ក្រសួងមហាផ្ទៃនឹងរៀបចំវេទិកាភាពជាដៃគូរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលលើកទី៥ នៅដើមឆ្នាំ២០២៣
ភ្នំពេញ៖ក្រសួងមហាផ្ទៃនឹងរៀបចំវេទិកាស្តីពីភាពជាដៃគូរវាង រដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលលើកទី៥នៅខែមករាឆ្នាំ២០២៣ខាងមុខដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពនិងដើម្បីលើកកម្ពស់ចំណងកិច្ចសហប្រតិបត្តិការ ក្រោយបរិបទកូវីដ១៩។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្រសួងមហាផ្ទៃនឹងរៀបចំវេទិកាស្តីពីភាពជាដៃគូរវាង រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៥ ក្នុងន័យពិនិត្យ ឡើងវិញលើវឌ្ឍភាពព្រមទាំងលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋាភិបាលជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស នៅក្រោយបរិបទជំងឺរាតត្បាតជាសាកលកូវីដ១៩ ដែលធ្វើឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ខាងមុខ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ៖ «សូមជូនដំណឹងដល់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ដែលមានបំណងចូលរួមក្នុងវេទិកានេះ សូមធ្វើការទំនាក់ទំនង និងចុះឈ្មោះនៅនាយកដ្ឋានកិច្ចការសមាគម និងគណបក្ស នយោបាយ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ (អគារ V) ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅរៀងរាល់ម៉ោងធ្វើការ»។
ជុំវិញបញ្ហានេះដែរ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋា ភិបាល កម្ពុជា លើកឡើងពីសារៈសំខាន់នៃវេទិកាភាពជាដៃគូ រវាង រដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលដែលអាចផ្តល់ការផ្លាស់ប្តូរយោបល់ និងបង្កើនភាពស្និទ្ធស្នាលគ្នាក្នុងភាពជាដៃគូ ដែល រដ្ឋាភិបាលកម្ពុជាតោងឲ្យតម្លៃដល់អង្គការសង្គមស៊ីវិល អង្គការ ក្រៅរដ្ឋាភិបាលនានាក្នុងការរួមគ្នាដើម្បីកសាងលំហលទ្ធិប្រជាធិបតេយ្យ។
ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ថា ៖ «យើងអង្គុយជជែកគ្នា ហើយរដ្ឋាភិបាលផ្តល់លទ្ធភាពឲ្យក្រុមអង្គការសង្គមស៊ីវិលប្រាប់រដ្ឋាភិបាល ថាគាត់ចង់បានអី ហើយរដ្ឋាភិបាលអាចបង្កើតអ្វី ដើម្បី ចូលរួមតាមការចង់បានរបស់សង្គមស៊ីវិល»។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះសង្កត់ធ្ងន់បន្ថែមថា ៖ «តាមរយៈវេទិកានេះជាការផ្តល់ឱកាសឲ្យសង្គមស៊ីវិលនិងរដ្ឋាភិបាលកាន់តែជិតស្និទ្ធិគ្នា ហើយអាចយល់ពីគ្នាបានកាន់តែច្បាស់ ព្រមទាំងមានទំនុកចិត្តលើកគ្នា ចៀសវាងតតាំងគ្នាដោយបែរ មុខ ដាក់គ្នា ចង្អុលមុខគ្នា ដែលមិនមែនជាឥរិយាបថ ប្រជាធិបតេយ្យ»៕ ដោយ៖ សំបាន ច័ន្ទដារ៉ា