ស៊ីម៉ាក នឹងសាងសង់សារមន្ទីរមីនមួយទៀតលើផ្ទៃដី១២ហិកតា នៅខេត្តសៀមរាប
សៀមរាប៖មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក) ត្រៀមសាង សង់សារមន្ទីរសន្តិភាពសកម្មភាពមីនបន្ថែមទៀត នៅក្នុងទឹកដី ខេត្តសៀមរាប លើផ្ទៃដីទំហំ ១២ហិកតា ដោយប្រើរយៈពេល សាងសង់បីឆ្នាំ ដើម្បីកសាងឯកសារជាប្រវត្តិសាស្រ្ត សម្រាប់ មនុស្ស ជំនាន់នេះ និងមនុស្សជំនាន់ក្រោយអាចសិក្សាស្វែង យល់ពីសម័យសង្គ្រាមនៅកម្ពុជា។
ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក) បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា កាលពីពេលថ្មីៗនេះ រូបលោករួមជាមួយថ្នាក់ដឹកនាំនៃអង្គភាព ស៊ីម៉ាក់ បានចុះពិនិត្យមើលទីតាំង នៅខេត្តសៀមរាប ដើម្បី ត្រៀមអនុវត្តការសាងសង់សារមន្ទីរសន្តិភាពសកម្មភាពមីនដែលមានទំហំ៥២ម៉ែត្រគុណនឹង៥២ម៉ែត្រ កម្ពស់១៧ម៉ែត្រ បូក សំណង់ខាងក្រៅអគារមួយចំនួនទៀត។
ឯកឧត្តមបញ្ជាក់ថា បេសកកម្មសំខាន់របស់អង្គភាពស៊ីម៉ាក់ នៃការ កសាងសារមន្ទីរសន្តិភាពនេះគឺ ទី១ ការកសាងអគារដ៏សំខាន់ជា ប្រវត្តិសាស្ត្រ អាគាររាងជាគ្រាប់មីនប្រឆាំងមនុស្សធំជាងគេលើ ពិភពលោក ជាធាតុរឹងក្នុងការរចនាសំណង់សិល្បៈនៃសារមន្ទីរ។
ឯកឧត្តម ហេង រតនា បានបន្ថែមថា ៖ «ទី២ ការកសាងធាតុទន់ រួមមានការកសាងធនធានមនុស្សគ្រប់គ្រងសារមន្ទីរ និងការក សាងឯកសាររឿងរ៉ាវប្រវត្តិសាស្ត្រដែលប្រជាជនកម្ពុជាបានទទួលរងទុក្ខវេទនាក្នុងសង្គ្រាម និងបន្តប្រឈមមុខជាមួយសំណល់ យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយសង្គ្រាម»។
ទន្ទឹមនឹងនេះត្រូវប្រមូលភស្តុតាងប្រវត្តិសាស្ត្រ សម្រាប់ មនុស្ស ជំនាន់នេះចងចាំ និងមនុស្សក្រោយៗទៀតបាន សិក្សាស្វែង យល់។ ឯកឧត្តម ហេង រតនា បន្ថែមថា សារមន្ទីរនេះ គ្រោងសាង សង់លើផ្ទៃដីប្រមាណ១២ហិកតា អាចប្រើរយ:ពេលបីឆ្នាំ ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។
សូមជម្រាបថា កាលនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ស៊ីម៉ាក បានសម្ពោធបើកដំណើរការជាផ្លូវការ នូវសារមន្ទីរសន្តិភាព សកម្មភាពកម្ចាត់មីន ដែលមានទីតាំងនៅស្រុកបាគង ខេត្ត សៀមរាប ដែលមានផ្ទៃដីទំហំប្រមាណ ១២ហិកតា។
សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន គឺមានដាក់តាំងពិព័រណ៍ ដូចជា រថយន្តដោះមីន គ្រឿងចក្រកម្ទេចមីន អាវក្រោះ ឧបករណ៍ រាវមីន និងគ្រឿងបន្លាស់នានា ដែលសរុបជាទឹកប្រាក់ប្រមាណ១២ លានដុល្លារដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។
សារមន្ទីរនេះត្រូវបានកសាងឡើង ដើម្បីទុកជាទីតាំង បង្ហាញ ប្រវត្តិសាស្ត្រ សម្រាប់ឱ្យពលរដ្ឋចូលទៅទស្សនា និងសិក្សា ស្វែងយល់ពីប្រវតិ្តសង្គ្រាម សំណល់ជាតិផ្ទុះពីសង្គ្រាម និង សកម្មភាពដោះស្រាយសំណល់ជាតិផ្ទុះពីសង្គ្រាមជាដើម៕
ដោយ៖ឡាយ សាមាន