សាខាកាកបាទក្រហមខេត្តព្រះសីហនុ យកអំណោយចែកជូនប្រជាពលរដ្ឋនៅស្រុកព្រៃនប់ ដែលបានរងគ្រោះដោយការវាយប្រហារនៃខ្យល់កន្ទ្រាក់
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាំយកស្បៀងទៅចែកជូនប្រជពលរដ្ឋរងគ្រោះធម្មជាតិខ្យល់កន្ទ្រាក់ ។
ឯកឧត្តម គួច ចំរើន បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការតប្រុងប្រយ័ត្ន ថែទាំសុខភាពឱ្យបានល្អចៀសផុតពីគ្រោះមហន្តរាយនានា ។ ជាមួយនេះដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងឡាយដែលបានចូលរួមបរិច្ចាគធនធានដើម្បីចាត់ចែងចែកជូនប្រជាពលរដ្ឋដែលរងគ្រោះនានា។
អភិបាស្រុកព្រៃនប់លោក អ៊ី ធារិន បានឱ្យដឹងថាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមឃុំមួយចំនួនមានគ្រោះខ្យល់កន្ទ្រាក់បោកបក់ខ្លាំងបណ្តាលឱ្យផ្ទះប្រជាជនចំនួន ១,២៦៨គ្រួសាររងការប៉ះពាល់ ខ្លះតិច ខ្លះច្រើន។ ផ្ទះខ្លះប៉ើងចំបូល ផ្ទះរលំចំនួន ១៥ខ្នងនិងបង្កឱ្យមានអ្នករងរបួសចំនួន ៣នាក់។ក្រោយកើតហេតុអាជ្ញាធរមូលដ្ឋានបានចុះទៅជួយប្រជាជនភ្លាមៗផងដែរ។
អំណោយដែលបានចែកជូនប្រជាពលរដ្ឋរងគ្រោះគ្រានេះក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ កន្ទេល១ ជែល១ដប មុង១ ភួយ១ សារុង១ ក្រម៉ា១ និងថវិកា ៥០០០០រៀល។ ដោយឡែកអ្នករងគ្រោះ រលំផ្ទះទាំងស្រុង ១៥គ្រួសារ ទទួលបាន តង់១ ប្រាក់ ១លានរៀល អ្នករងរបួស ៣នាក់ ទទួលបានប្រាក់ម្នាក់ ៥០០ ០០០រៀល៕ ខៀវ សាវ៉ុន