អាជ្ញាធរមីន ប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅ កម្ពុជាគ្មាន មីន ឆ្នាំ២០២៥ សូន្យរងគ្រោះ និងសូន្យសហគមន៍គ្មាន រងផល ប៉ះពាល់់
ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរមីនបានណែនាំដល់មន្រ្តី បុគ្គលិក អាជ្ញាធរមីន ត្រូវបន្តការសហការជាមួយគ្រប់ភាគី ពាក់ព័ន្ធ ដោយយកចិត្តទុកដាក់លើការរៀបចំផែនការបោស សម្អាតមីនឱ្យអស់ដោយចាប់ផ្តើមពីភូមិមួយទៅភូមិមួយ ពី ឃុំមួយទៅឃុំមួយ ពីស្រុកមួយទៅស្រុកមួយ និងពីខេត្តមួយ ទៅខេត្តមួយ។
![](https://asset.ams.com.kh/central/media/2022/12/photo_2022-12-20_15-17-17-3-1024x682.jpg)
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បាន ថ្លែងឱ្យដឹងនាថ្ងៃទី២០ ខែធ្នូ ថា មន្រ្តីគ្រប់ជាន់ថ្នាក់ អាជ្ញាធរមីន បានប្តេជ្ញាសម្រេចនូវទស្សនវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ សូន្យរងគ្រោះ និងសូន្យសហគមន៍គ្មានរងផលប៉ះពាល់់។លោកបាន ថ្លែង ដូចនេះ ក្នុងឱកាសអញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធ ផល ការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់ អាជ្ញាធរមីន នាខេត្តសៀមរាម ដោយមានមន្រ្តីពាក់ព័ន្ធ ជាច្រើន រូបបានចូលរួម។
![](https://asset.ams.com.kh/central/media/2022/12/photo_2022-12-20_15-17-17-2-1024x682.jpg)
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ មានប្រសាសន៍ ៖ «មន្រ្តីបុគ្គលិក គ្រប់ជាន់ថ្នាក់របស់អាជ្ញាធរមីន និងសហគមន៍សកម្មភាព មីន ទាំងអស់ បន្តប្តេជ្ញាអនុវត្តសម្រេចឱ្យបាននូវទស្សនៈវិស័យ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុង គោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ សូន្យរងគ្រោះថ្នាក់ និង សូន្យសហគមន៍គ្មានរងផលប៉ះពាល់ដោយមីន និងសំណល់ ជាតិផ្ទុះពីសង្រ្គាម»។
នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំឱ្យមន្រ្តី បុគ្គលិក អាជ្ញាធរមីន សហការជាមួយគ្រប់ភាគីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់លើការរៀបចំផែនការបោសសម្អាតមីន ឱ្យអស់ដោយចាប់ផ្តើមពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅ ឃុំមួយ ពីស្រុកមួយទៅស្រុកមួយ និងពីខេត្តមួយទៅខេត្តមួយ។
![](https://asset.ams.com.kh/central/media/2022/12/photo_2022-12-20_15-17-17-4-1024x682.jpg)
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រគល់ សមរភូមិ មួយដល់អាជ្ញាធរមីន ហើយត្រូវទទួលជ័យជម្នះ ជា ដាច់ខាត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន និងសំណល់ ជាតិផ្ទុះពីសង្រ្គាម ឲ្យអស់ត្រឹមឆ្នាំ២០២៥។ ជាពិសេសសម្ដេច តេជោ ហ៊ុន សែន ចង់ឃើញផ្ទៃដីនៅសល់មីនប្រមាណ ៦៧០ គីឡូម៉ែត្រក្រឡាត្រូវតែដោះស្រាយបញ្ចប់ឱ្យអស់ពីទឹកដីកម្ពុជា។
សូមរំឮកដែរថា កាលពីថ្ងៃទី១៥ ខែឆ្នូ កន្លងទៅថ្មីៗនេះ ខេត្តត្បូងឃ្មុំដែលជាខេត្តពោរពេញដោយប្រវត្តិសាស្ត្រនៃការចាប់ផ្ដើមរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានប្រកាសជាខេត្តអស់មីន បន្ទាប់ពីខេត្តនេះ ត្រូវបាន បោសសម្អាតមីនចុងក្រោយ ក្នុងទំហំផ្ទៃដីសរុបចំនួន ៤,៦៨ គីឡូ ម៉ែត្រក្រឡា ចាប់ពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អាជ្ញាធរមីននោះដែរ ឯកឧត្តម លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន ដែលបានចូល រួមបំពេញការងារសម្រាប់សកម្មភាពមីននៅកម្ពុជាបានយ៉ាងល្អប្រសើរ ចេញពីបេះដូង ការតាំងចិត្ត ការលះបង់ និងមានឆន្ទៈ ខ្ពស់ ព្រមទាំងមានការទទួលស្គាល់ពីប្រមុខថ្នាក់ដឹកនាំ និងគ្រប់ ភាគីពាក់ព័ន្ធ ផងដែរ។
លោកថា ៖ «ការជោគជ័យរយៈពេល ៣០ឆ្នាំនៃសកម្មភាព មីន នៅកម្ពុជា គឺកើតចេញពីការចូលរួមរបស់យើងទាំងអស់គ្នា និង ជាអ្នកបង្កើតប្រវត្តិសាស្រ្តនេះសម្រាប់កម្ពុជា ក្នុងការ ដោះ ស្រាយ បញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះ»។
យោងតាមអាជ្ញាធរមីន បានបង្ហាញថា ការងារបោស សម្អាត មីនមនុស្សធម៌ គឺជាបេសកកម្មដ៏មោះមុតសម្រាប់ទាំងអស់គ្នា ហើយក៏ត្រូវបានសហគមន៍សកម្មភាពមីននៅទូទាំងពិភពលោក ចាត់ទុកថាសកម្មភាពមីន ជាសកម្មភាពមនុស្សធម៌ដ៏ ប្រពៃ បំផុតមួយ ផងដែរ។
អាជ្ញាធរមីនបន្តថា រយៈពេល ៣០ឆ្នាំ នេះ គឺជាដំណើរដ៏វែង ឆ្ងាយ នៃការបំពេញការងារយ៉ាងច្រើនអនេក ជាមួយភាព ហ្មត់ចត់ ជាមួយធូលីដី ភ្លៀង កំដៅថ្ងៃ និងប្រឈមគ្រោះថ្នាក់ បំផុត របស់ អ្នកដោះមីន ដែលពោរពេញដោយជំនាញ និង ការលះបង់កម្លាំងកាយចិត្តខ្ពស់។
ទោះបីយ៉ាងណា នេះគឺជាបេសកកម្ម និងការប្តេជ្ញាចិត្តរួមគ្នា ប្រកបដោយទឹកចិត្តសប្បុរស រវាងរាជរដ្ឋាភិបាលកម្ពុជា ប្រទេស ផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ។
សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ក្នុងពិធីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាព មីននៅកម្ពុជាដោយណែនាំឱ្យបន្តកិច្ចសហប្រតិបត្តិការគាំទ្ររបស់ដៃគូអភិវឌ្ឍ ប្រទេសជាមិត្ត វិស័យឯកជន និងសប្បុរសជន ទាំងផ្នែក បច្ចេកទេស ថវិកា និងសម្ភារ ក្នុងបេសកកម្មបោស សម្អាតមីននៅកម្ពុជាដើម្បីឈានដល់ការសម្រេចបាននូវគោលបំណងនៃផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និងការសម្រេចបានគោលដៅ «កម្ពុជាគ្មានមីន» នៅត្រឹមឆ្នាំ២០២៥។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ «ក្រសួង-ស្ថាប័ន ដែលមានគម្រោងអភិវឌ្ឍថ្នាក់ជាតិពាក់ព័ន្ធនឹងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះត្រូវសហការជាមួយអាជ្ញាធរមីន ដើម្បីកំណត់វិធីសាស្ត្របោសសម្អាតមីនសមស្រប និងមាន ប្រសិទ្ធភាព ដើម្បីធានាឱ្យបានថា ប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ អនុលោមទៅតាមបទប្បញ្ញត្តិ គុណភាព សុវត្ថិភាព និងស្តង់ដារនៃការបោសសម្អាត»។
សូមបញ្ជាក់ថា ក្នុងរយៈពេលជាង ៣០ឆ្នាំនេះ រាជរដ្ឋាភិបាល បានផ្ដល់ថវិកាជាង២០០លានដុល្លារអាមេរិក សម្រាប់ចូលរួមក្នុងការងារសកម្មភាពមីននៅកម្ពុជា ព្រមទាំងទ្រទ្រង់ដល់ដំណើរការស្ថាប័ន និងការត្រួតពិនិត្យតាមដានការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ៕ ដោយ៖ នាង សុគន្ធា