សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានអញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ដែលពិធីប្រគល់ និងទទួលបានប្រព្រឹទ្ធទៅនៅវិមានសន្តិភាព ។

ពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម ត្រូវបានប្រគល់ជូនពីកិច្ចប្រជុំកំពូលបច្ចេកវិទ្យានិងសេដ្ឋកិច្ចចិនសកល និងវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។ ការសម្រេចផ្តល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងបន្ទាប់ពីវិទ្យាស្ថាន បានសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ វិទ្យាស្ថាន បានកត់សម្គាល់ពីភាពប៉ិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ហើយបានធ្វើពលីកម្មដោយមិនចេះនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាព ភាពក្សេមក្សាន្ត វឌ្ឍនភាព ភាពរីកចម្រើន និងវិបុលភាពសម្រាប់ជាតិ និងប្រជាជាតិកម្ពុជា។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ចាប់តាំងពីកម្ពុជា បានក្លាយជាសមាជិកទី១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឆ្នាំ១៩៩៩, កម្ពុជា ត្រូវបាន ទទួលស្គាល់ថា ជាប្រទេសមួយ ដែលបានធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងតំបន់ និង ពិភពលោក, បានកសាងចំណងមិត្តភាព និង សហប្រតិបត្តិការល្អប្រសើរជាមួយ បណ្តាប្រទេសនានាហើយបានកំពុងចូលរួមបំពេញតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និង ស្មើភាព ក្នុងគ្រប់កិច្ចការអន្តរ ជាតិ ទាំងក្នុងក្របខណ្ឌតំបន់ និង ពិភពលោក។

ជាក់ស្តែង កិច្ចខិតខំប្រឹងប្រែងក្នុងការដឹកនាំ និងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដោយជោគជ័យ នៅឆ្នាំ២០០២, ២០១២ និង ២០២២ គឺជាមោទនភាពជាតិសម្រាប់កម្ពុជា នៅលើឆាកអន្តរជាតិដែលបង្ហាញដល់ពិភពលោកអំពីស្មារតីរួមចំណែកដល់ការកសាងសហគមន៍អាស៊ាននិងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីសន្តិភាព,ស្ថិរភាព,សន្តិសុខ និង ការអភិវឌ្ឍ ប្រកបដោយចីរភាពនៅក្នុងសកលលោកនិងតំបន់ ។

សម្រាប់ឆ្នាំ២០២២នេះ កម្ពុជា បានទទួលជាប្រធានអាស៊ានប្ដូរវេន ជាលើកទី ៣ ស្របពេលដែលតំបន់និងសកលលោកកំពុងប្រឈមនឹង សម្ពាធពីគ្រប់ទិសទីរួមមាន៖ ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ,សង្គ្រាម,ជំងឺកូវីដ១៩,វិបត្តិស្បៀងអាហារនិងថាមពល,និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ។

សម្ដេចបញ្ជាក់ថា ទោះបីជួបប្រទះនូវបញ្ហាប្រឈមជាច្រើនក្ដី កម្ពុជា បានដឹកនាំនាវាអាស៊ាន ប្រកបដោយជោគជ័យ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់លើរបៀបវារៈសម្រាប់សន្តិភាព និងកិច្ចសហប្រតិបត្តិការ និងការព្យាយាមប្រមូលនូវកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកាត់ បន្ថយផលប៉ះពាល់នៃការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាចធំៗ, បណ្ដុះទំនាក់ទំនងមិត្តភាព, ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងទាំងសង្គម និង សេដ្ឋកិច្ច, កសាងទំនុកចិត្តជាមួយប្រទេសដៃគូ និង ជាពិសេស ដើម្បីជំរុញសមាហរណកម្មតំបន់ និងសម្រេចឱ្យបាននូវ «ចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥» ។

សម្ដេចតេជោ បានបន្តថា ចិនជាដៃគូពាណិជ្ជកម្មធំបំផុតទី១ របស់អាស៊ាន ដោយពាណិជ្ជកម្មទំនិញសរុបរវាងអាស៊ាន និងចិន បានកើនឡើងរហូតដល់ប្រមាណ៦៦៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ពោល កើនឡើង ២៨ភាគរយ ខណៈដែលរំហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីចិនមកអាស៊ាន មានចំនួន ១៣,៦ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១ ដែលកើនឡើងជិតទ្វេដង ធៀបនឹងឆ្នាំ ២០២០ ។ ជាមួយនឹងការចូលរួមចំណែកទាំងនេះ ផ្អែកតាមការ វាយតម្លៃ និង ព្យាករណ៍របស់ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចអាស៊ានបូកបី កាលពីខែតុលា កន្លងទៅនេះ, តំបន់អាស៊ាន នឹងអាចសម្រេចបានកំណើនក្នុងអត្រា ៥,៣% និង ៤,៩% ក្នុងឆ្នាំ ២០២២ និង ២០២៣ រៀងគ្នា ដែលជាអត្រាខ្ពស់, បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត នៃ សកលលោក ។

សម្ដេចតេជោ បានលើកឡើងថា ការអភិវឌ្ឍរបស់សាធារណរដ្ឋប្រជាមានិតចិន គឺជាសមិទ្ធផលដ៏អស្ចារ្យដែលបានផ្ដល់ ផលប្រយោជន៍ជាច្រើន មិនត្រឹមតែប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែផ្ដល់បច្ច័យវិជ្ជមានយ៉ាងច្រើន សម្រាប់អាស៊ាន និង កម្ពុជា ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច, សង្គម និង ភូមិសាស្ត្រនយោបាយ ។ សម្ដេច សង្ឃឹមជឿជាក់ថា កិច្ចសហការអាស៊ាន-ចិន ដែលបាន និងកំពុងនឹងបើកទំព័រថ្មីមួយតាមរយៈការអនុវត្ត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន» និង ការបង្កើត «តំបន់ពាណិជ្ជកម្មសេរីចិន- អាស៊ាន ទម្រង់ថ្មី ៣.០» នឹងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ រវាង តំបន់ទាំងពីរ ឱ្យកាន់តែមានសក្តានុពលប្រកបដោយថាមវន្តបន្ថែមទៀត ។

សម្ដេចបានបន្តថា ស្ថិតក្នុងបរិការណ៍នេះដែរ អាស៊ាន-ចិន ត្រូវតែធ្វើការរួមគ្នា ដើម្បីជំរុញបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលមានលក្ខណៈបើកចំហ, តម្លាភាព, ប្រកបដោយបរិយាបន្ន, បំពេញបន្ថែម និង ផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។ ក្នុងន័យនេះ, យើងត្រូវបន្ត និង បង្កើនកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់នូវគំនិតផ្តួចផ្តើម និង កិច្ចសហប្រតិបត្តិការក្នុងតំបន់ផ្សេងៗទៀត ដើម្បីចាប់យកសក្តានុពល នៃកិច្ចអភិវឌ្ឍរបស់តំបន់ទាំងពីរឱ្យបានជាអតិបរមា ។

ឆ្លៀតឱកាសនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថែមថា អាស៊ាន និង ចិន ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសលើការពន្លឿនការធ្វើសមាហរណកម្ម សង្គម-សេដ្ឋកិច្ច ការលុបបំបាត់របាំងពាណិជ្ជកម្មការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និង ផលិតកម្មក្នុងតំបន់ ព្រមទាំងការចាប់យកនូវកាលានុវត្តភាពថ្មីៗ ពីសេដ្ឋកិច្ចឌីជីថល កំណើន បៃតង, អន្តរកាលថាមពល និង ការបង្កើនសមត្ថភាពសហគ្រាសមីក្រូ ធុនតូច និង មធ្យម (MSMEs) ដែលត្រូវបានចាត់ទុកថាជាចន្ទល់កំណើនសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី, និង ជាពិសេសការប្រកាន់ខ្ជាប់នូវអភិក្រមពហុភាគីនិយម ក្នុងការដោះស្រាយរាល់នូវបញ្ហានានា ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងនឹងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអភិវឌ្ឍកម្ពុជា និង ថែរក្សាសមិទ្ធផលទាំងឡាយ ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលជាង ៤០ ឆ្នាំនេះ ។ ទន្ទឹមនេះដែរ, អាស៊ាន-ចិន នឹងបន្តពូនជ្រុំលើសមិទ្ធផល ដែលសម្រេចបាន ក៏ដូចជា លើកម្ពស់កិច្ចសហប្រតិបត្តិការនានា សំដៅលើកស្ទួយសុខសន្តិភាព, ស្ថិរភាព និង ការអភិវឌ្ឍ ក្នុងតំបន់ និង សកលលោកទាំងមូល ។ សម្ដេចសង្ឃឹមថា អ្នកបន្តវេនជំនាន់ក្រោយ នឹងបន្តស្មារតីរួបរួម គ្នា ដើម្បីថែរក្សាសុខសន្តិភាព និង លើកស្ទួយការអភិវឌ្ឍជាតិ និង តំបន់ ដោយកសាងលើសមិទ្ធផល ដែលសម្រេចបានក្នុងពេលបច្ចុប្បន្ន ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner