កូនកាត់ខ្មែរ-ចិនហុងកុង អ្នកនាង ណាតាសា វ៉ាន់ បាននិង កំពុងអង្រួនវិស័យច្នៃម៉ូតនៅកម្ពុជាឱ្យកាន់តែ ត្រចះត្រចង់ឡើង
ភ្នំពេញ៖វិស័យច្នៃម៉ូតសម្លៀកបំពាក់បើមើលឱ្យមែនទែនទៅ គឺ ពិតជាធំនិងមានឥទ្ធិពលណាស់ សម្រាប់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាជន ជាពិសេសនៅក្នុងបណ្ដាប្រទេសអភិវឌ្ឍន៍។

ពិតណាស់!បើកេរ្តិ៍ឈ្មោះរបស់អ្នកច្នៃម៉ូតកាន់តែល្បីល្បាញ តម្លៃនៃស្នាដៃរបស់គេក៏ត្រូវតែថ្លៃដូចគ្នា ហេតុនេះហើយ បានជាអ្នកធ្វើការលើវិស័យនេះជាច្រើន បាននិងកំពុងខិតខំប្រឹង ប្រែងកសាងស្នាដៃ បញ្ចូលនូវភាពច្នៃប្រឌិតផ្សេងៗដើម្បីទាញ យកការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ជាដើម។
បើនិយាយដោយឡែកសម្រាប់ប្រទេសកម្ពុជាវិញ វិស័យនេះមិន ទាន់ជាទូលាយប៉ុន្មានទេ មូលហេតុ សំខាន់គឺដោយសារតែ ទំនោររបស់អ្នកប្រើប្រាស់នៅមានកម្រិត និងនៅក្នុងចំនួនតូច នៅឡើយ តែក៏មិនបានន័យថា មិនមានការរីកចម្រើននោះដែរ។ ប្រមាណពីរទៅបីឆ្នាំចុងក្រោយនេះ ឃើញថាមានការរីក ចម្រើន ច្រើន គួរសម។
ជារឿយៗ គេតែឃើញមានការដើរម៉ូតសម្លៀកបំពាក់ កាបូប ស្បែកជើង នៅតាមទីតាំងនានា ក្នុងរាជធានីភ្នំពេញ។ ម៉ូឌែល ល្បីៗនៅក្នុងស្រុក បានពាំនាំមកជាមួយនូវម៉ូតថ្មីៗ ដើរបង្ហាញ ជូនអ្នក ចូលរួមឱ្យបានទស្សនាពីការសម្រិតសម្រាំងថ្មី។
ក្រោយពីការដើរបង្ហាញម៉ូតបានប្រព្រឹត្តទៅចប់សព្វ គ្រប់អស់ ជាទម្លាប់នឹងមានម្ចាស់ស្នាដៃ (Collection owner) ឡើងមកបង្ហាញខ្លួនយ៉ាងគួរ ជាទីមោទនភាព។
ទាំងនេះជាអ្វីដែល អ្នកនាង ណាតាសា វ៉ាន់ តែងតែធ្វើ។ អ្នកនាងគឺជាអ្នកច្នៃម៉ូត (Fashion Designer) ជើងចាស់មួយរូប ដែលបានបញ្ចប់ការសិក្សាផ្នែកច្នៃម៉ូតនៅឯសកលវិទ្យាល័យមួយ ក្នុងប្រទេសអង់គ្លេស។
មានសញ្ជាតិខ្មែរកាត់ចិនហុងកុង អ្នកនាង ណាតាសា វ៉ាន់ ចំណាយពេលនៅក្នុងការសិក្សាស្វែង យល់ពីវិស័យច្នៃម៉ូត ប្រមាណជាជាង ១០ឆ្នាំនៅទីក្រុងឡុនដុន។

អ្នកនាងបានបញ្ចេញនូវ Collection ជាដំបូងរបស់ខ្លួន កាលពីឆ្នាំ ២០១០ ក្រោមបរិបថ (Theme) នៃភាពស្រស់ស្អាតចេញពី ខាងក្នុង។
ដោយផ្តោតលើសិល្បៈដោយដៃ សម្ភារប្រើប្រាស់សម្រាប់ការ Collection របស់អ្នកនាងគឺធ្វើឡើងដោយដៃសុទ្ធសាធនិងដែល ផលិតដោយជាងកាត់ដេរដែលមានបទពិសោធន៍យូរឆ្នាំនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្ដង។
សម្លៀកបំពាក់ដែលចេញពីស្នាដៃរបស់អ្នកនាង គឺត្រូវបានលក់ ចេញ នៅទូទាំងពិភពលោក ហើយជានិច្ចជាកាលសម្លៀក បំពាក់ ទាំងនោះ បានលេចរូបរាងនៅតាមព្រឹត្តិការណ៍បង្ហាញម៉ូត ប្រចាំ សប្ដាហ៍ និងការតាំងក្នុងពិព័រណ៍ធំៗ ដូចជានៅទីក្រុងញ៉ូវយកឆ្នាំ ២០១៩ ទីក្រុងឡុនដុន ឆ្នាំ ២០១៧ និងឆ្នាំ ២០១៩ ទីក្រុងប៉ារីស ឆ្នាំ ២០១៧ ២០១៨ និង២០១៩ និងទីក្រុង Milan ឆ្នាំ ២០២០។
កាលពីឆ្នាំ ២០១៧ អ្នកនាងត្រូវបានតែងតាំងជាអគ្គរាជទូត តំណាងឱ្យកម្ពុជា ក្នុងការចូលរួមការ បង្ហាញម៉ូតនៅទីក្រុងឡុនដុន និងទីក្រុងប៉ារីស ដែលការតែងតាំងត្រូវបានធ្វើឡើងដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាផងដែរ។
អ្នកនាង ណាតាសា បានរៀបរាប់ថា ៖ «ការធ្វើការនៅក្នុងផ្នែក ច្នៃម៉ូតសម្លៀកបំពាក់នេះ ខ្ញុំមានអារម្មណ៍ថា វាជាទំនួលខុស ត្រូវរបស់យើងក្នុងការបញ្ចូនសារមួយទៅកាន់មនុស្សជំនាន់ក្រោយ ដោយប្រើប្រាស់ស្នាដៃយើងទៅអប់រំពួកគេ»។
អ្នកនាង បន្តទៀតថា ៖ «ខ្ញុំជឿជាក់ថាពិភពនៃម៉ូត គឺធំទូលំទូលាយ ណាស់ ហើយវាក៏ជាវេទិកាដ៏ធំមួយ ដែលយើងអាចយល់ បាន អំពីស្ថានភាពសង្គមបច្ចុប្បន្ន ដូច្នេះហើយ វាមិនខុសអ្វីពីការ សរសេរប្រវត្តិ សាស្ត្រ សម្រាប់បន្សល់ទុកឱ្យមនុស្សជំនាន់ ក្រោយនោះទេ»។
វិស័យនេះមានការវិវត្តលឿនណាស់ពីសម័យកាលមួយ ទៅសម័យ កាលមួយទៀត ប៉ុន្តែនៅក្នុងការ វិវត្តមួយ វាគួរតែមានភាពប្រសើរ ជាងអ្វីដែលធ្លាប់បានធ្វើរួចហើយ ហើយអ្វីដែលអ្នកនាងធ្វើនៅ ពេល នេះគឺទុកជាទុនមួយ ដើម្បីឱ្យអ្នកជំនាន់ក្រោយរៀនសូត្រ និងកែតម្រូវឱ្យកាន់តែល្អសម្រាប់វិស័យនេះទៅថ្ងៃអនាគត។
សម្រាប់អ្នកនាង ការធ្វើការនៅក្នុងវិស័យនេះវាពិតជាមិនមាន ភាពងាយស្រួលប៉ុន្មានទេ ប៉ុន្តែយ៉ាងណា ដោយការស្រឡាញ់ និងពេញចិត្តចំពោះអាជីពនេះ អ្នកនាងតែងតែអាចរិះរកវិធីបន្ត ដំណើរទៅមុខ ទៀតដើម្បីអាចសម្រេចគោលដៅជីវិតដែល ខ្លួនបានព្រាងទុក។
ដោយឡែក កាលពីពេលថ្មីៗនេះ អ្នកនាងត្រូវបានក្រុមហ៊ុន ស្រាបៀរ ABC ជ្រើសជាបុគ្គលល្អឯក ប្រចាំឆ្នាំ ២០២២ ក្នុង ចំណោមបុគ្គលល្អឯកទាំងប្រាំបួននាក់ផ្សេងទៀត។ សម្រាប់ អ្នកនាង ការក្លាយខ្លួន ជាបុគ្គលល្អឯកគឺសំដៅលើការមាន សមត្ថភាព ក្នុងការផ្លាស់ប្ដូរភាពអវិជ្ជមាន ទៅជាវិជ្ជមាន ទទួលយក បន្តរៀនសូត្រ និងបន្តដំណើរទៅមុខទៀត៕
ដោយ៖កែវ បុស្បា