ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េខាងត្បូង រយៈពេល១០ខែ សម្រេចបាន ៦៥៩លានដុល្លារ
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម គូសបញ្ជាក់ថា រយៈពេល១០ខែ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េខាងត្បុង សម្រេចបាន ៦៥៩លានដុល្លារ កើនឡើងដល់៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
ជាមួយគ្នានេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ហាក់មានផលវិជ្ជមានគួរឱ្យកត់សម្គាល់ ។ក្នុងនោះមានការកើនឡើងដល់ទំហំទឹកប្រាក់ប្រមាណ ៧៧២ លានដុល្លារ ក្នុងឆ្នាំ២០២០ បើធៀបទៅនឹងឆ្នាំ២០១៩ សម្រេចបានត្រឹមតែ ៧២៩ លានដុល្លារគឺមានការកើនឡើងប្រមាណ៦ភាគរយ។ក្នុងន័យនេះដែរ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី គ្រាន់តែពីរសប្តាហ៍ក្នុងខែធ្នូ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន ០,៥ លានដុល្លារអាម៉េរិក។
ការលើកឡើងបែបនេះនៅក្នុងឱកាស ដែល ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានទទួលជួប ឯកឧត្តម PARK HEUNG-KYENONG ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដែលចប់អណត្តិ និងគណៈប្រតិភូ ដើម្បីសម្ដែងការគួសម និងជម្រាបលា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េ សំដៅបន្តកិច្ចសហប្រតិបត្តិការ ដើម្បីឈានដល់សម្រេចបាននូវសមិទ្ធិផលថ្មីៗបន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្រ្ដីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ ព្រមទាំងបានអបអរសាទរចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបំពេញបេសកកម្មដ៏ជោគជ័យនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសបានជួយសម្របសម្រួលក្នុងការចរចាឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ដែលទើបបានចូលជាធរមាននាថ្ងៃទី១ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត នូវសមិទ្ធផលនានាក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគី។ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានសង្កត់ធ្ងន់នូវការផ្តល់ជំនួយហិរញ្ញប្បទាន និងបច្ចេកទេសពីសំណាក់រដ្ឋាភិបាល និងប្រជាជនកូរ៉េក្នុងការគាំទ្រ ដល់គម្រោងអភិវឌ្ឍន៍នានា ដើម្បីជួយស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងនោះរួមមាន ការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ ។
ចំណែកឯកអគ្គរដ្ឋទូតដែលចប់អាណត្តិបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យនយោបាយ សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការផ្លាស់ប្តូរធនធានមនុស្ស។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណចំពោះកម្ពុជាដែលធ្លាប់បានផ្តល់ការគាំទ្រសាធារណរដ្ឋកូរ៉េ ជាបេក្ខភាពអគ្គនាយកអង្គការពាណិជ្ជកម្មអន្តរជាតិ កាលពីឆ្នាំ២០២១ កន្លងទៅ។ លើសពីនេះទៀត ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរ និងថ្លែងកោតសរសើរ ចំពោះភាពជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ ជាពិសេសបានកោតសរសើរចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ផ្ទាល់ដែលបានទទួលជោគជ័យក្នុងការធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលទទួលបានលទ្ធផលគួរជាទីមោទនៈ។
ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ និងមានជំនឿចិត្តថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា នឹងបង្កើនទំនុកចិត្ត និងជំរុញបន្ថែមទៀតនូវការវិនិយោគ និងធុរកិច្ចកូរ៉េ។
ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូន ឯកអគ្គរដ្ឋទូត ថាតាមរយៈច្បាប់វិនិយោគថ្មីរបស់កម្ពុជា មានការលើកទឹកចិត្តច្រើនដល់ការផលិតកែច្នៃ និងឧស្សាហកម្មយានយន្ត ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំឱ្យជួយជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគទុនកូរ៉េមកបណ្តាក់ទុនរកស៊ីលើអាជីវកម្មផលិតកែច្នៃ និងឧស្សាហកម្មយានយន្ត នៅកម្ពុជា៕ ដោយ :ង៉ាន់ ទិត្យ