តៃវ៉ាន់ស៊ើបអង្កេត TikTok ជុំវិញប្រតិបត្តិការ «ខុសច្បាប់»
តៃប៉ិ៖ រដ្ឋាភិបាលតៃវ៉ាន់បើកការស៊ើបអង្កេតលើកម្មវិធីទូរស័ព្ទដៃ ចិនទិកតុក (TikTok) ដោយសង្ស័យថាបានដំណើរការក្រុមហ៊ុនបុត្រ សម្ព័ន្ធមួយនៅលើកោះនេះដោយខុសច្បាប់ ហើយព្រមានថា កម្មវិធី នេះគឺជាឧបករណ៍ផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ក្រុងប៉េកាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
វិធានការស៊ើបអង្កេតនេះធ្វើឡើងខណៈដែល TikTok មានសម្ពាធ និងភាពចម្រូងចម្រាស់ជាច្រើននៅសហរដ្ឋអាមេរិក ជុំវិញការព្រួយ បារម្ភអំពីការចោទប្រកាន់ដែលថាក្រុមហ៊ុននេះអាចឱ្យទិន្នន័យទៅរដ្ឋាភិបាលចិនប្រើប្រាស់ ដែលការចោទប្រកាន់នេះត្រូវបាន TikTok ច្រានចោល។
ក្នុងសេចក្តីថ្លែងការណ៍នៅល្ងាចថ្ងៃអាទិត្យទី ១៨ ខែធ្នូ ក្រុមប្រឹក្សា កិច្ចការចិនដីគោករបស់តៃវ៉ាន់ បានលើកឡើងថា កាលពីថ្ងៃទី ០៩ ខែធ្នូ ក្រុមការងារក្រោមគណៈរដ្ឋមន្ត្រីបានរកឃើញថា TikTok រងការសង្ស័យថាធ្វើ «ប្រតិបត្តិការពាណិជ្ជកម្មខុសច្បាប់» នៅតៃវ៉ាន់។
បើតាមការរាយការណ៍របស់កាសែតតៃវ៉ាន់ Liberty Times ក្រុមហ៊ុនចិន ByteDance ដែលជាម្ចាស់ក្រុមហ៊ុន TikTok បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៅតៃវ៉ាន់ ដើម្បីផ្សព្វផ្សាយ ពាណិជ្ជកម្មដោយបំពានច្បាប់តៃវ៉ាន់ ដែលមិនអនុញ្ញាតឱ្យវេទិកា បណ្ដាញសង្គមចិនធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅកោះនេះ។
ឆ្លើយតបនឹងការរាយការណ៍នេះ ក្រុមប្រឹក្សាកិច្ចការចិនដី គោក អះអាងថា ក្រុមការងាររបស់គណៈរដ្ឋមន្ត្រីបានរកឃើញថា ពិតជា មានការសង្ស័យថាបំពានច្បាប់ ហើយអាជ្ញាធរផ្នែកច្បាប់កំពុង ស៊ើបអង្កេត។
នាយកដ្ឋានរដ្ឋាភិបាលដដែលបន្ថែមថា៖ «ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ភាគីចិនដីគោកបានប្រើប្រាស់វេទិកាវីដេអូខ្លីៗ ដូចជា TikTok ដើម្បីអនុវត្តប្រតិបត្តិការបំភាន់ការយល់ដឹង និងការជ្រៀតចូលប្រឆាំងនឹងប្រទេសដទៃទៀត ហើយវាមាន ហានិភ័យខ្ពស់ដែលរដ្ឋាភិបាលចិនកំពុងប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់»។
ជុំវិញការស៊ើបអង្កេតនេះ ក្រុមហ៊ុន TikTok មិនទាន់ចេញប្រតិកម្ម យ៉ាងនោះទេ។ គួរគូសបញ្ជាក់ថា តៃវ៉ាន់ហាមឃាត់ប្រតិបត្តិការ អាជីវកម្មចិនជាច្រើននៅលើកោះនេះ រាប់តាំងពីវេទិកាបណ្ដាញសង្គម រហូតដល់ឧស្សាហកម្មផលិតបន្ទះឈីប។
បច្ចុប្បន្ននេះ Facebook និង Instagram ដែលស្ថិតនៅក្រោមការ គ្រប់គ្រងរបស់ក្រុមហ៊ុនមេតា គឹជាបណ្ដាញសង្គមដ៏ធំបំផុតនៅតៃវ៉ាន់ ប៉ុន្តែ TikTok កំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងក្នុង ចំណោម យុវវ័យ។ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ ទីផ្សារ ផ្សេងៗ៕
ដោយ៖ហួន ឌីណា
ប្រភព៖ Taiwan probes TikTok for suspected illegal operations