មណ្ឌលព្រះកម្មដ្ឋាន ត្រូវបានសម្ពោធឱ្យប្រើប្រាស់ ដើម្បីលើក កម្ពស់វិស័យពុទ្ធសាសនា
សៀមរាប៖មណ្ឌលព្រះកម្មដ្ឋាន «ព្រះករុណា ព្រះមហាក្សត្រ សីហមុនី» ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ដែលមណ្ឌលនេះ នឹងបម្រើដល់វិស័យពុទ្ធសាសនា និងដើរតួនាទីយ៉ាង សំខាន់ក្នុង ការអប់រំដល់ប្រជាជនខ្មែរ ឱ្យស្គាល់អំពីអត្តសញ្ញាណជាតិខ្មែរ ក៏ជាមន្ទីរពេទ្យសម្រាប់ព្យាបាលផ្លូវវចិត្តដ៏សំខាន់ផងដែរ។

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២២ បានយាងសម្ពោធមណ្ឌល ព្រះកម្មដ្ឋាន «ព្រះករុណា ព្រះមហាក្សត្រ សីហមុនី» ដែលមាន ទីតាំងស្ថិតនៅក្នុងភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា ព្រះអង្គមានហឫទ័យរីករាយក្រៃលែង ដែលបានយាងមក ចូល រួមសម្ពោធមណ្ឌលព្រះកម្មដ្ឋាន «ព្រះករុណា ព្រះមហាក្សត្រ សីហមុនី» និងបានចាត់ទុកជាសមិទ្ធផលថ្មី។ ជាមួយគ្នានេះ ព្រះអង្គបានសព្វព្រះរាជហឫទ័យចូលរួមវិភាគទាន ៥ពាន់ដុល្លារ សម្រាប់ទ្រទ្រង់មណ្ឌលព្រះកម្មដ្ឋាន និងបានផ្តល់អំណោយដល់ យាយជី ប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្ស ដែលចូលរួមក្នុង កម្មវិធីសម្ពោធមណ្ឌលព្រះកម្មដ្ឋានផងដែរ។
ក្នុងឱកាសនោះ សម្ដេចព្រះមហាសង្ឃរាជនៃគណៈ ធម្មយុត្តិ កនិកាយ នៃកម្ពុជា បួរ គ្រី មានសង្ឃដីថា ៖ «ព្រះវត្តមានដ៏ ឧត្តុងឧត្តមរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានបង្ហាញ យ៉ាងច្បាស់អំពីទឹកព្រះទ័យគោរពស្រឡាញ់បំផុត ចំពោះព្រះពុទ្ធសាសនា ដែលបានកំណត់ត្រាទុកនៅក្នុង រដ្ឋធម្មនុញ្ញ ជាសាសនារបស់រដ្ឋ និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំដល់ប្រជាជនខ្មែរ ឱ្យស្គាល់អំពីអត្តសញ្ញាណជាតិខ្មែរ លើកស្ទួយវិស័យវប្បធម៌ជាតិ និងជាពិសេសក៏ជាមន្ទីរពេទ្យ សម្រាប់ ព្យាបាលផ្លូវចិត្តដ៏សំខាន់មួយ ដែលផ្នែកខាង វេជ្ជសាស្ត្រកម្រអាចព្យាបាលបាន»។

សម្តេចសង្ឃរាជ បួរ គ្រី មានសង្ឃដីកាថា មណ្ឌលព្រះកម្មដ្ឋាននេះ នឹងបម្រើពុទ្ធសាសនា និងសង្គមជាតិទាំងមូលយ៉ាងធំធេង ស្របតាមមាគ៌ានយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
មណ្ឌលព្រះកម្មដ្ឋាននេះ មានទំហំសរុបចំនួន ១ ០០៤ម៉ែត្រក្រឡា និងចាប់ផ្តើមដំណើការកសាងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។ មណ្ឌលព្រះកម្មដ្ឋាននេះ កសាងឡើងតាមការអនុញ្ញាតរបស់ អាជ្ញាធរជាតិអប្សរា ដែលសាងសង់អំពីឈើប្រមាណ ៩៨ភាគរយ ក្នុងនោះមានដូចជា ធម្មសាលាមានបណ្តោយ ២៨ម៉ែត្រ ទទឹង ១៤ម៉ែត្រ កម្ពស់ ១២ម៉ែត្រ រោងធម្មមានបណ្តោយ ៩ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្ពស់ ១០ម៉ែត្រ និងកុដិ២ ទំហំ ៤ម៉ែត្រគុណ៤ម៉ែត្រ កម្ពស់ ៧ម៉ែត្រ បន្ទប់ទឹកចំនួន២ ទំហំ ៤ម៉ែត្រ គុណ ៣ម៉ែត្រ កម្ពស់៧ម៉ែត្រ៕
ដោយ៖ឡាយ សាមាន