កូរ៉េខាងជើងបាញ់មីស៊ីលចម្ងាយមធ្យមពីរគ្រាប់បន្ថែមភាពតាងតឹងជាថ្មី
សេអ៊ូល៖ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួនពីរគ្រាប់ឆ្ពោះ ទៅ កាន់សមុទ្រនៅឆ្នេរខាងកើតឧបទ្វីបកូរ៉េ។ អគ្គសេនាធិការចម្រុះនៃកងទ័ពកូរ៉េខាងត្បូង (JCS) បាននិយាយថា កាំជ្រួចរយៈចម្ងាយមធ្យមទាំងពីរបានហោះបានចម្ងាយប្រហែល៥០០គីឡូម៉ែត្រ នៅថ្ងៃអាទិត្យ១៨ធ្នូខែនេះ។
អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Toshiro Ino បាននិយាយថា គ្រាប់កាំជ្រួចទំនងជាធ្លាក់នៅក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសជប៉ុន តែមិនមានរបាយការណ៍អំពីការខូចខាតនោះទេ។
អគ្គសេនាធិការកងទ័ពកូរ៉េខាងត្បូង បាននិយាយនៅក្នុង សេចក្តី ថ្លែងការណ៍ មួយថា ៖«មីស៊ីលផ្លោងរបស់កូរ៉េខាងជើងត្រូវបាន បាញ់នៅមុំដ៏ចោត ហើយបានគ្រាប់បានធ្លាក់ក្នុងសមុទ្រខាងកើត” ។
ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងធ្វើការ វិភាគយ៉ាងម៉ត់ចត់ ពីនិន្នាការថ្មីៗទាក់ទងនឹងការអភិវឌ្ឍន៍មីស៊ីល របស់កូរ៉េខាងជើង។អ្នកជំនាញបាននិយាយថា ការបាញ់បង្ហោះ មីស៊ីលរបស់កូរ៉េខាងជើងកាន់តែលឿននិងទំនើបជាមុនៗ ខណៈដែលប្រទេសនេះកំពុងស្វែងរកការអភិវឌ្ឍអាវុធយុទ្ធសាស្ត្រថ្មី និងបង្កើនល្បឿនកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មាន KCNAរបស់រដ្ឋផ្ដាច់ការមួយនេះ បាន រាយការណ៍កាលពីថ្ងៃសុក្រថា លោកគីម ជុងអ៊ុន បានដឹកនាំក្នុង យុទ្ធនាការបាញ់បង្ហោះផ្កាយរណប Sohae ដែលត្រូវបានប្រើ ដើម្បីសាកល្បងបច្ចេកវិទ្យាមីស៊ីល រួមទាំងម៉ាស៊ីនរ៉ុក្កែត និងយាន បាញ់បង្ហោះអវកាស។
ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងកាំជ្រួចមីស៊ីលជាច្រើនដែលមិនធ្លាប់មានក្នុងឆ្នាំនេះ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលមានសមត្ថភាពបាញ់ទៅដល់ដីគោករបស់សហរដ្ឋអាមេរិក ទោះបីជាមានការហាមឃាត់ និងទណ្ឌកម្មពីអន្តរជាតិក៏ដោយ។
កាលពីខែវិច្ឆិកា កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួច ICBM ខណៈដែលមន្ត្រីជប៉ុននិយាយថា កាំជ្រួចនេះ អាចបាញ់ទៅដល់ដី គោករបស់សហរដ្ឋអាមេរិក ហើយគ្រាប់មីស៊ីលធ្លាក់នៅចម្ងាយតែ 200 គីឡូម៉ែត្រប៉ុណ្ណោះ ពីប្រទេសជប៉ុន។
កាលពីថ្ងៃសុក្រ ប្រទេសជប៉ុន បានបង្ហាញផែនការ ទំនើបកម្ម យោធាដ៏ ធំបំផុតរបស់ខ្លួន ចាប់តាំងពីសង្គ្រាមលោកលើកទី២ ដោយគ្រោងចាយប្រាក់ចំនួន ៣២០ ពាន់លានដុល្លារអាមេរិក៕
ដោយៈវណ្ណ ស័ក្ដិ