ផ្ទះប្រជាពលរដ្ឋជាងមួយពាន់ខ្នង នៅខេត្តព្រះសីហនុ បានរងការខូចខាត បន្ទាប់ពីមានខ្យល់បោកបក់ខ្លាំង នៅរដូវរំហើយ

អត្ថបទដោយ៖
CPA

ព្រះសីហនុ៖ផ្ទះប្រជាពលរដ្ឋជាង ១២៦០ខ្នង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរងការខូចខាត បន្ទាប់ពីមានខ្យល់បោកបក់ ខ្លាំង នៅរដូវរំហើយនេះ ដែលផ្ទះដែលរងការខូចខាតនោះមាន ដូចជា រប៉ើកដំបូល និងខ្លះបាក់រលំដល់ដីតែម្តង ខណៈដែលមាន ពលរដ្ឋម្នាក់បានរងរបួស ដោយសារខ្យល់ព្យុះរដូវរំហើយ។ នេះជាការបញ្ជាក់របស់លោក អ៊ី ធារិន្ទ អភិបាលស្រុកព្រៃនប់ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។

ខ្យល់ព្យុះរដូវរំហើយ ត្រូវបានគេរាយការណ៍ថា បានបោកបក់ ពីជើងភ្នំកំចាយ ចាប់តាំងពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែធ្នូ ទើបបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋរងការខូចខាតបែបនេះ។
លោកអភិបាលស្រុកព្រៃនប់បន្ថែមថា ៖ «ស្ថានភាពខ្យល់នៅ តែបន្តធ្លាក់មិនទាន់ធូរស្បើយនៅឡើយ គិតមកត្រឹមថ្ងៃត្រង់ ថ្ងៃដដែលនេះ ក្នុងនោះអាជ្ញាធរ បាននិងកំពុងចាត់ចែងពិនិត្យ ដោះស្រាយជួយពលរដ្ឋរងគ្រោះ និងអំពាវនាវឲ្យពលរដ្ឋបង្កើន ការប្រុងប្រយ័ត្ន ពីសុវត្ថិភាព ចំពោះគ្រោះធម្មជាតិ»។

អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានអំពាវនាវ កាល ពីថ្ងៃទី១៦ ខែធ្នូ កន្លងទៅថ្មីៗនេះ ដោយឲ្យប្រជាពលរដ្ឋ រួម ជាមួយអ្នកទេសចរទាំងអស់ មានការប្រុងប្រយ័ត្នចំពោះការធ្វើ ដំណើរទាំងផ្លូវគោក និងតាមផ្លូវទឹក ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ តាមរយៈការព្យាករណ៍អាកាសធាតុ បានឱ្យដឹង ថា នឹងមានខ្យល់រលកខ្លាំង ដែលអាចបង្កហានិភ័យសម្រាប់ ការធ្វើដំណើរ ក៏ដូចជានៅតាមបណ្តាស្រុកភូមិមួយចំនួនផងដែរ។

លោកបន្តថា បណ្ដាសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវ ម្ចាស់ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងប្រជា នេសាទ ប្រជាពលទាំងអស់ ដែលត្រូវធ្វើដំណើរតាមផ្លូវគោក នឹងផ្លូវទឹក ត្រូវយកចិត្តទុកដាក់ និងបង្កើននូវការប្រុងប្រយ័ត្នឱ្យ បានខ្ពស់បំផុត ដោយត្រូវតាមដានស្ថានភាពជាក់ស្ដែង។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ៖ «បើសិនជាដូចក្នុងការ ព្យាករណ៍អាកាសធាតុនេះ ប្រជាពលរដ្ឋមិនគួរមានការ ធ្វើ ដំណើរចាប់ពីល្ងាចថ្ងៃទី១៧ ដល់ព្រឹកថ្ងៃទី១៩ឡើយ។ ប៉ុន្តែបើសិនជាមានការចាំបាច់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងមានការទទួលខុសត្រូវកម្រិតខ្ពស់ផងដែរ»។

ក្រៅពីនេះទៀត សម្រាប់អ្នកដែលពាក់ព័ន្ធជាមួយទូក ឬកាណូត លោកអភិបាលខេត្តរូបនេះសូមឱ្យមានការត្រួតពិនិត្យ និងត្រូវបំ ពាក់ អាវពោងឲ្យបានគ្រប់គ្រាន់ពេលធ្វើដំណើរ។

ឯកឧត្តម គួច ចំរើន បញ្ជាក់ថា ៖ «ដូច្នេះសូមឱ្យមានការយក ចិត្តទុក ដាក់ឱ្យ បានល្អប្រសើរទាំងអស់គ្នា ដើម្បីការពារសុខ សុវត្ថិភាពជូនដល់ នូវការធ្វើដំណើរទាំងឡាយនៅលើផ្លូវសមុទ្រ»៕
ដោយ៖ជា សុខនី

ads banner