកូវីដ១៩ ដែលក្លែងក្លាយ អន់គុណភាព គ្មានស្តង់ដារ និងខុសច្បាប់ បាន ចំនួន ២៧ករណី ស្មើនឹងចំនួនជាង ៧២តោន (បានរឹបអូស បំផ្លាញ ចោលលើកទី០១ ចំនួនជាង ៧០តោន)។
ផលិតផលទាំងនោះរួមមាន បរិក្ខាពេទ្យក្លែងក្លាយ (អាល់កុល និងម៉ាស់), ផលិតផលវេជ្ជសាស្ត្រ, ស្រោមដៃក្លែងក្លាយ, ឧបករណ៍តេសកូវីដ, ឱសថកូវីដ និងគ្រឿងបរិក្ខាពេទ្យជាច្រើន ទៀត។
ជាមួយគ្នានេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានអំពាវនាវដល់ ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ លក់ និងចែកចាយផលិតផលណាដែលមានគុណភាព និងមាន ចុះបញ្ជីការត្រឹមត្រូវពីក្រសួងស្ថាប័នពាក់ព័ន្ធ ៕
ដោយ៖នាង សុគន្ធា