ប្រដាល់ឃីតបុកស៊ីងកម្ពុជានាំយកមេដាយ១២គ្រឿងពីការប្រកួតឃីបុកស៊ីងជើងឯកអាស៊ីនៅប្រទេសថៃ
ភ្នំពេញ៖ អត្តលិកប្រដាល់កីឡាឃីតបុកស៊ីងកម្ពុជាបានវិលត្រឡប់មកដល់កម្ពុជាវិញហើយ ដោយនាំយកមេដាយសរុប១២គ្រឿងមកជូនមាតុប្រទេសពីការប្រកួតកីឡាឃីតបុកស៊ីងជើងឯកអាស៊ីដែលរៀបចំដោយប្រទេសថៃ។
![](https://asset.ams.com.kh/central/media/2022/12/photo_2022-12-20_17-48-09-1024x768.jpg)
ថ្លែងប្រាប់អ្នកព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីតបុកស៊ីងកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការប្រកួតប្រដាល់ឃីតបុកស៊ីងជើងឯកអាស៊ី ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះនេះ មានអត្តពលិកចំនួន១៨ប្រទេសចូលរួម ក្នុងនោះកម្ពុជាដណ្តើមបានមេដាយសរុប១២គ្រឿង គឺមេដាយមាស២ មេដាយប្រាក់៥និងមេដាយសំរិទ្ធ៥គ្រឿង ខណៈដែលប្រទេសថៃម្ចាស់ផ្ទះដែលជាប្រទេសខ្លាំងទទួលបានមេដាយមាស២និងប្រាក់៤ និងប្រទេសវៀតណាមទទួលបានមេដាយមាស២និងប្រាក់២គ្រឿងទទួលបានតែកីឡាការិនីប៉ុណ្ណោះ។
![](https://asset.ams.com.kh/central/media/2022/12/photo_2022-12-20_17-48-10-1024x768.jpg)
ប្រធានសហព័ន្ធ អះអាងថា សម្រាប់ការទៅចូលរួមរបស់អត្តពលិកប្រដាល់ឃីតបុកស៊ីងកម្ពុជាក្នុងជើងឯកអាស៊ីលើកនេះ កម្ពុជាបានធ្វើឲ្យប្រទេសក្នុងតំបន់អាស៊ីជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការរីកចំរើនសមត្ថភាព ដោយកម្ពុជាអាចទម្លាក់ម្ចាស់ផ្ទះ និងប្រទេសអភិវឌ្ឍដូចជាប្រទេសអឺរ៉ង់បានឡើងទៅដណ្តើមមេដាយ។
![](https://asset.ams.com.kh/central/media/2022/12/photo_2022-12-20_17-48-11-1024x768.jpg)
ប្រធានសហព័ន្ធបានគូសបញ្ជាក់ថា លទ្ធផលត្រចះត្រង់លើសការរំពឹងទុកនេះ គឺទទួលបានពីកីឡារស់ក្នុងសន្តិភាព ដែលមានធាតុផ្សំជួយគាំទ្រទំនុកបំរ៉ុង និងគិតគូពីថ្នាក់ដឹកនាំប្រទេសសម្តេចតេជោហ៊ុន សែន និងថ្នាក់ដឹកនាំកីឡាមានភាគីគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម និងក្រសួងអប់រំយុវជននិងកីឡា ពិសេស គឺ ឯកឧត្តម តែមម៉ឺនប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែល លោកបានផ្តល់ធនធានកីឡាប្រដាល់ចែករំលែកមកសហព័ន្ធកីឡាឃីតបុកស៊ីង និងមានការផ្តល់ជូនទីតាំងហ្វឹកហាត់ព្រមទាំងទឹកភ្លើងដោយមិនគិតថ្លៃថែមទៀតផង។
![](https://asset.ams.com.kh/central/media/2022/12/photo_2022-12-20_17-48-12-1024x768.jpg)
លោក ថា ជោគជ័យទទួលបាននាពេលនេះ គឺជាក្តីសង្ឈឹមសម្រាប់ប្រដាល់ឃីតបុកស៊ីងកម្ពុជាចំពោះការប្រជែងដណ្តើមមេដាយជូនកម្ពុជា ដោយយើងអាចវាស់ស្ទង់ដឹងបាននូវចំនួនមេដាយមាស ប្រាក់ និងសំរិទ្ធ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
![](https://asset.ams.com.kh/central/media/2022/12/photo_2022-12-20_17-48-14-1024x768.jpg)
សូមបញ្ជាក់ថា ការប្រកួតប្រដាល់ឃីតបុកស៊ីងជើងឯកអាស៊ីដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះនេះ មាន១៨ប្រទេសចូលរួម ក្នុងនោះកម្ពុជាបញ្ជូនអត្តពលិកដែលជាកីឡាករកីឡាការិនីចំនួន១៧នាក់ ប៉ុន្តែប្រកួតបានតែចំនួន១៦នាក់ទេ ដោយប្រភេទទម្ងន់៤៥គីឡូក្រាមមិនមានគីឡូប្រកួត ជាលទ្ធផលកម្ពុជា ដណ្តើមបានមេដាយសរុបចំនួន១២គ្រឿង មេដាយមាស២ ប្រាក់៥ និងសំរិទ្ធ៥គ្រឿង៕ អត្ថបទ៖ ជាវ ចន្ធូ