អ៊ុយក្រែននឹងបង្កើនយោធាតាមព្រំដែនជាប់បេឡារូស ខណៈ ពូទីន ធ្វើដំណើរទស្សនកិច្ចទៅក្រុងមីនស្ក៍
កៀវ៖អ៊ុយក្រែននឹងបង្កើនកម្លាំងយោធានៅតាមព្រំដែនជាប់ ប្រទេសបេឡារូស ចំពេលមានការព្រួយបារម្ភដែលថា រុស្ស៊ី អាចនឹងរួមដៃគ្នាជាមួយបេឡារូស ដើម្បីបើកការវាយប្រហារ ថ្មីលើអ៊ុយក្រែនពីព្រំដែនភាគខាងជើង។
អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក Yevhen Yenin បានប្រាប់បណ្ដាញព័ត៌មាន BBC កាលពីថ្ងៃចន្ទទី ១៩ ខែធ្នូ ថា ការបង្កើនសមត្ថភាពយោធាតាមព្រំដែនជាប់បេឡារូស នឹងរួម បញ្ជូលទាំងការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ និងគ្រឿង ផ្ទុះ។ លោកថ្លែងយ៉ាងដូច្នេះថា៖ «យើងនឹងបង្កើនខ្សែការពារ របស់ យើងនៅទូទាំងព្រំដែនជាមួយរុស្ស៊ី និងជាមួយ បេឡារូស»។
ការឱ្យដឹងរបស់លោក Yenin ធ្វើឡើងខណៈដែលប្រធានា ធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ធ្វើដំណើរទស្សនកិច្ច «ការងារ» ទៅរដ្ឋធានីមីនស្ក៍ ដោយជួបជាមួយប្រធានា ធិបតី បេឡារូស ដែលជាសម្ព័ន្ធមិត្តដ៏ប្ដូរផ្ដាច់របស់រុស្ស៊ី គឺលោក អាឡិចសាន់ឌ័រ លូកាសិនកូ (Alexander Lukashenko)។
បន្ទាប់ពីជំនួបនៅថ្ងៃចន្ទនេះ លោក ពូទីន បានអះអាងក្នុង សន្និសីទកាសែត ដោយឈរទន្ទឹមនឹងសមភាគីរបស់លោកថា បច្ចុប្បន្នយោធារុស្ស៊ីកំពុងធ្វើសមយុទ្ធយោធានៅលើទឹកដីបេឡារូស ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីការពារ សុវត្ថិភាព នៃប្រទេសទាំង២។
លោក ពូទីន បន្តថា រុស្ស៊ី និងបេឡារូស ដែលជា «សម្ព័ន្ធមិត្ត និងដៃគូយុទ្ធសាស្ត្រជិតស្និទ្ធបំផុត» នឹងបន្តកិច្ចសហប្រតិ បត្តិការ យ៉ាងជិតស្និទ្ធក្នុងវិស័យយោធា ហើយធ្វើការផ្លាស់ប្តូរ និងអភិវឌ្ឍសម្ភារៈយោធា និងសព្វាវុធជាមួយគ្នា។
មេដឹកនាំផ្ដាច់ការដដែល បានបន្ថែមទៀតថា វិធានការបែប ចាំបាច់ដោយសារតែស្ថានភាពតានតឹងនៅតាមព្រំដែនរបស់រុស្ស៊ី ក៏ដូចជាបេឡេរូស។
យ៉ាងណាមិញ ទាំងលោក ពូទីន និងលោក លូកាសិនកូ បានចៀសវាងការលើកឡើងពីបញ្ហានៅអ៊ុយក្រែនក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ខ្លួន។ ប៉ុន្តែលោក លូកាសិនកូ បាននិយាយថា បេឡារូស និងរុស្ស៊ី ស្វែងរកដំណោះស្រាយ ចំពោះ ការគំរាមកំហែងទាំងអស់ ហើយបានសម្តែងក្តីសង្ឃឹម ថាលោកខាងលិចនឹង «ស្តាប់សំឡេងហេតុផល»។ ដូច្នេះការ សន្ទនាស្តីពីសន្តិសុខអាចបន្តឡើងវិញ។
កន្លងមកក្រុងមូស្គូ និងក្រុងមីនស្ក៍ បានបង្កើតអង្គភាពយោធា រួមគ្នាមួយនៅបេឡារូស និងបានធ្វើសមយុទ្ធយោធាជាច្រើនរួម គ្នា ជាច្រើន លើក ហើយកាលពីសប្ដាហ៍មុន រុស្ស៊ីបានដាក់ ពង្រាយយន្តហោះចម្បាំងចំនួន៣គ្រឿង និងយន្តហោះចម្បាំង សម្រាប់ការបញ្ជា និងការព្រមានជាមុនពីលើអាកាស ចំនួនមួយ គ្រឿង នៅបេឡារូស។
អ្នកវិភាគមួយចំនួនបានយល់ឃើញថា ដំណើរទស្សនកិច្ច របស់លោក ពូទីន ទៅក្រុងមីនស្ក៍ គឺជាការដាក់សម្ពាធ បេឡារូសឱ្យបង្កើនការគាំទ្រផ្នែកយោធាសម្រាប់រុស្ស៊ីសម្រាប់ការឈ្លានពានអ៊ុយក្រែន។
សូមរំឭកផងដែរថា បេឡេរូសមិនបានចូលរួមដោយផ្ទាល់ ជាមួយរុស្ស៊ី ក្នុង «ប្រតិបត្តិការយោធាពិសេស» នោះទេ ប៉ុន្តែប្រទេសនេះបានផ្ដល់ទឹកដីឱ្យកងទ័ពរបស់លោក ពូទីន ប្រើជាមូលដ្ឋានដើម្បីបើកការវាយប្រហារអ៊ុយក្រែនពីភាគខាងជើង។
ជុំវិញការវិវត្តន៍ចុងក្រោយ មន្រ្តីអ៊ុយក្រែនជាច្រើនបានបង្ហាញ ការ ព្រួយបារម្ភថា រុស្ស៊ី និងបេឡេរូស អាចធ្វើការជាមួយគ្នាដើម្បី បង្កើនការវាយប្រហារប្រឆាំងនឹងអ៊ុយក្រែន ខណៈលោក លូកាសិនកូ បានអះអាងកាលពីពេលថ្មីថា ប្រទេសរបស់ លោកនឹងធ្លាក់ចូលទៅក្នុងជម្លោះនៅអ៊ុយក្រែននោះទេ។
កាលពីសប្ដាហ៍មុន ឧត្តមសេនីយកំពូលរបស់អ៊ុយក្រែន លោក Valery Zaluzhniy បានអះអាងប្រាប់អ្នកសេដ្ឋកិច្ចថា រុស្ស៊ីកំពុងរៀបចំកងទ័ពថ្មីចំនួន ២០០ ០០០ នាក់ ដើម្បី ត្រៀមការវាយលុកដ៏ធំមួយដែលអាចពីភាគខាងកើត ខាងត្បូង ឬសូម្បីតែពីបេឡារូសនាភាគខាងជើង នៅឆ្នាំក្រោយ។
ទោះយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បានច្រានចោលរាល់ការចោទប្រកាន់បែបនេះ ហើយថា ការរាយការណ៍ដែលថាក្រុងមូស្គូចង់អូសក្រុងមីនស្ក៍ចូលក្នុងជម្លោះជាមួយអ៊ុយក្រែន គឺជា «ការប្រឌិតដែលល្ងង់ខ្លៅ និងគ្មាន មូលដ្ឋាន»។
ប៉ុន្តែការច្រានចោលបែបនេះ មិនមែនជាលើកទី១នោះទេ សម្រាប់ រុស្ស៊ី ព្រោះមុនការឈ្លានពានថ្ងៃ ២៤ ខែកុម្ភៈ រុស្ស៊ី បានអះអាងថា ខ្លួនគ្មានគម្រោងឈ្លានពានអ៊ុយក្រែននោះទេ។
សូមបញ្ជាក់ថា ការជួបជំនួបរវាងលោក ពូទីន និងលោក លូកាសិនកូ នៅទីក្រុងមីនស្ក៍ ធ្វើឡើងជាលើកដំបូងរាប់ តាំងពីឆ្នាំ ២០១៩ និងធ្វើឡើងរយៈពេល ២ ម៉ោង។ លោក ពូទីន ថ្លែងក្នុងសន្និសីតកាសែតថា «សត្រូវ» ចង់បញ្ឈប់ការធ្វើ សមាហរណកម្មរវាងរុស្ស៊ី និងបេឡារូស ខណៈរុស្ស៊ីមិន អូស យក ប្រទេសណាមួយឱ្យចូលរួមជាមួយខ្លួននោះទេ។ ការលើកឡើងបែបនេះ ត្រូវបានអាមេរិកចម្អកឱ្យ ដោយលើក ឡើងពីសកម្មភាពត្របាក់ទឹកដីអ៊ុយក្រែនដោយយោធារបស់រុស្ស៊ី៕