ផ្ទៃដីនៅខេត្តចំនួន១២ នៅកម្ពុជាអាចនឹងអស់មីននាឆ្នាំ២០២៣
ភ្នំពេញ៖ ផ្ទៃដីនៅខេត្តចំនួន១២នៅកម្ពុជាអាចនឹងអស់មីន នាឆ្នាំ ២០២៣។ ក្នុងកិច្ចការបោសសម្អាតមីនជាង៣០ឆ្នាំ អាជ្ញាធរមីន (CMAA) បានគូសបញ្ជាក់ថា កម្ពុជាបានប្រកាសខេត្តចំនួនប្រាមមួយ ជាខេត្តអស់គ្រាប់មីនឬខេត្តដែលផ្ទៃដីមានសុវត្ថិភាពត្រឹមពាក់កណ្ដាលខែធ្នូនេះ ខណៈដែលស៊ីម៉ាក់ក៏គ្រោងនឹងប្រកាសខេត្តចំនួន ប្រាំមួយ ទៀត ក្នុងឆ្នាំ២០២៣ ដើម្បីគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ខាងមុខ។
ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃអាជ្ញាធរមីន បានឱ្យដឹងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ថា កម្ពុជាបានជោគជ័យ លើកិច្ចការបោសសម្អាតមីនលើរាជធានីខេត្តចំនួនប្រាំមួយ ដែល ប្រកាសជាខេត្តអស់មីន ក្នុងនោះ រួមមាន ខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ ព្រះសីហនុ និងខេត្តត្បូងឃ្មុំ ដែលទើបប្រកាសនៅ ពាក់ កណ្តាល ខែធ្នូ ឆ្នាំ២០២២ នេះតាមរយៈគម្រោងសម្តេចតេជោ។
លោកបន្ថែមថា អាជ្ញាធរមីនគ្រោងនឹងប្រកាសខេត្តអស់មីនចំនួន ប្រាំមួយ ទៀតដែរនៅឆ្នាំ២០២៣ ដែលខេត្តចំនួនប្រាំ នៅ ក្រោម គម្រោងសម្តេចតេជោក្នុងសកម្មភាពបោសសម្អាតមីន «ផ្តល់ដី សុវត្ថិភាព បង្កើតស្នាមញញឹម» ដែលក្នុងនោះមាន ខេត្តកំពង់ចាម តាកែវ កំពង់ឆ្នាំង កំពត និងខេត្តស្វាយរៀង រួមទាំងខេត្តកណ្តាល ដែលនៅក្រោមកិច្ចសហការរបស់ដៃគូអភិវឌ្ឍក្នុងកិច្ចការបោសសម្អាតមីននេះ។
ឯកឧត្តម លី ធុជ ថា៖« ក្នុងការងារបោសសម្អាតមីនសម្រាប់ គោលដៅ ដល់ឆ្នាំ២០២៥នេះ បញ្ហាប្រឈមចម្បងនោះគឺផ្នែក ហិរញ្ញវត្ថុ ចំពោះកម្លាំងក្រុមការងារ និងបច្ចេកទេស យើងមានគ្រប់ គ្រាន់ហើយ។ ធនធានហិរញ្ញវត្ថុជាបញ្ហាប្រឈមដែលយើងនៅខ្វះខាត ដោយក្នុង មួយ ឆ្នាំយើងចង់បោសសម្អាតមីនឱ្យអស់ក្នុងផ្ទៃដីពី ២៥០ ទៅ ២៦០ គីឡូម៉ែត្រក្រឡា» ។
អនុប្រធានទី១ នៃអាជ្ញាធរមីន បានបញ្ជាក់ថា រដ្ឋាភិបាលបានផ្តល់ កញ្ចប់ថវិកាចំនួន ៣០លានដុល្លារបន្ថែម ដល់អាជ្ញាធរមីនកម្ពុជា តាមរយៈមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ សម្រាប់អាជ្ញាធរនេះ ប្រើការសម្រាប់កិច្ចការបោសសម្អាតមីនជាមួយគោលដៅអាទិភាព ព្រមទាំងសហការជាមួយដៃគូអភិវឌ្ឃនានាទៀត ដើម្បីសម្រេច បានទិសដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។
ឯកឧត្តម លី ធុជ បន្តថា កម្ពុជាបាននិងកំពុងបន្តកិច្ចការបោសសម្អាត មីនយ៉ាងសកម្មនៅតាមបណ្ដោយព្រំដែនដែលរួមសហការនឹងកងទ័ពជើងគោក។ ដោយឡែកនៅបណ្តោយព្រំដែនកម្ពុជា-ថៃ អាជ្ញាធរមីន ដែលទទួលភារកិច្ចដឹកនាំសម្រាប់ភាគីកម្ពុជាជាមួយប្រតិបត្តិករ បី ស្ថាប័នទៀតមាន មជ្ឈមណ្ឌលរក្សាសន្តិភាព និងកងទ័ពជើងគោក និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) ដែលកំពុង រៀបចំក្រុមការងារនិងសម្រួលកិច្ចការបោសសម្អាតមីនរួមសហការជាមួយភាគីថៃ ដែលអាចមានលទ្ធភាពចាប់ផ្តើមនៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣។
គួរបញ្ជាក់ថា សង្គ្រាមស៊ីវិល នៅកម្ពុជាបាននាំគ្រាប់មីន មកដាំ លើផ្ទៃដីប្រទេសកម្ពុជាជិត ៤ពាន់គីឡូម៉ែត្រក្រឡា ត្រូវបាន គ្រប ដណ្តប់ដោយមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ កម្ពុជា បាន ចាប់ផ្តើមយុទ្ធនាការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះនៅឆ្នាំ១៩៩២ មកដល់ឆ្នាំ២០២២នេះ មានរយៈពេល ៣០ឆ្នាំទៅហើយ ដែលរដ្ឋាភិបាលកម្ពុជា បានផ្ដល់ថវិកាជាង ២០០ លានដុល្លារអាមេរិក សម្រាប់ចូលរួមក្នុងការងារសកម្មភាពមីននេះ។
គិតត្រឹមខែតុលា ឆ្នាំ២០២២ កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២ ០០១ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនចំនួន ៧០៣គីឡូម៉ែត្រក្រឡា និងសំណល់ជាតិ ផ្ទុះពីសង្គ្រាមចំនួន ១ ២៩៨គីឡូម៉ែត្រក្រឡា រាប់បញ្ចូលទាំងគ្រាប់ បែកចង្កោម៕ដោយ៖ សំបាន ច័ន្ទដារ៉ា