អង្គការWWF៖ អត្រានៃការស្លាប់របស់សត្វផ្សោតទន្លេ កើនខ្ពស់ ដែលមិនធ្លាប់មានពីមុន សម្រាប់រយៈពេល បីឆ្នាំ ចុងក្រោយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ របាយការណ៍នៃអ្នកអភិរក្សសត្វបានបង្ហាញថា គិត ត្រឹម ថ្ងៃទី១៨ខែធ្នូឆ្នាំ២០២២នេះ សត្វផ្សោតទន្លេមេគង្គជិត១០ ក្បាលបានស្លាប់ ដោយគិតទាំងសត្វផ្សោតមួយក្បាលថ្មីដែល ទើប បានរកឃើញបាត់បង់ជីវិតកាលពីពេលថ្មីៗកន្លងទៅនេះ ។ការបាត់បង់នេះបានធ្វើឱ្យអ្នកជំនាញមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអត្រានៃការស្លាប់ដ៏ខ្ពស់ដែលមិនធ្លាប់មានពីមុនសម្រាប់អំឡុងរយៈពេលបីឆ្នាំចុងក្រោយនេះ។

យោងតាមអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ កម្ពុជា (WWF) បានឱ្យដឹងនៅថ្ងៃទី២០ ខែធ្នូ ថា សត្វផ្សោត ទឹកសាបមួយក្បាលថ្មីទៀតបានងាប់ដែលរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអង្គការ WWF មានការសោកស្ដាយយ៉ាងពន់ពេកចំពោះការបាត់បង់សត្វផ្សោតថ្មីនេះពីក្នុងហ្វូងសត្វផ្សោតទន្លេមេគង្គ។

សត្វផ្សោតដែលបានងាប់មួយក្បាលនេះជាសត្វផ្សោតឈ្មោលមានអាយុប្រមាណចន្លោះពី១៥ ទៅ ២០ឆ្នាំ មានប្រវែង ២៣០ សង់ទីម៉ែត្រ ទម្ងន់១៦២គីឡូក្រាម។

សាកសពសត្វផ្សោតនេះត្រូវបានប្រទះឃើញអណ្តែតតាមទឹកទន្លេ ក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

យោងតាមWWF បានឱ្យដឹងទៀតថា ក្រោយការពិនិត្យ សាកសពសត្វផ្សោតយ៉ាងម៉ត់ចត់កាលពីថ្ងៃទី១៨ ខែធ្នូ កន្លង ទៅក្រុមជំនាញស្រាវជ្រាវរបស់រដ្ឋបាលជលផល-WWF បាន សន្និដ្ឋានជាបឋមថា សត្វផ្សោតបានស្លាប់ដោយសារការជាប់ នឹង មងនេសាទដោយសារក្រុមជំនាញស្រាវជ្រាវ បានរកឃើញ ស្លាកស្នាមនៃសរសៃមងនៅលើផ្ទៃកន្ទុយ ដងខ្លួន និងស្នាម រលាត់នៅលើផ្នែក ក របស់វា។

ប្រភពដដែលនេះបញ្ជាក់ថា ៖ «របាយការណ៍ដ៏សោកសៅ នៃ ការស្លាប់សត្វផ្សោតមួយក្បាលថ្មីនេះបានបង្កើនតួលេខសត្វផ្សោតស្លាប់សរុបក្នុងឆ្នាំ ២០២២ នេះ ដល់ចំនួនប្រាំបួន ក្បាល។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអត្រា នៃការ ស្លាប់ដ៏ខ្ពស់ដែលមិនធ្លាប់មានពីមុនសម្រាប់អំឡុងរយៈពេលបីឆ្នាំចុងក្រោយនេះ ពោលគឺសត្វផ្សោតដែលបានស្លាប់មានសរុប ចំនួន ២៧ក្បាល ចន្លោះពីឆ្នាំ ២០២០ រហូតមកដល់ដល់ ត្រឹមថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២ នេះ»។

ទាក់ទងនឹងករណីនេះដែរ នាយកអង្គការមូលនិធិសកល សម្រាប់ អភិរក្សធម្មជាតិ កម្ពុជា (WWF-កម្ពុជា) លោក សេង ទៀក បានឱ្យដឹងថា ព័ត៌មានពីការរកឃើញសត្វផ្សោតស្លាប់ នីមួយៗពិតជាធ្វើឱ្យមានភាពសោកសង្រេងខ្លាំងណាស់ ហើយ លោកសោកស្តាយខ្លាំងបំផុត។
លោកបានបញ្ជាក់ថា នៅពេលសត្វផ្សោតពេញវ័យដែល មាន សុខភាពល្អ ដូចសត្វផ្សោតមួយក្បាលនាពេលនេះ បានស្លាប់ ព្រោះវាប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធភាពនៃការបន្តពូជរបស់សត្វផ្សោតទន្លេមេគង្គដែលមានចំនួនសេសសល់តិចតួចស្រាប់។
លោកបានថ្លែងថា ៖ «យើងសូមអំពាវនាវយ៉ាងទទូចដល់ អាជ្ញាធរ ពាក់ព័ន្ធទាំងអស់ ឲ្យបង្កើនវិធានការអនុវត្តច្បាប់ បន្ថែមទៀត ដើម្បីបញ្ឈប់ឲ្យបានទាំងស្រុងនូវរាល់ សកម្មភាព នេសាទខុសច្បាប់គ្រប់ទម្រង់នៅក្នុងតំបន់អភិរក្សសត្វផ្សោត»។

លោកនាយកបានលើកឡើងទៀតថា តាមរយៈការអនុវត្តច្បាប់ ដ៏ តឹងរ៉ឹងបែបនេះ មិនត្រឹមតែអាចការពារបាននូវសត្វផ្សោត ដែល ជាបេតិកភណ្ឌជាតិ មានជីវិតរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងអាចគ្រប់គ្រងបាននូវជង្រុកត្រីធម្មជាតិដើម្បីទ្រទ្រង់ដល់សន្តិសុខស្បៀងសម្រាប់ប្រជាជនរាប់លាននាក់ទៀតផង។
លោកបញ្ជាក់ថា ៖ «ប្រសិនបើសកម្មភាពនេសាទខុសច្បាប់នៅ តែបន្តដូចបច្ចុប្បន្ន សត្វផ្សោតទន្លេមេគង្គអាចនឹងឈានទៅផុត ពូជ នៅពេលខាងមុខមិនខាន»។

សត្វផ្សោត ត្រូវបានចាត់ទុកថាជាបេតិកភណ្ឌជាតិមានជីវិត របស់ប្រទេសកម្ពុជា ហើយចំនួនរបស់វាមានត្រឹមតែប្រមាណ ៨៩ ក្បាលប៉ុណ្ណោះដែលរស់នៅក្នុងទន្លេមេគង្គចាប់ពី ខេត្តក្រចេះ ដល់ខេត្តស្ទឹងត្រែង។ នេះបើ យោងតាមជំរឿនសត្វ ផ្សោតក្នុងឆ្នាំ២០២០។ ការរស់រាន្តនៃសត្វផ្សោតទន្លេមេគង្គ ត្រូវបាន គំរាមកំហែងដោយ ការនេសាទខុសច្បាប់ក្នុងតំបន់ ការពារ និងការសាងសង់ទំនប់វារីអគ្គីសនីផ្នែកខាងលើ។ កិច្ចសហការរួមគ្នាបន្ទាន់ និងកាន់តែខ្លាំងឡើងជាងមុន គឺ ចាំបាច់ ដើម្បីរៀបចំវិធានការអភិរក្សឲ្យកាន់តែមានប្រសិទ្ធភាព ថែមទៀត ក្នុងការពារសត្វផ្សោតឲ្យជៀសផុតពីភាពវិនាស ផុតពូជ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងនាពេលកន្លងមកក្នុងយុទ្ធនាការ អន្ទ្រាក់សូន្យថា យុទ្ធនាការអន្ទាក់សូន្យនេះ មិនមែនផ្តោត តែលើអន្ទាក់នៅលើដី លើអាកាសទេ តែក៏បានផ្តោតលើអន្ទាក់ ក្នុងទឹកផងដែរ។ «ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ កុំចូលទៅ តំបន់ដែលហាមឃាត់ កន្លែងអភរិក្សសត្វផ្សោត ពីព្រោះយើង នៅសល់តែ៨៩ក្បាលទេ ប្រសិនបើវាបន្តស្លាប់ និងមានកូន កើតមិនបានច្រើននៅពេលណាមួយយើងនឹងបាត់បង់វា»។

ជារៀងរាល់ឆ្នាំ សត្វផ្សោតជាច្រើនក្បាលរកឃើញស្លាប់ដែលខ្លះ ជាប់មងប្រជានេសាទ និងខ្លះទៀតអាចមកពីការឆក់។ ដូចនេះ ត្រូវចូលរួមអភិរក្សសត្វផ្សោតកម្ពុជា និងអភិរក្សជីវៈចម្រុះផ្សេង ទៀត ដើម្បីកម្ពុជារក្សាបាននូវតម្លៃធម្មជាតិសកលសម្រាប់ ការរៀបចំបញ្ជី តំបន់អភិរក្សទាំងនេះសម្រាប់ស្នើដាក់ជា បញ្ជីត្រៀម «បេតិកភណ្ឌធម្មជាតិពិភពលោក» របស់ អង្គការយូណេស្កូ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម នេត្រ ភក្ត្រា៕
ដោយ៖នាង សុគន្ធា

ads banner