ទំហំពាណិជ្ជកម្មកម្ពុជា និងចិនសម្រេចបាន ៥.៩ពាន់លានដុល្លារ កើនឡើង ១៩.៧% ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២២
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២២នេះ មានទំហំជាង ២៧ពាន់លានដុល្លារ កើនឡើង ២០.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ថ្លែងក្នុងពិធីបុណ្យនិទាឃរដូវឆ្នាំ២០២៣ និងពិធីជប់លៀងមិត្តភាព ដែលរៀបចំដោយសភាពាណិជ្ជកម្មចិនជាំងស៊ូនៅកម្ពុជា នាល្ងាចថ្ងៃទី១៨ ខែធ្នូនេះ នៅសណ្ឋាគារហួង សាន រាជធានីភ្នំពេញ ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន មានប្រសាសន៍ថា ពិធីជប់លៀងមិត្តភាពដ៏មហោឡារិកនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់មួយរបស់សភាពាណិជ្ជកម្មចិនជាំងស៊ូនៅកម្ពុជា ហើយក៏ជាឱកាសដ៏ល្អមួយដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាមួយមិត្តភក្តិនៅកម្ពុជារបស់យើង។
ឯកឧត្តមបន្តថា ទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន នឹងមិនអាចឈានមកទល់ពេលនេះបានទេ ប្រសិនបើគ្មានការជឿទុកចិត្ត និងការគាំទ្រពីអ្នកទាំងអស់គ្នា និងពីគ្រប់វិស័យនៃសង្គមចិន។ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិនត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការអភិវឌ្ឍន៍ទាំងកម្ពុជា និងចិន។
ឯកឧត្តមបន្ថែមថា ក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ យើងកំពុងធ្វើការរួមគ្នាដើម្បីកសាងវេទិកានៃការតភ្ជាប់ ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងសហប្រតិបត្តិការ។ ការខំប្រឹងរួមគ្នារបស់យើងទាំងអស់នេះ បានរួចំណែកដល់ការរីកចម្រើននៅក្នុងប្រទេសរបស់យើង និងការអភិវឌ្ឍន៍ទូទាំងតំបន់ ជាពិសេស នឹងបន្តធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ច កែលម្អសុខុមាលភាពរបស់ប្រជាជន រក្សាភាពស្អិតរមួតក្នុង សង្គម និងការលើកកម្ពស់ពាណិជ្ជកម្មសេរី។
បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ដែលសម្រេចបានទំហំពាណិជ្ជកម្ម ៥.៩ពាន់លានដុល្លារ កើនឡើង១៩.៧% បើធៀបនឹងរយៈពេល៦ខែដូចគ្នា កាលពីឆ្នាំ២០២១។ តាមពីក្រោយចិន គឺសហរដ្ឋអាមេរិក ដែលសម្រេចទំហំពាណិជ្ជកម្មរវាងគ្នា មានតម្លៃជាង ៤.៨១ពាន់លានដុល្លារ កើនឡើង៥១.៨% ៕ ដោយ៖ ទីណា


