ខេត្តកណ្តាលទទួលពានរង្វាន់ជ័យលាភីលេខ១ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
កណ្តាល៖ខេត្តកណ្តាល នឹងរៀបចំធ្វើពិធីដង្ហែពានរង្វាន់ ជ័យលាភី លេខ១ ដែលត្រូវបានទទួលស្គាល់ថាជាដែលបាន បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ឆ្នាំ២០២២ នេះ ដែលពិធីនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០២២ នេះ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំ កិច្ចប្រជុំស្ដីពីការត្រៀមរៀបចំពិធីប្រកាសទទួលស្គាល់ខេត្តកណ្ដាលទទួលបានជ័យលាភីលេខ១ ជាខេត្តបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល កាលពីថ្ងៃទី ១៩ ខែធ្នូ នាសាលប្រជុំ សាលា ខេត្តកណ្តាល។
នាកិច្ចប្រជុំនោះលោកស្រី ជី ថាវី ប្រធាមន្ទីអភិវឌ្ឍន៍ជនបទ ខេត្ត បានឱ្យដឹងថា ក្រុង/ស្រុក ទាំង១១ មាន១២៧ ឃុំ/សង្កាត់ ស្មើនឹង១០១០ភូមិនៃខេត្ត បានបញ្ចប់ការបន្ទោបង់ពាសវាល ពាសកាល១០០ភាគរយ។
លោកស្រីបានបន្ថែមថា ៖ «ចំនួនខ្នងផ្ទះ សរុបមានចំនួន ២៦៣ ៩៦៣ ហើយចំនួនខ្នងផ្ទះដែលបានប្រើបង្គន់អនាម័យ ផ្ទាល់ខ្លួន សរុប២៥១,៩៥២ ស្មើនឹង៩៥.៤ភាគរយ, ចំនួន ខ្នងផ្ទះប្រើបង្គន់អនាម័យរួមសរុប ១២,០១១ ស្មើនឹង៤.៦ ភាគរយ»។
ទន្ទឹមនឹងនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងបញ្ជាក់ឱ្យ ដឹងពីកត្តាសត្យានុម័តធំៗចំនួនបី ដែលជាកត្តាចាំបាច់បំផុត ដែលធ្វើឲ្យខេត្តកណ្តាល សម្រេចបាននូវការលើកកម្ពស់ សុខភាព អនាម័យ បរិស្ថានស្អាត ជាពិសេសគឺការសម្រេចបាន នូវការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល។
លោកថា ៖ «កត្តាសុខសន្តិភាព និងនយោបាយឈ្នះ-ឈ្នះ, កត្តាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀប រយក្នុង សង្គម ការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព ធ្វើឱ្យរដ្ឋបាលខេត្ត ពង្រឹងបានជាប្រចាំនូវយន្តការ គណៈ បញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ក្នុងការទប់ស្កាត់ បទល្មើសនានាក្នុងមូលដ្ឋាន និងជាពិសេស គឺការរក្សានូវ អនាម័យ សោភ័ណភាពល្អ និងមានបរិស្ថានល្អ»។
ឯកឧត្តម គង់ សោភ័ណ្ឌ បានបន្ថែម សម្រាប់កត្តាចុងក្រោយគឺ កត្តារីកចម្រើននូវផ្នែកសេដ្ឋកិច្ច ការអនុវត្ត គោលនយោបាយ, យុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចនានារបស់ រាជរដ្ឋាភិបាលកម្ពុជា សំដៅ ធានាសម្រេចបាននូវការអភិវឌ្ឍ ក្នុងមូលដ្ឋានទាំងសង្គម និងសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន។
សូមបញ្ជាក់ថា ខេត្តកណ្តាលជាខេត្តទី៣ដែលបានបញ្ចប់ការ បន្ទោ បង់ពាសវាលពាសកាល (ODF) ឆ្នាំ២០២២នេះ និង ធ្វើពិធីដង្ហែពាន់រង្វាន់ជ័យលាភីលេខ១ និងប្រកាសទទួល ស្គាល់ ខេត្តកណ្ដាល ទទួលបានជ័យលាភីជាខេត្តបញ្ចប់ ការ បន្ទោបង់ពាសវាលពាសកាល នៅថ្ងៃទី២២ ខែឆ្នូ នេះ។
សួមរំឮកដែរថា នាចុងខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានសម្រេចផ្តល់នូវជយលាភីលេខ ១ ទៅដល់ខេត្តស្វាយរៀង ដែលជាខេត្តទី ១ ដែលបានបញ្ចប់ការ បន្ទោ បង់ពាសវាលពាសកាលទាំងស្រុង (ODF) ១០០ ភាគរយ ដែលមានន័យថា គ្រប់ខ្នងផ្ទះទាំងអស់ គឺសុទ្ធតែមានបង្គន់ អនាម័យ ប្រើប្រាស់។
យោងតាមរបាយការណ៍អង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ ២០១៩-២០២០ ថា នៅឆ្នាំ ២០២២ អត្រាប្រជាជនមាន ប្រភពទឹកកែលម្អប្រើប្រាស់មាន ៨០ភាគរយ។ ចំណែកឯអត្រា ប្រជាជន មានបង្គន់អនាម័យកែលម្អប្រើប្រាស់មាន ៨០ ភាគរយ និងគ្រួសារប្រមាណ ៨៩ភាគរយ ប្រើប្រាស់ឧបករណ៍ ផ្សេងៗ សម្រាប់លាងសម្អាតដៃនៅក្នុងបរិវេណផ្ទះ។
ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ធ្លាប់បាន លើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការ យុទ្ធសាស្ដ្រ ជាតិ ផែនការសកម្មភាពជាតិ និងផែនការ សកម្មភាព ខេត្តដើម្បីសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ ជាតិ ប្រកបដោយចីរភាពគឺនៅឆ្នាំ ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅ តាមសហគមន៍ជនបទ មានលទ្ធភាពទទួលសេវាផ្គត់ផ្គង់ ទឹកស្អាត និងការរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យល្អ ប្រកបដោយនិរន្តរភាព៕ ដោយ៖ នាង សុគន្ធា