មន្រ្តីបរិស្ថាន៖ ក្តាន់ញ៉ែងបានបង្ហាញវត្តមាននៅក្នុងតំបន់ ការពារ ធម្មជាតិនានាក្នុងប្រទេសកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖យោងតាមទិន្នន័យដែលទទួលបានពីម៉ាស៊ីថតស្វ័យប្រវត្តិ របស់ក្រុមការងារក្រសួងបរិស្ថាននាពេលថ្មីៗនេះបានឱ្យដឹងថា ក្តាន់ញ៉ែងបានបង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា ហើយសត្វនេះត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួង បរិស្ថាន បានលើកឡើងដូចនេះ កាលពីថ្ងៃទី១៨ ខែធ្នូ ។លោក បានបញ្ជាក់ថា ក្តាន់ញ៉ែងស្ថិតនៅក្នុងក្រុមសត្វមានដោយបង្គួរ ហើយសត្វប្រភេទនេះងាយរងគ្រោះថ្នាក់ ដោយសារតែការបរបាញ់ ឬការបណ្តើរសត្វឆ្កែទាក់ចាប់ដើម្បីយកសាច់ធ្វើជាអាហារ និង គ្រោះថ្នាក់ ដោយសារសត្វព្រៃស៊ីសាច់ជាអាហារ។

ក្តាន់ញ៉ែងតូចឬផ្ចងតូច ជាថនិកសត្វដែលមានមាឌតូចជាងគេក្នុង ត្រកូលសត្វក្រចកជំពាម និងគ្មានស្នែង (ទម្ងន់ខ្លួនប្រមាណ ២គីឡូក្រាម)។ នៅក្នុងប្រទេសកម្ពុជា សត្វក្តាន់ញ៉ែងមានវត្តមាន រស់នៅស្ទើរគ្រប់តំបន់ការពារធម្មជាតិ វាមានវត្តមាននៅតាម វាលស្មៅផងដែរនៅតំបន់ឥណ្ឌូចិន និងកោះបរណេអូ។

ឯកឧត្តម នេត្រ ភក្ត្រា បានបង្ហាញថា យោងតាមទិន្នន័យដែល ទទួលបានពីម៉ាស៊ីថតស្វ័យប្រវត្តិរបស់ក្រុមការងារក្រសួងបរិស្ថាននាពេលថ្មីៗនេះ ក្តាន់ញ៉ែងបានបង្ហាញវត្តមាននៅក្នុងតំបន់ការពារ ធម្មជាតិនានាក្នុងប្រទេសកម្ពុជា តែសត្វប្រភេទនេះ ចូលចិត្តរស់ នៅ តែឯង និងជាគូនៅរដូវបន្តពូជ។ វាជាសត្វរាត្រីចរ»។

លោកថា ក្តាន់ញ៉ែងតូចជាចំណីរបស់សត្វត្រកូលខ្លាមានដូចជា ខ្លាពពក ខ្លាលឿងមាស ខ្លាភ្ញីថ្មកែវជាដើម។

យោងតាមការសិក្សាមួយដឹកនាំដោយលោក Thomas E. Gray ដែលបានបោះពុម្ពផ្សាយនៅឆ្នាំ២០១៨ ស្តីពីការគណនាដង់ ស៊ីតេ របស់សត្វក្តាន់ញ៉ែងតូចនៅក្នុងឧទ្យានជាតិក្រវ៉ាញខាងត្បូងបានបង្ហាញថា ដង់ស៊ីតេរបស់វាមានជាមធ្យម ៨១ក្បាល (ចន្លោះពី ៥៧-៩៨) ក្នុងមួយគីឡូម៉ែតក្រឡា។

ក្តាន់ញ៉ែងធ្វើសកម្មភាពច្រើននៅចន្លោះពីម៉ោង ៥-៨ព្រឹក និងចន្លោះពីម៉ោង ៥-៧ល្ងាច។ នៅលើដងខ្លួនពាសទៅដោយ រោមពណ៌ត្នោត និងមានឆ្នូតស ៣ជួរនៅក្រោមក។ ជើងមាន ទំហំធំជាងម្រាមដៃមនុស្សពេញវ័យបន្តិច និងមានជើងក្រោយ វែងជាងជើងមុខ។ ផ្នែកខាងក្រោមនៃដងខ្លួនមានពណ៌ស ឬព្រលែត។ នេះបើតាមការលើកឡើងបន្ថែមពីឯកឧត្តម នេត្រ ភក្ត្រា។

យោងតាមក្រសួងបរិស្ថានបានឱ្យដឹងថាជម្រកដ៏ល្អប្រសើរនៃសត្វនេះគឺចូលចិត្តរស់នៅតាមរន្ធឈើ ក្រហែងថ្ម វាអាចរស់នៅតាមព្រៃ ឈើ ញឹក ចង្អៀត ឬព្រៃឫស្សីដែលត្រជាក់ហើយងងឹត។ វាជា សត្វរាត្រីចរ ចំណីអាហាររបស់វាគឺពន្លករុក្ខជាតិ ត្រួយ ស្លឹកឈើ ផ្កា ផ្លែឈើ និងទំពាំងឫស្សី។

ជាធម្មតា សត្វនេះធ្វើចលនាលោតត្រឹកៗ ផ្លោះយ៉ាងរហ័ស នៅពេល មានអាសន្ន តែក្រោយពីរត់បានបន្តិច តែងតែឈប់ ញឹកញាប់ ហើយពិនិត្យមើលស្ថានភាពជុំវិញខ្លួនវា។ ក្នុងការទាក់ទងគ្នា ក្តាន់ញ៉ែងតូចតែងគោះជើងក្រោយលើដី ឬអង្គត់ឈើយ៉ាងរហ័សជាសញ្ញាសម្គាល់។

សត្វនេះមានសមត្ថភាពខ្ពស់ក្នុងការបង្កើតកូន ក្រោយពី បាន ពពោះរយៈពេល ១៥០-១៧០ថ្ងៃ បង្កើតកូនបានមួយ ជួន កាល អាចភ្លោះតែមានដោយកម្រ៕
ដោយ៖នាង សុគន្ធា

ads banner