ប្រទេសចិនស្ថាបនារួចរាល់នូវវារីអគ្គិសនីធំជាងគេលំដាប់ទី២លើលោក ដែលចំណាយជាង២៣ពាន់លានដុល្លារ
ប៉េកាំង៖ស្ថានីយវារីអគ្គិសនីធំជាងគេទីពីររបស់ប្រទេសចិន និង ជាស្ថានីយវារីអគ្គិសនីធំជាងគេលំដាប់ទី២លើពិភពលោកផងនោះ ត្រូវបានស្ថាបនារួចរាល់ជាផ្លូវការគិតត្រឹមថ្ងៃអង្គារ ទី២០ ខែធ្នូ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV ។
CCTVផ្សាយទៀតថា ស្ថាននីយដែលស្ថិតខាងលើនៃទន្លេ យ៉ាងសេ(Yangtze)នេះនៅថ្ងៃទី២០ខែធ្នូបានភ្ជាប់អគ្គិសនីនិងចុចបូតុងដំណើរការផលិតថាមពលរបស់ខ្លួន។
ប្រភពដដែលបន្តថា រោងចក្រវារីអគ្គិសនី Baihetan បំពាក់ ដោយទួរប៊ីន 1-gigawatt (GW) ចំនួន១៦គ្រឿង ដែលធ្វើឱ្យវា ក្លាយជាម៉ាស៊ីនវារីអគ្គិសនីធំជាងគេទីពីរនៅក្នុងប្រទេសចិន និងពិភពលោក តាមពីក្រោយគម្រោង Three Gorges Project នៅលើទន្លេ Yangtze ដូចគ្នា។
CCTV បន្តថា រោងចក្រនេះត្រូវបានប៉ាន់ប្រមាណ ថាអាចបង្កើត ថាមពលអគ្គិសនីប្រមាណ ៦២.៤៤ពាន់លានគីឡូវ៉ាត់ម៉ោង (kWh) ជារៀងរាល់ឆ្នាំ ដែលអាចជួយសន្សំសំចៃធ្យូងថ្ម ប្រហែល ៩០.៤៥លានតោនក្នុងមួយឆ្នាំ និងកាត់បន្ថយ ការបញ្ចេញកាបូនឌីអុកស៊ីតប្រចាំឆ្នាំ ២៤៨.៤លានតោន។
Baihetan គឺជាស្ថានីយវារីអគ្គិសនីយក្សមួយក្នុងចំណោម ស្ថានីយវារីអគ្គិសនីយក្សចំនួនប្រាំមួយនៅតាមដងទន្លេយ៉ាងសេ ដែលជាទន្លេវែងជាងគេប្រទេសចិន។ សាជីវកម្ម Three Gorges ដែលជាអ្នកអភិវឌ្ឍន៍គម្រោងបានអះអាងថា ស្ថានីយ នេះមានទំនប់ទឹកប្រវែង២៨៩ ម៉ែត្រ ។
ចិនចាប់ផ្ដើមសាងសង់ Baihetan នៅឆ្នាំ២០១៧ ជាមួយនឹង ការវិនិយោគសរុបប៉ាន់ស្មានថាមានចំនួន ១៧០ ពាន់លានយន់ (២៤.៣៨ពាន់លានដុល្លារ)។ នេះជាគម្រោងដ៏សំខាន់មួយនៅ ក្នុងគ្រោងការបញ្ជូនថាមពលពីភាគខាងលិចទៅខាងកើតរបស់ប្រទេស។
ប្រទេសចិនកំពុងជាប់ដៃសាងសង់វារីអគ្គិសនីនៅភាគនិរតីផ្សេងទៀត បើទោះបីជាមានគ្រោះរាំងស្ងួតដ៏យូរ កំដៅកើនឡើង ខណៈដែលបរិមាណធាទឹកធ្លាក់ចុះក៏ដោយ៕ ដោយ៖ វណ្ណ ស័ក្ដិ